ទំនាស់ដីធ្លីរវាងជនជាតិភាគតិចកួយ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ជាមួយក្រុមហ៊ុនចិន ឈ្មោះ ឡាន ហ្វេង (Lan Feng) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅបានកើតមានរយៈពេលជាង ២ឆ្នាំមកហើយ។
ក្រុមប្រជាពលរដ្ឋតែងលើកគ្នារារាំងការឈូសឆាយដី និងទប់ស្កាត់មិនឲ្យរំលោភយកដីស្រែចម្ការរបស់គេជាញឹកញាប់។ ក៏ប៉ុន្តែ អាជ្ញាធរខេត្តព្រះវិហារ ហាក់មានចំណាត់ការដោះស្រាយតិចតួចទៅលើការតវ៉ាដីធ្លីនៅទីនោះ ជាងការប្រគល់អំណាចទៅឲ្យតុលាការដាក់ការគាបសង្កត់ទៅលើក្រុមអ្នកតវ៉ា និងបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល ដែលតាមការពារសិទ្ធិមនុស្សទៅវិញ។
តុលាការខេត្តព្រះវិហារ បានចេញដីកាកោះហៅបុគ្គលិកអង្គការពន្លកខ្មែរ ១រូប ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺពីបទបង្ខាំងមនុស្សខុសច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែមេសា ខាងមុខ។ ការកោះហៅនេះ ធ្វើឲ្យអង្គការពន្លកខ្មែរ និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ចាត់ទុកថា ជាការគាបសង្កត់ និងគំរាមកំហែងទៅក្រុមអ្នកការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល។
មន្ត្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ គឺលោក ប៉ិក សោភ័ណ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ថា កាលពីព្រឹកថ្ងៃដដែល គឺលោកបានទទួលដីកាកោះមួយច្បាប់របស់ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដែលហៅលោកឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺពីបទបង្ខាំងមនុស្សខុសច្បាប់។ បុគ្គលិកអង្គការពន្លកខ្មែរដដែលបញ្ជាក់ថា លោកមិនដឹងពីរឿងដែលតុលាការកោះហៅនោះ ថាខ្លួនឯងបានប្រព្រឹត្តនៅទីណាឡើយ។ លោក ប៉ិក សោភ័ណ ឲ្យដឹងថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ គឺប្រជាសហគមន៍ជនជាតិដើមភាគតិចបានលើកគ្នាទៅស្ទាក់ចាប់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ឡាន ហ្វេង ចំនួន ២គ្រឿង។ នៅពេលនោះ រូបលោក និងក្រុមការងាររបស់អង្គការក្រៅរដ្ឋាភិបាលខ្លះទៀត ក៏នាំគ្នាតាមឃ្លាំមើលសកម្មភាពឃាត់ចាប់គ្រឿងចក្រនោះដែរ។ លោក ប៉ិក សោភ័ណ យល់ថា ប្រហែលជាតុលាការចេញដីកាកោះហៅរូបលោកអំពីករណីនេះ ហើយបើតុលាការពិតជាកោះហៅជុំវិញរឿងនេះមែន គឺជាការមិនយល់អំពីតួនាទីតាមឃ្លាំមើលរបស់អង្គការក្រៅរដ្ឋាភិបាល ឬក៏ជាការគាបសង្កត់មិនឲ្យអង្គការតាមឃ្លាំមើលទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន នោះទៅទៀត៖ «គឺជារឿងខុសធ្ងន់របស់តុលាការ ហើយនិងអាជ្ញាធរខេត្ត ដែលចោទប្រកាន់មកលើសង្គមស៊ីវិលបែបនេះ ទាក់ទងនឹងគុណតម្លៃរបស់មនុស្សផង»។
ការចេញដីកាកោះហៅបុគ្គលិកអង្គការពន្លកខ្មែរ ទៅសាកសួរនោះ គឺធ្វើឡើងបន្ទាប់ពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ដដែល បានចេញដីកាកោះហៅតំណាងសហគមន៍ជនជាតិភាគតិចភូមិស្រែព្រាង និងភូមិប្រមេរ ឃុំប្រមេរ ចំនួន ៧រូបទៅសាកសួរជុំវិញសំណុំរឿងព្រហ្មទណ្ឌ កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ។
តំណាងសហគមន៍ភូមិប្រមេរ ម្នាក់ក្នុងចំណោម ៦នាក់ផ្សេងទៀតដែលតុលាការកោះហៅ គឺលោក ភូ ផេន មានប្រសាសន៍ថា ជារឿងអយុត្តិធម៌ដែលក្រុមហ៊ុនចិន បានរំលោភយកដីស្រែចម្ការ និងដើមច្បោះជ័ររបស់ប្រជាពលរដ្ឋ ប៉ុន្តែអាជ្ញាធរ និងតុលាការខេត្តព្រះវិហារ មិនបានដោះស្រាយ បែរជាប្រឹងតែកោះហៅអ្នកភូមិទៅសាកសួរតាមបណ្ដឹងរបស់ក្រុមហ៊ុនទៅវិញ៖ «ដីស្រែក៏ខ្ញុំអស់ ហើយដើមច្បោះក៏អស់ ហើយឲ្យខ្ញុំរស់នៅត្រង់ណា? ខ្ញុំមិនខ្លាចទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុកដីកាកោះហៅបុគ្គលិកអង្គការពន្លកខ្មែរ ទៅសាកសួរពីបទបង្ខាំងមនុស្សខុសច្បាប់នោះ គឺជាការប្រើអំណាចតុលាការផ្ដេសផ្ដាស ដើម្បីគំរាមកំហែង និងគាបសង្កត់មិនឲ្យអង្គការក្រៅរដ្ឋាភិបាលតាមឃ្លាំមើល ឬក៏អន្តរាគមន៍ចំពោះករណីជម្លោះដីធ្លីជាច្រើនដែលកំពុងកើតមាន។ លោក ឡោ ចាន់ អំពាវនាវដល់ស្ថាប័នអគ្គព្រះរាជអាជ្ញា មហាអយ្យការនៃសាលាឧទ្ធរណ៍ ក៏ដូចជាក្រសួងយុត្តិធម៌ គួរតែចុះធ្វើអធិការកិច្ចចំពោះមន្ត្រីតុលាការខ្លះនៅក្នុងខេត្តព្រះវិហារ ជុំវិញភាពមិនប្រក្រតីទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
