តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី ដែលកំពុងជាប់បណ្ដឹងជាច្រើននៅតុលាការ ហើយកំពុងជាប់ឃុំនៅគុកព្រៃស ត្រូវបានគេនាំខ្លួនមកតុលាការក្រុងភ្នំពេញ ដើម្បីសាកសួរលើសំណុំរឿងព្រហ្មទណ្ឌកាលពី ៤ឆ្នាំមុន។ ខណៈតុលាការសាកសួរ អ្នកស្រី ទេព វន្នី មានសហគមន៍ដីធ្លីជាច្រើននាក់ ប្រមូលផ្ដុំគ្នានៅមុខអគារតុលាការ ស្រែកទាមទារឲ្យដោះលែងតំណាងរបស់គេ។
បន្ទាប់ពីចូលបំភ្លឺលើរឿងព្រហ្មទណ្ឌ ហើយត្រូវបានមន្ត្រីពន្ធនាគារនាំខ្លួនទៅឃុំវិញ អ្នកស្រី ទេព វន្នី បានបន្សល់កំណត់ហេតុខ្លីមួយឲ្យបងស្រីរបស់ខ្លួនមកប្រាប់សារព័ត៌មានថា នេះជាលើកទីមួយហើយដែលអ្នកស្រីទទួលបានយុត្តិធម៌ពីតុលាការក្រុងភ្នំពេញ លើរឿងព្រហ្មទណ្ឌដែលរងការចោទពីបទជេរប្រមាទជាសាធារណៈ និងគំរាមថានឹងសម្លាប់ ដែលប្ដឹងដោយអតីតតំណាងអ្នកបឹងកក់ លោកស្រី លី មុំ កាលពីខែមីនា ឆ្នាំ២០១២។
ក្នុងកំណត់នោះ អ្នកស្រី ទេព វន្នី សរសេរថា ចៅក្រមស៊ើបសួរ លោក អ៊ឹម វណ្ណៈ សម្រេចមិនឃុំខ្លួនអ្នកស្រីទេ ហើយក៏មិនដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យដោយត្រូវបង្ហាញខ្លួននៅសាលាខណ្ឌដូនពេញ នោះដែរ។
បងស្រី អ្នកស្រី ទេព វន្នី គឺលោកស្រី ហួត ចាន់សុវណ្ណ ដែលទទួលបានកំណត់ហេតុនេះសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ជាថ្មីទៀតឲ្យប្អូនស្រីអ្នកស្រីលើរឿងដែលគេចោទថា បង្កហិង្សានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៖ «ក្នុងករណី លី មុំ ប្ដឹងហ្នឹង ខ្ញុំជឿថា តុលាការចៅក្រមមានភាពយុត្តិធម៌ចំពោះប្អូនស្រីខ្ញុំមែន។ ខ្ញុំសង្ឃឹមថា នឹងមានបន្តបន្ទាប់ទៀតនូវយុត្តិធម៌នឹងបន្តដល់ប្រជារាស្ត្រខ្មែរ និងបងប្អូនប្រជារាស្ត្រខ្មែរយើងទាំងអស់នឹងមានយុត្តិធម៌ទៀត»។
លោក ហម ស៊ុនរិទ្ធ ជាមេធាវីការពារក្ដី អ្នកស្រី ទេព វន្នី ឲ្យដឹងថា ថ្វីបើតុលាការសម្រេចមិនឃុំខ្លួនកូនក្ដីលោកនៅពេលក្ដី តែកូនក្ដីលោកនៅបន្តជាប់ឃុំ ដោយសារជាប់បណ្ដឹងមួយទៀតលើរឿងដែលត្រូវតុលាការចោទថា បង្កអំពើហិង្សាមុខផ្ទះលោក ហ៊ុន សែន កាលពីឆ្នាំ២០១៣។ សំណុំរឿងនេះ មេធាវីរូបបញ្ជាក់ថា ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ បិទការស៊ើបសួរហើយ រង់ចាំតែថ្ងៃបើកសវនាការ។
ខណៈតុលាការសាកសួរអ្នកស្រី ទេព វន្នី មានសហគមន៍ដីធ្លីប្រមាណ ៥០នាក់ មកពីបឹងកក់ បុរីកីឡា ជ្រោយចង្វារ និងក្រុមអតីតស្ដ្រីបឹងកក់ ប្រមូលផ្ដុំគ្នានៅមុខអគារតុលាការ ស្រែកទាមទារឲ្យដោះលែងតំណាងរបស់គេ។
ដៃកាន់រូបថតអ្នកស្រី ទេព វន្នី ឱបនៅនឹងទ្រូង លាយឡំនឹងទឹកមុខក្រៀមក្រំ ម្ដាយអ្នកស្រី ទេព វន្នី គឺលោកស្រី ស៊ី ហៀប ថ្លែងថា កូនស្រីលោកស្រីមិនប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ស្ត្រីវ័យ ៦០ឆ្នាំប្លាយរូបនេះ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្ដល់យុត្តិធម៌ឲ្យកូនស្រីគាត់ដែលកំពុងជាប់ឃុំ៖ «កុំធ្វើបាប វន្នី ដល់ថ្នាក់ហ្នឹងពេក។ វន្នី មិនដែលធ្វើបាបអ្នកណាទេ វន្នី ជាស្ត្រីទន់ខ្សោយ ហើយគេតែចោទប្រកាន់កូនខ្ញុំ ដាក់បន្ទុកលើកូនខ្ញុំហើយដាក់ទៀត មិនចេះចប់មិនចេះហើយ ដើម្បីយកកូនខ្ញុំមកដាក់គុក។ នេះជាពាក្យគេចោទប្រកាន់ទេ គ្មានភស្តុតាងពិតប្រាកដទេ ពាក្យអស់ទាំងនេះ។ សូមឲ្យតុលាការដោះលែងកូនខ្ញុំមក»។
បើទោះបីដឹងថា ស្ថានការណ៍នយោបាយមានការត្រូវរ៉ូវគ្នារវាងថ្នាក់ដឹកនាំបក្សទាំងពីរដែលបង្ហាញសញ្ញាថា អ្នកស្រី ទេព វន្នី មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប មានសេរីភាពឡើងវិញ តំណាងអ្នកបឹងកក់ អ្នកស្រី បូវ សោភា ស្នើឲ្យអ្នកនយោបាយឈប់យកអ្នកកំពុងជាប់ឃុំទាំងអស់នោះ ជាចំណាប់ខ្មាំងសម្រាប់ការដោះដូរផ្នែកនយោបាយតទៅទៀត៖ «ពិតប្រាកដហើយ! បើសិនជារឿងនយោបាយ មានការត្រូវគ្នាពីមុនមកដូចថា ពីមុនមកមានការលើកលែងទោសពីព្រះមហាក្សត្រ សម្រាប់ស្ត្រីនៅតំបន់បឹងកក់ ចំនួន ៧នាក់ដែរ ជាប់គុក ៥ខែជាង។ អ៊ីចឹង! វាជាលើកទីបីហើយ សម្រាប់អ្នកស្រី ទេព វន្នី គាត់ជាអ្នករងគ្រោះដីធ្លី ហើយជាអ្នករងគ្រោះ និងជាអ្នករងគ្រោះនៃរឿងនយោបាយ ពេលដែលគេអត់ត្រូវគ្នា គឺគេចាប់ពួកខ្ញុំមកធ្វើជាចំណាប់ខ្មាំង។ ទាំងអស់ហ្នឹងជារឿងអយុត្តិធម៌ ពួកខ្ញុំនៅតំបន់បឹងកក់»។
ក្នុងឃ្លាចុងក្រោយនៃកំណត់ត្រារបស់អ្នកស្រី ទេព វន្នី សរសេរថា អ្នកស្រីសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យអ្នកស្រីលើរឿងហិង្សាក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃខាងមុខ ក៏ដូចជាមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ៕
ទស្សនាវីដេអូ
អ្នកស្រី ទេព វន្នីអះអាងថា អ្នកស្រីទើបទទួលបានយុត្តិធម៌ពីតុលាការជាលើកទី១
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
