ការស្នើសុំនេះគឺធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការលើសំណុំរឿងនេះឡើងវិញនៅថ្ងៃទី១៧ ខែតុលា និងគ្រោងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែតុលា ខាងមុខ។
ក្រុមគ្រួសាររបស់កុមារីរងគ្រោះទាំងពីរនាក់បានបញ្ជាក់នៅថ្ងៃទី២០ ខែតុលា ថា ពួកគាត់មិនសូវមានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជាឡើយ ក្រោយពីលោក តុប ចន្ទសិរីវុឌ្ឍ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានបើកសវនាការ និងសម្រេចដោះលែងជនសង្ស័យឈ្មោះ សែម ឃ្ឌូត ព្រមទាំងជនសង្ស័យផ្សេងទៀតឲ្យរួចខ្លួន នៅក្នុងសំណុំរឿងចាប់រំលោភ រួចសម្លាប់ទៅលើកូនស្រី និងប្អូនស្រីរបស់ពួកគាត់។
អ្នកស្រី អឿន សល ជាម្ដាយបង្កើតរបស់កុមារីរងគ្រោះ អាយុ ១១ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីសង្ឃឹមថា ចៅក្រមនៃសាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ឲ្យកូនស្រីរបស់គាត់ ដោយសម្រេចផ្ដន្ទាទោសជនសង្ស័យឈ្មោះ សែម ឃ្ឌូត ព្រមទាំងបក្សពួកមិនឲ្យរួចខ្លួនដូចការសម្រេចនៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅទៀតឡើយ៖ «គេសម្រេចថា ដោះលែង ប៉ុន្តែពួកខ្ញុំអត់ព្រម ដល់ពេលអត់ព្រមទៅ បានអង្គការគេជួយទៅដល់សាលាឧទ្ធរណ៍។ ចង់ឲ្យគេរកយុត្តិធម៌ឲ្យត្រឹមត្រូវ ឲ្យបើដោះលែងមកភ័យខ្លាចគេមានគំនុំគំកួនមកលើក្រុមគ្រួសារម្ដងទៀត»។
ចំណែកឯអ្នកស្រី ផល សុភក្ដិ ត្រូវជាបងស្រីបង្កើតរបស់កុមារីរងគ្រោះមួយរូបទៀត អាយុ ១៤ឆ្នាំ បានបញ្ជាក់ថា ករណីរំលោភរួចសម្លាប់ក្មេងស្រីទាំងពីរនាក់នេះ គឺមានសាក្សី និងភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ ប៉ុន្តែតុលាការនៅតែមានភាពអល់អែកក្នុងការចោទប្រកាន់ ឬផ្ដន្ទាទោសទៅលើជនល្មើស៖ «ចុងចោទហ្នឹងឆ្លើយថា វាស្លៀកខោប៉ារ៉ា នៅកន្លែងខ្មោចងាប់ ក៏មានហោប៉ៅប៉ារ៉ាដែរ ហើយមុតក្បាលមុតអីហ្នឹង វាឆ្លើយថា មុតបន្លា អ៊ីចឹងទៅភស្តុតាងអស់ហ្នឹងវាអាចស្របដែរ។ ហើយគេថា អត់មានអ៊ីចឹងដូចវាអត់សម។ គេប្រកាសដោះលែងក្រៅឃុំកាលហ្នឹង ដល់ពេលអ៊ីចឹងទៅបានគេឲ្យប្ដឹងតទៀត បានទៅដល់ភ្នំពេញ។ ភ្នំពេញហ្នឹង សាមុនម្ដងគេប្រកាសលែងដែរ ខ្ញុំអត់សុខចិត្ត ខ្ញុំឲ្យប្ដឹងទៅកំពូល ដល់ពេលអ៊ីចឹងបានជាប់ទៅម្ដងទៀតទៅ»។
ក្រុមគ្រួសាររបស់កុមារីរងគ្រោះបានឲ្យដឹងថា កុមារីទាំងពីរនាក់រស់នៅផ្ទះក្បែរគ្នា ស្ថិតនៅឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបាត់ខ្លួននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩។ ១ថ្ងៃក្រោយពីការបាត់ខ្លួន សាកសពក្មេងស្រីទាំងពីរ ត្រូវបានគេប្រទះឃើញជនល្មើសចងកជាប់គ្នាដោយកន្ទុយខ្សែតែមួយនៅលើដើមផ្ចឹក ១ដើម កម្ពស់ប្រហែលជា ១ម៉ែត្រពីដី នៅលើភ្នំមួយឈ្មោះ ប៉ិល ប៉ក់ ដែលមានចម្ងាយប្រមាណជា ៩គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ។ ក្រោយពីព្រឹត្តិការណ៍នោះ ជនសង្ស័យឈ្មោះ សែម ឃ្ឌូត ត្រូវបានចាប់ខ្លួន និងឈ្មោះ ទូច រុណ បានរត់គេចខ្លួន ក្នុងនោះក៏មានជនសង្ស័យម្នាក់ទៀតឈ្មោះ ហម សុធា ដែលអះអាងថា ខ្លួនជាសាក្សីម្នាក់ក្នុងសំណុំរឿងនេះ ក៏ត្រូវបានតុលាការឃុំខ្លួនដែរ។
ព្រះរាជអាជ្ញាតុលាការសាលាឧទ្ធរណ៍ លោក តាន់ ស៊ីណារ៉ុង មានប្រសាសន៍ថា នៅថ្ងៃទី១៧ ខែតុលា គឺជាវេនរបស់លោកដែលត្រូវជំនុំជម្រះរឿងក្ដី ក៏ប៉ុន្តែដោយសារតែលោកជាប់កិច្ចប្រជុំមួយនៅខេត្តព្រះសីហនុ លោកបានផ្ទេរការងារនេះទៅចៅក្រមផ្សេងជំនួសវិញ។ ដូច្នេះលោកមិនបានជ្រាបច្បាស់នូវដំណើរការជំនុំជម្រះយ៉ាងណានៅឡើយទេ។
លោក តាន់ ស៊ីណារ៉ុង៖ «ចាំមើលខ្ញុំ check (ពិនិត្យ) នៅថ្ងៃល្ងាចនេះ ខ្ញុំទៅកន្លែងមើលបន្លិច តើព្រះរាជអាជ្ញាណាជម្រះ។ ប្រសិនបើមានការរំលោភយ៉ាងឃោរឃៅទៅលើកុមារីអ៊ីចឹងមែន គឺថា ចៅក្រមនឹងផ្ដន្ទាទោសមិនអាចបន្ធូរបន្ថយទៀតទេ»។
ប្រធានផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៣ អង្គការសិទ្ធិមនុស្សលីកាដូ បានទទួលករណីរំលោភសេពសន្ថវៈ រួចសម្លាប់ចំនួន ៩ករណី ក្នុងនោះមានជនរងគ្រោះស្ទើរតែ ៧០ភាគរយ គឺជាអនីតិជន៖ «ប្រព័ន្ធតុលាការយើងមានការរិះគន់តាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អ៊ីចឹងយើងសង្ឃឹមថា សាលាឧទ្ធរណ៍នេះនឹងធ្វើការពិចារណាដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ជាពិសេសយើងឃើញថា អតីតព្រះរាជអាជ្ញាដែលកាន់រឿងរបស់គាត់ហ្នឹង ក៏ជាប់ពិរុទ្ធពីបទពុករលួយហ្នឹងដែរ»។
លោក អំ សំអាត បញ្ជាក់ថា តាមការអង្កេតរបស់របស់អង្គការលីកាដូ ទៅលើករណីរំលោភសេពសន្ថវៈពីមួយឆ្នាំទៅមួយឆ្នាំ គឺពុំមានសញ្ញាណាមួយថយចុះនោះទេ ពោលគឺមានតែតួលេខកើនឡើង ឬប្រហាក់ប្រហែលជាមួយតួលេខប្រចាំឆ្នាំ ដែលខាងលោកទទួលបានពី ១៤ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
