ជម្លោះទាមទារដីទួលសុវត្ថិភាពទំហំ ២០០ហិកតាររបស់ប្រជាពលរដ្ឋភូមិថ្មី ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Hoang Ann LumPhat) ឈានដល់ការការប្រើប្រាស់តុលាការ ដើម្បីរកដំណោះស្រាយ ដោយសារតែតំណាងដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ត បានដាក់ពាក្យប្ដឹងប្រជាពលរដ្ឋទៅស្ថាប័នអយ្យការ។
តំណាងប្រជាពលរដ្ឋប្រមាណ ៥០នាក់ រស់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី អមដំណើរសកម្មជន ៤នាក់ ដែលតវ៉ាទាមទារដីទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្នាក់នៅគ្រាមានទឹកជំនន់ ចូលខ្លួនមកតុលាការខេត្តនៅថ្ងៃទី១២ ខែមិថុនា ដើម្បីបំភ្លឺការចោទប្រកាន់ថា អ្នកភូមិរំលោភដីក្រុមហ៊ុន។
មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ បានដាក់ពាក្យប្ដឹងតំណាងប្រជាពលរដ្ឋភូមិថ្មី ចំនួន ៤នាក់ពីបទដឹកនាំអ្នកភូមិចូលទៅបោះបង្គោលហ៊ុមព័ទ្ធដី ដែលក្រុមហ៊ុនបានឈូសឆាយក្នុងគម្រោងដីសម្បទានដែលក្រសួងបរិស្ថាន បានផ្តល់ទៅឲ្យក្រុមហ៊ុន ហ័ង អាញ់។
តំណាងអយ្យការតុលាការខេត្តរតនគិរី បានចេញដីកាបួនផ្សេងគ្នា កោះហៅតំណាងអ្នកភូមិរួមមាន ឈ្មោះ រឿន សាយ ជីម អឿន សាយ ថៃ ពេញ បុណ្ណាត ឲ្យចូលខ្លួនមកបំភ្លឺការចោទប្រកាន់នៅរសៀលថ្ងៃទី១២ ខែមិថុនា។
តំណាងប្រជាពលរដ្ឋមួយរូបដែលតុលាការកោះហៅ លោក រឿន សាយ មានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលអ្នកភូមិចូលទៅបោះបង្គោលរបងហ៊ុមព័ទ្ធដី គឺដោយសារតែក្រុមហ៊ុនមិនគោរពកិច្ចសន្យាដោះស្រាយសំណើសុំកាត់ដី ២០០ហិកតារក្នុងដីសម្បទាន សម្រាប់ទីទួលសុវត្ថិភាពដែលធ្វើឡើងក្នុងកិច្ចសម្របសម្រួលមួយ រៀបចំឡើងដោយអាជ្ញាធរស្រុក រួមជាមួយបេសកជនតំណាងរាជរដ្ឋាភិបាល។ លោកបន្តថា ក្រុមហ៊ុនបានធ្វើការឈូសឆាយដី ដោយមិនបានជូនដំណឹងមកប្រជាពលរដ្ឋពីការឆ្លើយតបរបស់ក្រុមហ៊ុន ទើបប្រជាពលរដ្ឋនាំគ្នាទៅបោះបង្គោលកំណត់ដីទួលសុវត្ថិភាព កុំឲ្យក្រុមហ៊ុនឈូសឆាយយកបន្ថែមទៀត៖ «យើងអត់មានខុសអ្វីផង លី ធុច គាត់ចុះមកមួយសាហើយ គាត់ថាទុកដីនេះជា ស មិនទាន់បានដោះស្រាយគ្នាហ្នឹង កុំឲ្យក្រុមហ៊ុនឈូស ខាងប្រជាជនក៏កុំអាលធ្វើស្អី ចូលឆ្នាំចិន គាត់ថាចុះមកដោះ។ ឃើញក្រុមហ៊ុនមកឈូស ប្រជាពលរដ្ឋទៅទប់ស្កាត់ដាក់បង្គោលរបងទៅណា»។
កាលពីពាក់កណ្ដាលខែកុម្ភៈ ទេសរដ្ឋមន្ត្រីបេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច រួមជាមួយមន្ត្រីពាក់ព័ន្ធអាជ្ញាធរខេត្តរតនគិរី បានទទួលកិច្ចស្វាគមន៍ពីប្រជាពលរដ្ឋភូមិថ្មី និងភូមិស្រែឈូក ក្នុងឃុំជ័យឧត្ដម បន្ទាប់ពីលោកបានសម្របសម្រួលឲ្យក្រុមហ៊ុនទទួលយករូបមន្តស្បែកខ្លា។ គ្រានោះ ភាគីក្រុមហ៊ុនបានទទួលយកសំណូមពរនេះទៅសុំការសម្រេចពីតំណាងក្រុមហ៊ុននៅប្រទេសវៀតណាម។ ចំណែកមន្ត្រីស្ថាប័នពាក់ព័ន្ធ សន្យារួមចំណែកបំពេញលិខិតស្នាមបែបបទទាក់ទិនគម្រោងកាត់ចេញដីមានផលប៉ះពាល់ប្រជាពលរដ្ឋ ជូនក្រុមហ៊ុនវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយភាពជោគជ័យទាំងអស់គ្នា។
តំណាងអ្នកភូមិមួយរូបទៀត គឺលោក សាម ខៃ កត់សម្គាល់ថា រហូតមកទល់នឹងខែមេសា អ្នកភូមិមិនបានទទួលដំណឹងពីការសន្យានោះទេ។ ចំណែកក្រុមហ៊ុន ចាប់ផ្ដើមឈូសឆាយដីទីទួលដែលអ្នកភូមិស្នើសុំ។ លោកបន្តថា ទឹកជំនន់ទន្លេស្រែពក ជន់លិចភូមិរាល់ឆ្នាំ ហេតុនេះប្រសិនគ្មានទួលសុវត្ថិភាពទេ អ្នកភូមិមិនមានកន្លែងជម្លៀសទ្រព្យសម្បត្តិ គោក្របី គេចចេញពីទឹកជំនន់នោះឡើយ៖ «ដីកាកោះតែបួននាក់ទេ ប៉ុន្តែពួកខ្ញុំមកនេះតំណាងប្រជាពលរដ្ឋទៅ។ ដីនោះមិនមែនដីឯកជនអ្នកណាទេ ដីរួមមួយភូមិ ហើយហៅតែគាត់បួននាក់»។
ក្រសួងបរិស្ថាន បានផ្តល់ដីសម្បទានជាង ៨ពាន់ហិកតារទៅឲ្យក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ក្នុងដែនជម្រកសត្វព្រៃលំផាត់ កាលពីឆ្នាំ២០១៣ បន្ទាប់មកក្រុមហ៊ុននេះបានផ្ទេរសិទ្ធិធ្វើអាជីវកម្មដីសម្បទានទៅឲ្យក្រុមហ៊ុន ហ័ង អាញ់ លំផាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋពីរភូមិរស់នៅតំបន់នោះ បានធ្វើការតវ៉ាទាមទារដីជាង ១ពាន់ហិកតារជាដីត្រៀមបម្រុងអ្នកភូមិប្រើប្រាស់។ កន្លងទៅនេះ ក្រុមហ៊ុនបានកាត់ចេញដីមានផលប៉ះពាល់អ្នកភូមិជាង ៧០០ហិកតារ ក៏ប៉ុន្តែដីនោះគ្មានទីទួល។
ប្រធានភូមិថ្មី លោក ណា ប៊ុនវៃ រៀបរាប់ថា អ្នកភូមិត្រូវការដីទួលដែលក្រុមហ៊ុនឈូសឆាយយក ពីព្រោះលំនៅឋានរបស់ពលរដ្ឋ គឺនៅតាមមាត់ទន្លេ ត្រូវប្រឈមទៅនឹងគ្រោះទឹកជំនន់ ហេតុនេះអ្នកភូមិត្រូវការដីទួលប្រមាណ ២០០ហិកតារបន្ថែមទៀតសម្រាប់ជម្លៀសក្រុមគ្រួសារសត្វពាហនៈពេលទឹកជន់លិចភូមិ៖ «ម្តុំនោះ គឺម្តុំទួលសុវត្ថិភាពប្រជាពលរដ្ឋត្រូវការខែវស្សា ជម្លៀសទៅកន្លែងទួលហ្នឹង ហើយអ៊ីចឹងបានជាប្រជាពលរដ្ឋមិនឲ្យទេ»។
ទាក់ទិនការកោះហៅតំណាងប្រជាពលរដ្ឋនេះ ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា បញ្ជាក់ថា នេះជានីតិវិធីកោះហៅចុងចោទមកសាកសួរតាមពាក្យប្ដឹងរបស់មន្ត្រីដែនជម្រកសត្វព្រៃលំផាត់ ដើម្បីអង្កេតបឋមរឿងក្តីនេះ៖ «បញ្ហាដីធ្លីខ្ញុំក៏ពិនិត្យទៅក៏មិនទាន់ឃើញមានបទល្មើសអង្គហេតុណាមួយទេ គ្រាន់តែគេប្ដឹងយើងហៅមកសាកសួរតែប៉ុណ្ណឹង»។
ជុំវិញរឿងក្តីនេះដែរ អតីតអភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានស្រុក និងខេត្ត កំពុងសម្របសម្រួលរកដំណោះស្រាយសន្តិភាពរវាងពលរដ្ឋ។ លោកបន្តថា ការសម្របសម្រួលនេះ កើតឡើងក្រោយពេលមន្ត្រីដែនជម្រកសត្វព្រៃដាក់ពាក្យប្ដឹងប្រជាពលរដ្ឋ ហេតុនេះការកោះហៅប្រជាពលរដ្ឋជានីតិវិធីរបស់តុលាការ។ លោកបន្តថា អាជ្ញាធរនឹងសម្របសម្រួលសុំឲ្យភាគីពាក់ព័ន្ធ ដកពាក្យប្ដឹងចេញ ប្រសិនការសម្របសម្រួលបានលទ្ធផលល្អ៖ «ឥឡូវដឹងព័ត៌មាននេះហើយ ខ្ញុំនឹងឲ្យដកពាក្យបណ្ដឹងហ្នឹងវិញ ព្រោះយើងបានធ្វើសន្តិវិធីជាមួយគ្នាអស់ហើយ»។
យ៉ាងណា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) លោក ឆាយ ធី ចាត់ទុកការប្រើយន្តការប្ដឹងប្រជាពលរដ្ឋតាមផ្លូវតុលាការ ថាជាចេតនាបំភិតបំភ័យស្មារតីប្រជាពលរដ្ឋកុំឲ្យតវ៉ា។ លោកថា ការទាមទារទីទួលសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាហេតុផលត្រឹមត្រូវស្របតាមគោលនយោបាយកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទាន ហេតុនេះការប្រើយន្តការតុលាការមិនអាចធ្វើឲ្យដំណោះស្រាយបានប្រសើរឡើយ៖ «គួរងាកមកដោះស្រាយតាមរយៈឯកឧត្តម លី ធុច ដែលគាត់បានចុះមកមួយសាហើយ ក្នុងនោះក៏មានគ្រប់មន្ទីរពាក់ព័ន្ធ។ ការដោះស្រាយបែបនេះ វានឹងធ្វើឲ្យប្រសើរឡើងវិញ ព្រោះប្រជាពលរដ្ឋគាត់ធ្លាប់ជួបជាមួយក្រុមហ៊ុន និងឯកឧត្តម លី ធុច ម្តងរួចហើយ»។
យ៉ាងណាក៏ដោយ ទេសរដ្ឋមន្ត្រីបេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច ថ្លែងថា រាជរដ្ឋាភិបាលនៅតែមានយន្តការដោះស្រាយបញ្ហាស្នើសុំដីទួលសុវត្ថិភាពនេះជូនពលរដ្ឋ តាមរយៈក្រសួងបរិស្ថាន ដើម្បីផ្តល់ដី ២០០ហិកតារ ជំនួសដីកាត់ជូនប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុន។ លោកបន្តថា ការប្ដឹងប្រជាពលរដ្ឋតាមផ្លូវតុលាការនេះ លោកនឹងទាក់ទងជាមួយសាមីដើមបណ្ដឹង ដើម្បីពិនិត្យមើលរឿងមួយនេះ៖ «ខ្ញុំកំពុងរៀបចំសំបុត្រមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីឲ្យកាត់ដោះដូរដី ២០០ហិកតារជូនប្រជាពលរដ្ឋ។ យើងជូនដីរដ្ឋដែលនៅជាប់នឹងក្រុមហ៊ុន ឲ្យក្រុមហ៊ុនវិញ មន្ទីរបរិស្ថានប្រាប់ខ្ញុំថាមានដីទំនេរដែរ។ ខាងក្រុមហ៊ុនក៏គេឯកភាពធ្វើការផ្លាស់ប្ដូរនេះដែរ»។
រហូតមកទល់នឹងម៉ោង ៥រសៀលថ្ងៃដដែលនេះ តំណាងអ្នកភូមិទាំង ៤នាក់ បានចូលបំភ្លឺចំពោះមន្ត្រីអយ្យការគ្រប់ៗគ្នា និងមិនមានការឃាត់ខ្លួននរណាម្នាក់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។