ប្រជាពលរដ្ឋភូមិប៉ាអរ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី ប្រមាណ ២០នាក់ប្រមូលផ្តុំគ្នានៅមុខតុលាការខេត្ត តាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរ ជុំវិញបណ្ដឹងចោទប្រកាន់អ្នកភូមិ និងមន្ត្រីមូលដ្ឋាន ថាគំរាមកំហែង និងរំលោភសិទ្ធិកាន់កាប់អចលនទ្រព្យអ្នកដទៃ។
ចំណែកសហគមន៍អះអាងតបវិញថា ពាក្យប្ដឹងនេះមិនត្រឹមត្រូវទេ ពីព្រោះដីនោះជាដីចម្ការវិលជុំរបស់សហគមន៍ ក៏ប៉ុន្តែដើមបណ្ដឹងបានទិញដីនោះពីភូមិជិតខាងដោយខុសច្បាប់។
ប៉ូលិសជិត ១០នាក់ ត្រូវបានបញ្ជូនឲ្យការពារសុវត្ថិភាពក្នុងបរិវេណតុលាការខេត្តរតនគិរី ខណៈប្រជាពលរដ្ឋប្រមាណ ២០នាក់ បានប្រមូលផ្តុំនៅមុខតុលាការ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ។
មិនមានបាតុភាព ឬអំពើហិង្សាអ្វីកើតឡើងនោះទេ ដោយសារតំណាងសហគមន៍ត្រូវបានមន្ត្រីតុលាការចេញមកជួប ហើយប្រាប់ពីការពន្យារពេលកោះហៅប្រជាពលរដ្ឋមកសាកសួរក្នុងរឿងក្តី ចោទប្រកាន់អ្នកភូមិ និងមន្ត្រីមូលដ្ឋានទៅចុងខែមករា ឆ្នាំ២០១៦ វិញ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី បានចេញដីកាកោះហៅប្រជាពលរដ្ឋភូមិប៉ាអរ ១១នាក់ រួមទាំងប្រធានភូមិ និងជំទប់ទីពីរឃុំកិះចុង ឲ្យចូលខ្លួនបំភ្លឺនៅតុលាការនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែធ្នូ ក្នុងរឿងក្តីចោទប្រកាន់ពីម្ចាស់ក្រុមហ៊ុនឯកជនមួយរូប គឺលោក លី សុខគីម ដែលបានប្ដឹងកាលពីឆ្នាំ២០១៣ ថាអ្នកភូមិបានគំរាមកំហែង និងរំលោភកាន់កាប់អចលនទ្រព្យរបស់ខ្លួន។ ករណីនេះ មន្ត្រីអយ្យការ បានចេញដីកាចោទប្រកាន់អ្នកភូមិ ១១នាក់ ហើយបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរអនុវត្តនីតិវិធីបន្ត។
តំណាងអ្នកភូមិ លោក ក្វះ ទីវ បដិសេធការចោទប្រកាន់នេះ ហើយអះអាងថា ដីដែលមានទំនាស់ជាដីចម្ការវិលជុំរបស់សហគមន៍ភូមិប៉ាអរ កាន់កាប់តាមប្រពៃណីជនជាតិដើមភាគតិច ក៏ប៉ុន្តែជនជាតិដើមភាគតិចភូមិលើហន់ មានភូមិសាស្ត្រជាប់គ្នានោះ សំអាងថា ជាដីដូនតារបស់ពួកគេ ហើយបានលក់ដីនោះទៅឲ្យប្រជាពលរដ្ឋខាងក្រៅសហគមន៍ ទើបអ្នកភូមិធ្វើការតវ៉ា និងបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយដោះស្រាយ។ លោកបន្តថា រហូតបច្ចុប្បន្ន ពាក្យប្ដឹងតវ៉ារបស់អ្នកភូមិ មិនទាន់មានស្ថាប័នណាដោះស្រាយនៅឡើយ ក៏ប៉ុន្តែបែរជាមន្ត្រីតុលាការ ចាត់ការពាក្យប្ដឹងរបស់អ្នកទិញ ហើយចោទប្រជាពលរដ្ឋក្នុងរឿងព្រហ្មទណ្ឌទៅវិញ៖ «ភ័យខ្លាចណាស់ដែរហ្នឹង មិនដឹងសភាពការណ៍គេធ្វើម៉េច មិនដឹងគេឃុំខ្លួន ឬគេចង់សួរចម្លើយដោយពិតប្រាកដ។ តុលាការគេថាថ្ងៃ២៥ ថ្ងៃ២៦ ខែមករា ឲ្យមកជួបទៀតមកម្តង ៤នាក់»។
សហគមន៍ភូមិប៉ាអរ ឲ្យដឹងថា ដីដែលមានទំនាស់មានទំហំជាង ១០០ហិកតារ។ បច្ចុប្បន្ន ដីនេះឋិតក្នុងការប្រទាញប្រទង់រវាងសហគមន៍ និងសហគមន៍ គឺអ្នកភូមិកាន់កាប់ចំណែកដីភាគច្រើន ចំណែកភាគីក្រុមហ៊ុន កាន់កាប់ដីតិចតួច។ ចំណែកមន្ត្រីក្រុមប្រឹក្សាឃុំ គឺជាអ្នកចុះហត្ថលេខាលើឯកសារផ្ទេរដីពីសហគមន៍ភូមិលើហន់ និងអ្នកទិញដី។
តំណាងអ្នកទិញដី លោក ចាន់ ពុំ បដិសេធមិនអធិប្បាយរឿងវិវាទដីនេះទេ នៅថ្ងៃទី២៣ ខែធ្នូ។
រីឯជំទប់ទីពីរឃុំកិះចុង លោក រចំ ភឿន មានប្រសាសន៍បញ្ជាក់ថា លោកក៏ត្រូវជាប់ចោទក្នុងរឿងក្តីចោទប្រកាន់នេះដែរ ក៏ប៉ុន្តែលោកថា ការលក់ទិញដីនេះ ធ្វើឡើងមិនត្រឹមត្រូវតាមច្បាប់ឡើយ។ លើសពីនេះទៀត លោកបញ្ជាក់ថា ដីដូនតាដែលអ្នកភូមិលើហន់ យកជាសំអាងដើម្បីលក់ដី គឺមិនអនុលោមតាមច្បាប់ឡើយ៖ «គេបំពានលើច្បាប់ ខ្ញុំសំណូមពរឲ្យគ្រប់ស្ថាប័ន ឬសម្ដេចតេជោ ហ៊ុន សែន អន្តរាគមន៍ឲ្យប្រគល់ដីឲ្យប្រជាពលរដ្ឋវិញ»។
ទាក់ទិនរឿងក្តីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) លោក ឆាយ ធី មានប្រសាសន៍ថា តុលាការគួរស៊ើបអង្កេតរកអត្តសញ្ញាណម្ចាស់ដីពិតប្រាកដសិន មុននឹងសម្រេចចោទប្រកាន់អ្នកភូមិពីបទព្រហ្មទណ្ឌ ពីព្រោះរឿងក្តីនេះទាក់ទិនទៅនឹងជម្លោះដីធ្លីដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ។ លោកថា ជម្លោះដីធ្លីនៅភូមិប៉ាអរ នេះ អ្នកភូមិម្នាក់ត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារ ហើយត្រូវបានដោះលែងវិញ ដោយសារអ្នកភូមិនោះបានយល់ព្រមប្រគល់ដីទៅឲ្យក្រុមហ៊ុន។ ការយល់ព្រមប្រគល់ដីនេះ ធ្វើឲ្យសហគមន៍ភូមិប៉ាអរ ភាគច្រើនប្រឆាំងមិនព្រមប្រគល់ដីនោះឡើយ៖ «ប្រជាពលរដ្ឋគាត់ភ័យខ្លាចដោយសារតុលាការកោះហៅពួកគាត់ជាបន្តបន្ទាប់ ដំណោះស្រាយរឿងដីធ្លីដែលមិនមានម្ចាស់កម្មសិទ្ធិពិតប្រាកដ គួរតែវិលត្រឡប់មកដោះស្រាយថ្នាក់មូលដ្ឋានវិញ»។
យ៉ាងណាក៏ដោយ តំណាងប្រជាពលរដ្ឋភូមិប៉ាអរ អះអាងថា ពួកគេនឹងចូលបំភ្លឺរឿងក្តីនេះតាមការកោះហៅរបស់តុលាការ បើទោះជាអាចប្រឈមនឹងការចាប់ខ្លួនយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
