សមាជិកសហគមន៍ជនជាតិដើមភាគតិច ៨នាក់ រស់នៅភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានមន្ត្រីអយ្យការអមតុលាការខេត្តរតនគិរី ចេញដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺទាក់ទិនពាក្យបណ្ដឹងចោទថា ពួកគេបានដឹកនាំអ្នកភូមិទៅកាប់បំផ្លាញដើមកាហ្វេហើយនាំគ្នាចូលទៅកាន់កាប់ដីដែលមានប័ណ្ណកម្មសិទ្ធិចំនួន ២០ហិកតាររបស់ពលរដ្ឋខ្មែរ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចភូមិសោមត្រកចាស់ ៨នាក់ បានផ្ដិតមេដៃទទួលយកដីកាកោះហៅរបស់មន្ត្រីអយ្យការរួចហើយ ក៏ប៉ុន្តែពួកគេថា គ្មានមធ្យោបាយចូលខ្លួនទៅបំភ្លឺនៅតុលាការបានទេ។
សមាជិកសហគមន៍ជនជាតិដើមភាគតិចភូមិសោមត្រកចាស់ មួយរូប គឺលោក យូន សែន បញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ថា ពួកគេនឹងមិនចូលខ្លួនទៅបំភ្លឺតាមដីកាកោះនោះទេ ពីព្រោះអ្នកខ្លះគ្មានមធ្យោបាយធ្វើដំណើរទៅកាន់ការិយាល័យមន្ត្រីអយ្យការបាន។ លោកថា បានសំណូមពរតាមរយៈមន្ត្រីប៉ូលិសសុំឲ្យតុលាការកោះហៅពួកគេចូលទៅបំភ្លឺនៅថ្ងៃតែមួយដើម្បីងាយស្រួលប្រើមធ្យោបាយធ្វើដំណើររួមគ្នា៖ «សំណូមពរឲ្យគេដាក់ថ្ងៃតែមួយ»។
មន្ត្រីអយ្យការអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែមិថុនា បានចេញដីកាចំនួន ៨ កោះហៅឈ្មោះ យូន សែន រម៉ាស ភក្រ រម៉ាស់ ព្រិល សេវ តែន សល់ ជិ សេវ ពុញ សេវ ហ្លែវ និង សេវ ប៉ញ។
អ្នកទាំង៨ ត្រូវចូលខ្លួនទៅការិយាល័យមន្ត្រីអយ្យការខេត្តរតនគិរី ម្ដងពីរនាក់ គឺនៅថ្ងៃទី១ ថ្ងៃទី៤ ថ្ងៃទី៦ និងថ្ងៃទី៨ ខែកក្កដា។
ឆ្លើយតបការស្នើសុំនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក ម៉ម វណ្ណដា បញ្ជាក់ថា លោកបានទទួលព័ត៌មាននេះពីមន្ត្រីប៉ូលិសដែលប្រគល់ដីកាជូនសហគមន៍ទាំង ៨នាក់ ក៏ប៉ុន្តែនីតិវិធីកោះហៅមកសាកសួររបស់មន្ត្រីអយ្យការមិនអាចធ្វើតាមសំណូមពរអ្នកភូមិបានឡើយ។ លើសពីនោះទៀត ប្រសិនអ្នកភូមិខកខានមិនបានចូលខ្លួនតាមដីកានេះ មន្ត្រីអយ្យការនឹងអនុវត្តនីតិវិធីផ្លូវច្បាប់ចំពោះការមិនចូលខ្លួននេះ៖ «គាត់មិនមកអាហ្នឹងរឿងគាត់ គាត់ខាតប្រយោជន៍គាត់។ សំខាន់កាលណាមានបទល្មើសព្រហ្មទណ្ឌមួយកើតឡើង ការស្វែងរកភស្តុតាង បើគាត់មិនមកក៏ខ្ញុំអាចស្វែងរកភស្តុតាងបានដែរ។ យើងមាននីតិវិធីផ្ដន្ទាទោសជនជាប់ចោទដែលអវត្តមានក្នុងសវនាការបាន ដែរ»។
ដើមបណ្ដឹងឈ្មោះ នូ លី តំណាងឲ្យឈ្មោះ សាន ចាន់នី ជាម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដី ២០ហិកតារអះអាងថា អ្នកភូមិមួយក្រុមបាននាំគ្នាទៅកាប់ដើមកាហ្វេនៅចម្ការរបស់លោកចោល ហើយនាំគ្នាវាស់វែងដីចែកគ្នាដាំដំឡូង បើទោះមន្ត្រីភូមិឃុំហាមឃាត់ និងណែនាំថា ចម្ការកាហ្វេនោះមានម្ចាស់ និងមានប័ណ្ណកម្មសិទ្ធិរួចហើយក្ដី។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា អ្នកភូមិគួរតែចូលទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ លោកកត់សំគាល់ថា ការចូលទៅកាប់បំផ្លាញ និងកាន់កាប់ដីមានម្ចាស់ និងមានប័ណ្ណកម្មសិទ្ធិគឺជាប្រការខុសឆ្គង៖ «យ៉ាងហោចណាស់សហគមន៍ហ្នឹងគាត់មានអង្គការច្រើនសម្រាប់ប្រឹក្សា យោបល់ សម្រាប់ជួយពួកគាត់តាមផ្លូវច្បាប់ អ៊ីចឹងគាត់អាចរកអង្គការណាដែលគាំទ្រការពារសិទ្ធិជនជាតិដើមភាគ តិច»។
កាលពីខែដើមខែមិថុនា ចៅក្រមតុលាការខេត្តរតនគិរី លោក គង់ តាំងម៉េង បានដឹកនាំកងនគរបាល និងកងរាជអាវុធហត្ថអនុវត្តដីការក្សាការពារតម្រូវឲ្យអ្នកភូមិរុះរើខ្ទម និងដកដំណាំចេញពីដីដែលម្ចាស់មានប័ណ្ណកម្មសិទ្ធិ ហើយរក្សាសិទ្ធិឲ្យអ្នកភូមិប្ដឹងតវ៉ាតាមផ្លូវច្បាប់ ក៏ប៉ុន្តែអ្នកភូមិជាង ១០០នាក់ បាននាំគ្នាប្រឆាំងការអនុវត្តដីកានោះ។ យ៉ាងនេះក្តី អ្នកភូមិបានយល់ព្រមចាកចេញពីដីកើតជម្លោះបន្ទាប់ពីភាគីលោក នូ លី និងអ្នកភូមិបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចំពោះមុខមន្ត្រីមូលដ្ឋានអ្នកឃ្លាំមើលអង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ (LICADHO) មិនឲ្យភាគីណាចូលទៅកាន់កាប់ដីរហូតតុលាការសម្រេចក្តីថា ភាគីណាមួយជាម្ចាស់មានសិទ្ធិកាន់កាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
