អ្នក​ច្បាប់៖ សេចក្ដី​ថ្លែងការណ៍​អំពី​ដំណើរ​ការ​ក្ដី​​របស់​ព្រះរាជអាជ្ញាគឺ​​ខុស​វិជ្ជាជីវៈ

0:00 / 0:00

អ្នកច្បាប់​ថា សេចក្ដី​ថ្លែងការណ៍​របស់​ព្រះរាជអាជ្ញា​បង្ហាញ​ពី​ដំណើរការ​ក្ដី​រឿង​សំឡេង លោក កឹម សុខា និង​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ថា ខុស​វិជ្ជាជីវៈ ដែល​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​របស់​តុលាការ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើស​ពី​សេចក្តី​ថ្លែងការណ៍​នេះ​ទេ។

លោក​មេធាវី ជូង ជូងី លើក​ឡើង​ថា សេចក្ដី​ថ្លែងការណ៍​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បង្ហាញ​ជា​សាធារណៈ​នូវ​ចម្លើយ​របស់​កញ្ញា ខុម ចាន់តារាទី ប៉ះពាល់​កិត្តិយស​កញ្ញា ខុម ចាន់តារាទី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​ក្ដី​នេះ​ទៀត​ផង។ លោក​ថា នៅ​ពេល​ដំណើរការ​ក្តី​ត្រូវ​ផ្សព្វផ្សាយ​ដូច​នេះ យុត្តិធម៌​សង្គម​មិន​អាច​រក​ភាព​ត្រឹមត្រូវ​នៃ​សំណុំ​រឿង​នេះ៖ «ជា​គោលការណ៍​ច្បាប់ គ្រប់​ភាគី​ដែល​ចូល​ទៅ​ដល់​រឿង​ក្ដី​ត្រូវ​រក្សា​ការសម្ងាត់​នៃ​រឿង​ក្ដី មេធាវី​ក្ដី ព្រះរាជអាជ្ញា​ក្ដី ចៅក្រម​ក្ដី ដែល​ចូល​ដល់​រឿង​ក្តី​នេះ ត្រូវ​រក្សា​ការសម្ងាត់​នៃ​ក្តី​នោះ មិន​មែន​ស៊ើបអង្កេត​មួយ​តង់​ឃើញ​យក​មក​ផ្សាយ​ជា​សាធារណៈ ឃើញ​មួយ​តង់​យក​មក​ផ្សាយ​សាធារណៈ​អ៊ីចឹង​ទេ គឺ​បំពាន​វិជ្ជាជីវៈ​ហើយ»

លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ការ​ដែល​ព្រះរាជអាជ្ញា​សម្រេច​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដែល​ខុស​វិជ្ជាជីវៈ ព្រោះ​សំណុំ​រឿង​នេះ​រង​ឥទ្ធិពល​របស់​អ្នក​នយោបាយ។

មេធាវី​មួយ​រូប​ទៀត លោក នូ ទេពីរិទ្ធ យល់​ឃើញ​ថា អ្នក​មាន​វិជ្ជាជីវៈ​នៃ​ការសម្ងាត់​របស់​ខ្លួន​ដែល​កំពុង​ចាត់ការ ដែល​ក្រុម​ទាំង​នោះ​រួម​មាន មេធាវី ព្រះរាជអាជ្ញា និង​ចៅក្រម៖ «បើ​យើង​និយាយ​ជា​វិជ្ជាជីវៈ ជា​មេធាវី​វិញ​មិន​អាច​និយាយ​បាន​ទេ សូម្បីតែ​ឯកសារ​ថត​ចម្លង ក៏​មិន​អាច​ឲ្យ​ភាគី​ទី​៣ ដឹង​បាន​ដែរ។ បើ​រឿង​ហ្នឹង​លេច​ធ្លាយ​ដោយសារ​មេធាវី​ណា​មួយ​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍ នីតិវិធី អាច​មាន​ទោស​ផង»

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ បាន​សារភាព​ថា ខ្លួន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ហើយ​ទទួលស្គាល់ថា ​សំឡេង​ក្នុង​ខ្សែអាត់​ជា​សំឡេង​របស់​ខ្លួន និង​អះអាង​ថា ការ​បដិសេធ​កន្លង​មក​ដោយសារ​មាន​ការ​ណែនាំ​ពី​លោក កឹម សុខា។

សេចក្ដី​ថ្លែងការណ៍​ដដែល​បង្ហាញ​ការ​ទំនាក់​ទំនង​រវាង​លោក កឹម សុខា និង​កញ្ញា ខុម ចាន់តាទី មាន​ការ​រៀបចំ​ពី​បុគ្គល​មួយ​ចំនួន ហើយ​ព្រះរាជអាជ្ញា​កំពុង​ស្រាវជ្រាវ​ដើម្បី​អនុវត្ត​តាម​នីតិវិធី។

អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លី សុផាន់ណា ថ្លែង​យ៉ាង​ខ្លី​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​លើស​ពី​សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ទេ៖ «ខ្ញុំ​បញ្ជាក់​ជូន​ថា អ្វីៗ​យើង​បាន​ធ្វើ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ»

​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ឆ្លើយតប​ទាក់ទង​រឿង​នេះ។ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ខុម ចាន់តារាទី បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ នៅ​ពេល​មាន​សំណុំរឿង​ណា​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន គេ​ឃើញ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពន្យល់​ពី​ដំណើរការ​នីតិវិធី​របស់​ខ្លួន​ឲ្យ​សាធារណជន​បាន​ដឹង។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក កែម ឡី យល់​ថា ទោះ​រឿង​នេះ​ពិត ឬ​មិន​ពិត​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ដាក់​ឧបករណ៍​ថង​សំឡេង​ពលរដ្ឋ​គ្រប់គ្នា និង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​គ្រប់​រឿង​ទាក់ទង​រឿង​នេះ។ លោក​ថា អ្វី​ដែល​កើត​ឡើង​ពេល​នេះ ព្រោះ​បក្ស​កាន់​អំណាច​ចង់​ផ្ដួល​បក្ស​ប្រឆាំង​មុន​ការ​បោះឆ្នោត៖ «រឿង​របៀប​អ៊ីចឹងៗ ទោះ​ពិត​ក៏ដោយ មិន​ពិត​ក៏ដោយ ជា​ក្រមសីលធម៌​របស់​បុគ្គល អ្នក​ណា​ប្រព្រឹត្ត​អ្នក​នោះ​អាប់​កិត្តិយស​អី​អ៊ីចឹង​ទៅ។ ប៉ុន្តែ​បើ​យើង​ចាត់​វិធានការ ត្រូវ​រៀបចំ​ថត​សំឡេង​គ្រប់​មនុស្ស ហើយ​អ្នក​ណា​មាន​កំហុស​ត្រូវ​ធ្វើ​អ៊ីចឹង​ដូចៗ​គ្នា»

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​កញ្ញា ខុម ចាន់តារាទី ទៅ​ឆ្លើយ​បំភ្លឺ​បន្ថែម​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា និង​កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ទាក់ទង​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​កញ្ញា ធី សុវណ្ណថា អំពី​អំពើ​បរិហារ​តាមរយៈ​ខ្សែអាត់​សំឡេង​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម។

លោក កែម ឡី យល់​ថា លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ខណៈ​លោក​កំពុង​មាន​អភ័យឯកសិទ្ធិ ឬ​មិន​ចាប់​ខ្លួន គឺ​អាស្រ័យ​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភ្លាមៗ​នេះ​ដែរ សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា លោក កឹម សុខា បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ ប៉ុន្តែ​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ លោក យឹម សុវណ្ណ និង​លោក អេង ឆៃអ៊ាង ថា ពួកលោក​មិន​បាន​ដឹង​ថា លោក កឹម សុខា នៅ​ក្នុង​ស្រុក ឬ​ចេញ​ក្រៅ​ស្រុក​នោះ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​​ថា តុលាការ​កម្ពុជា​កំពុង​​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​​សង្គម

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​ច្បាប់​មើល​ឃើញ​ថា តុលាការ​កម្ពុជា កំពុង​ជជីក​រឿង​បុគ្គល​ឯកជន​ជាង​រឿង​អំពើ​និទណ្ឌភាព​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២០ មេសា ថា តុលាការ​ព្យាយាម​ចាត់​វិធានការ​លើ​រឿង​បុគ្គល​ឯកជន ដូចជា​រឿង​កញ្ញា ខុម ចាន់តាទី ហៅ​ស្រីមុំ ជាដើម ចំណែក​រឿង​និទណ្ឌភាព​ជា​ច្រើន​ដែល​កើត​មាន​កន្លង​មក តុលាការ​មិន​បាន​ចាត់​វិធានការ​ទេ ឬ​ក៏​ធ្វើការ​យឺត​ជា​ទីបំផុត។ អ្នកស្រី​បន្ត​ថា សិទ្ធិ​បុគ្គល​របស់​កញ្ញា ខុម ចាន់តាទី ត្រូវ​បាន​គេ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ហើយ​នីតិវិធី​របស់​តុលាការ​ជុំវិញ​រឿង​នេះ គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ ចង់​ឲ្យ​អ្នក​នយោបាយ​បញ្ចប់​រឿង​នេះ និង​សុំ​ឲ្យ​តុលាការ​ធ្វើ​ការ​ដោយ​ឯករាជ្យ ព្រមទាំង​ស្នើ​ឲ្យ​សមត្ថកិច្ច ធ្វើ​ការ​តាម​តួនាទី​ដោយ​ផ្ដល់​យុត្តិធម៌​​ដល់​​ពលរដ្ឋ​ឲ្យ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។