ប្រតិកម្ម​ជុំវិញ​សេចក្ដី​សម្រេច​បន្ត​ឃុំ​មនុស្ស​២១​នាក់

0:00 / 0:00

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ ២១​នាក់​ដដែល បន្ទាប់​ពី​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ភ្លាមៗ​ក្រោយ​សេចក្ដី​សម្រេច ទាំង​សកម្មជន​ដីធ្លី សហជីព និង​សាច់ញាតិ​ជន​ជាប់​ចោទ ចាត់​ទុក​ថា សេចក្ដី​សម្រេច​របស់​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​នេះ គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ និង​អំពើ​ពុក​រលួយ ជាពិសេស ជា​តុលាការ​ពុំ​មាន​ភាព​ឯករាជ្យ។

សំឡេង​របស់​ប្រជាពលរដ្ឋ​យំ និង​ស្រែក​ជេរ​នៅ​មុខ​សាលា​ឧទ្ធរណ៍៖ «ឈឺ​ចាប់​ណាស់ មិន​មាន​ការ​ដោះ​លែង​គ្រួសារ​នាង​ខ្ញុំ តើ​គាត់​មាន​ទោស​កំហុស​អី។ ហេតុ​អី​តុលាការ​នៅ​ស្រុក​ខ្មែរ​អយុត្តិធម៌​យ៉ាង​នេះ...»

នេះ​ជា​សំឡេង​ស្រែក​ដង្ហោយ​រក​យុត្តិធម៌​របស់​សាច់ញាតិ​អ្នក​ជាប់​ឃុំ និង​សកម្មជន​តស៊ូ​ក្នុង​រឿង​ដីធ្លី ក្រោយ​ពី​ពួក​គេ​ដឹង​ថា ជន​ជាប់​ចោទ​ទាំង ២១​នាក់ ពុំ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

រស់​នៅ​រាជធានី​ភ្នំពេញ លោកស្រី ប៉ាន់ ស៊ីណា ដែល​មាន​កូន​ប្រុស​ឈ្មោះ គុណ សម្បត្តិពិសិដ្ឋ ដែល​ត្រូវ​បន្ត​ឃុំ​ខ្លួន ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ២០​នាក់​ផ្សេង​ទៀត ថ្លែង​ថា លោកស្រី​ចង់​ឲ្យ​តុលាការ​ដោះ​លែង​កូន​ប្រុស​របស់​ខ្លួន ដែល​កំពុង​មាន​របួស​ធ្ងន់ធ្ងរ​បាក់​ដៃ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ លោកស្រី​បន្ត​ថា ការ​ពិត​កូន​ប្រុស​របស់​លោកស្រី​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ ហេតុ​នេះ តុលាការ​គប្បី​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ៖ «កូន​ខ្ញុំ​គ្មាន​កំហុស​អី​ទេ សូម​អស់​លោក​តុលាការ មេត្តា​ដោះ​លែង​កូន​ខ្ញុំ។ ខ្ញុំ​នឹង​យក​កូន​ខ្ញុំ យក​កូន​ខ្ញុំ​ទៅ​ព្យាបាល​ជំងឺ។ កូន​មាស​ម្ដាយ...»

ចំណែក​តំណាង​ក្រុម​សហជីព តំណាង​ប្រជាពលរដ្ឋ សកម្មជន​ដីធ្លី​តំបន់​បឹងកក់ បុរីកីឡា និង​សហគមន៍​ថ្មី​គោល ពួក​គេ​បាន​ហៅ​ការ​សម្រេច​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍ តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​កម្មករ​នៅ​ពេល​នេះ​ថា គឺ​ជា​រឿង​អយុត្តិធម៌។ ជាពិសេស នោះ គេ​ចោទ​ថា តុលាការ​ពុក​រលួយ និង​ជា​កូន​អុក​របស់​អ្នក​នយោបាយ៖ «ប្រព័ន្ធ​មិន​គួរ​ណា​អត់​ដោះ​លែង​ពួក​គាត់​ទេ ពួក​គ្មាន​កំហុស​អី​ទេ។ ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​ចាប់​អ្នក​ទាំង ២១​នាក់ ធ្វើ​កូដកម្ម គួរ​តែ​ចាប់​អ្នក​ធ្វើ​កូដកម្ម​ទាំងអស់ ចំនួន​ប៉ុន្មាន​ពាន់​នាក់ គឺ​ធ្វើ​កូដកម្ម​ទាំងអស់ ពីព្រោះ​ខុស​ច្បាប់ មិន​មែន​ធ្វើ​តែ​ខុស​តែ​អ្នក ២១​នាក់​ហ្នឹង​ទេ។ មាន​ការ​អាណោចអាធម្ម​ណាស់ ខ្ញុំ ស្បៃវែង ក៏​សូម​ប្ដេជ្ញា​ថា ធ្វើ​ការ​តស៊ូ ហើយ​សូម​ផ្ដន្ទាទោស​ចំពោះ លោក ហ៊ុន សែន ដែល​ប្រើ​តុលាការ​ជា​ឧបករណ៍ ជា​តុលាការ​សម្រាប់​តែ​ជា​អាយ៉ង​នៃ​កោសិកា​សង្គម មក​ធ្វើ​បាប​រាស្ត្រ​ឯង មក​ធ្វើ​បាប​ប្រជាជាតិ​ឯង»

មនុស្ស​ប្រមាណ ៣០០​នាក់ ដែល​មក​ពី​សហជីព ព្រះសង្ឃ សកម្មជន​សិទ្ធិ​មនុស្ស សហគមន៍​ដីធ្លី និង​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ផង​បាន​ប្រមូល​ផ្ដុំ​គ្នា​កកកុញ​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍។

លោក ណៃ វ៉ង់ដា មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក (Adhoc) ថ្លែង​ថា វា​ជា​ប្រការ​គួរ​ឲ្យ​សោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ពេល​នេះ ដែល​បន្ត​ឃុំ​ខ្លួន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​សវនាការ ហៅ​ការ​សម្រេច​ក្ដី​នេះ​ថា ទំនង​ជា​រង​ឥទ្ធិពល​ផ្នែក​នយោបាយ​ច្រើន​ជាង។ ហេតុ​នេះ ជន​ជាប់​ឃុំ​ទាំង ២១​នាក់ ទំនង​ត្រូវ​ដោះ​លែង​ម្នាក់​ម្ដងៗ ឬ​ជា​ក្រុម ឬ​អាច​ប្រៀបធៀប​ថា ដូច​ជា​ការ​បង់​រំលោះ​ការ​ប្រាក់ ឬ​បង់​ផ្ដាច់​តែ​ម្ដង នៅ​ក្រោយ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ត្រូវ​ដោះស្រាយ​រួច។

បន្ទាប់​ពី​ដឹង​លទ្ធផល​នៃ​សវនាការ​ថា ជន​ជាប់​ចោទ​ទាំង ២១​នាក់ ត្រូវ​បាន​ចៅក្រម​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន អ្នក​ចូល​រួម​ស្ដាប់​សវនាការ​នៅ​ខាង​ក្រៅ​របង​ឯណេះ​វិញ ព្យាយាម​សម្រុក​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍ ប៉ុន្តែ​ការ​ចូល​នេះ មាន​ស្ត្រី​ប្រមាណ ៣​នាក់​ប៉ុណ្ណោះ ត្រូវ​គេ​អនុញ្ញាត។ លើស​ពី​នេះ ពួក​គេ​បាន​ចោទ​ប្រកាន់ និង​ស្ដី​បន្ទោស​ស្ថាប័ន​នេះ​ថា ធ្វើ​សេចក្ដី​សម្រេច​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ។

«សំឡេង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន និង​លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​បាន​ភ្លាមៗ​ទេ ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។

កម្លាំង​បង្ក្រាប​បាតុកម្ម និង​កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ជា​ច្រើន​នាក់ ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ត្រៀម​បង្ក្រាប​ប្រឆាំង​ក្រុម​អ្នក​ចូល​រួម​ស្ដាប់​សវនាការ។ នៅ​នាទី​ចុង​ក្រោយ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន ដោយ​រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រារាំង​ម្ដង​ជា​ពីរ​ដង​នៅ​ខាង​មុខ​ព្រះបរមរាជវាំង ខណៈ​ពួក​គេ​ព្យាយាម​ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ។ ប៉ុន្តែ សកម្មភាព​នេះ​ពុំ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ​ឡើយ។

លោក ចាន់ សុវ៉េត មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ចាត់​ទុក​ថា បើ​ទោះ​ជា​តុលាការ​មាន​ឆន្ទានុសិទ្ធិ​ធ្វើ​សេចក្ដី​សម្រេច​ក៏ដោយ​ចុះ ប៉ុន្តែ​ថា ការ​សម្រេច​របស់​តុលាការ មិន​ដោះ​លែង​នេះ​នឹង​បង្កើត​ជា​ការ​ប្រឈម​ខ្ពស់​ទៅ​វិញ​នៅ​ពេល​ខាង​មុខ៖ «ខាង​សង្គម​ស៊ីវិល​យើង​មើល​ឃើញ​ថា តុលាការ​មាន​ឆន្ទានុសិទ្ធិ​គ្រប់គ្រាន់ ដោយ​ផ្អែក​តាម​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ គឺ​បើក​សិទ្ធិ​ឲ្យ​តុលាការ​មាន​ការ​ជឿជាក់ និង​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន។ ជឿជាក់​ថា ការ​ដោះ​លែង​ទៅ​នោះ គឺ​មិន​មាន​ហេតុផល​អី​កើត​ឡើង​ទេ។ ប៉ុន្តែ តុលាការ​សាលា​ឧទ្ធរណ៍​យើង​ព្រឹក​មិញ​នេះ គឺ​គាត់​ឥត​មាន​ការ​ជឿជាក់​ទៅ​លើ​បញ្ហា​ហ្នឹង​ទេ។ គាត់​ថា​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នេះ អាច​ឲ្យ​ទៅ​បំផ្លាញ​ការងារ​ស៊ើប​អង្កេត»

ចំណែក​ប្រធាន​សហជីព​ធំៗ​មាន លោក រ៉ុង ឈុន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និង​លោក សរ មូរ៉ា ព្រម​ទាំង​សម្ព័ន្ធ​សហជីព​មួយ​ចំនួន​ទៀត ព្រមាន​រួច​ហើយ​ថា មហា​បាតុកម្ម និង​កូដកម្ម នឹង​ត្រូវ​ផ្ទុះ​ឡើង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។