ព្រះសង្ឃខ្មែរក្រោមដែលត្រូវបានសមត្ថកិច្ចខ្មែរចាប់ព្រះកាយផ្សឹក ពេលនេះត្រូវបានតុលាការ ដោះលែងឲ្យមានសេរីភាពវិញហើយក្រោយពីយកទៅឃុំអស់រយៈពេល៨ខែ។
ព្រះសង្ឃខ្មែរក្រោមដែលត្រូវបានតុលាការដោះលែងពេលនេះ មានព្រះនាម ជា វណ្ណដា។ ព្រះអង្គត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ ជាមួយព្រះសង្ឃខ្មែរក្រោម ១អង្គផ្សេងទៀតព្រះនាម ដាវ ទេព្យ។ ក្រោយមក ព្រះសង្ឃទាំង២អង្គ ត្រូវបានតុលាការចោទ ប្រកាន់ពីបទគំរាមសម្លាប់ ការរក្សាទុកសារធាតុញៀន និងការប្រើប្រាស់ឯកសារសាធារណៈ ក្លែង។ ព្រះតេជគុណ ដាវ ទេព្យ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ។
ចំណែកព្រះតេជគុណ ជា វណ្ណដា ត្រូវបានកាត់ឲ្យជាប់ទោសចំនួន៣ខែ ដោយកែប្រែបទ ចោទពីការប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅជាបទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ។ ចំណែកបទគំរាមសម្លាប់ និងការរក្សាទុកសារធាតុញៀនត្រូវបានតុលាការទម្លាក់ចោលវិញ។
ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី និងជាប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជ គុណ ថាច់ ហាសំអាង មានថេរដីកានៅថ្ងៃទី១៥ មេសា ថា ព្រះតេជគុណ ជា វណ្ណដា ត្រូវបាន សមត្ថកិច្ចដោះលែងកាលពីថ្ងៃទី១៣ មេសា។ ព្រះអង្គថា ពេលនេះព្រះតេជគុណ ជា វណ្ណដា ត្រូវបានបំបួសជាសង្ឃឡើងវិញហើយ ហើយសព្វថ្ងៃកំពុងគង់នៅវត្តសាមគ្គីរង្សី។
ទាក់ទងនឹងព្រះសង្ឃ ដាវ ទេព្យ ដែលកំពុងជាប់ឃុំវិញ ព្រះតេជគុណ ថាច់ ហាសំអាង មាន ថេរដីកាថា អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនឹងនៅតែបន្តទាមទារឲ្យតុលាការដោះលែង ព្រោះការចាប់ខ្លួនព្រះសង្ឃ ដាវ ទេព្យ ជារឿងអយុត្តិធម៌៖ «យើងនៅតែទាមទារឲ្យមានការដោះលែងលោក ដោយសារតែការចោទប្រកាន់ និងភស្តុតាងទាំងអស់សុទ្ធតែជាការប្រឌិតធ្វើបាបលោក យើងគិតថាការចាប់ខ្លួនលោកហាក់ ដូចជាការផ្តើមគំនិតចេញពីប៉ូលីស រហូតយើងដឹងថាពាក្យបណ្តឹងប្តឹងឲ្យចាប់លោក គឺផ្តើម ចេញពីប៉ូលីសជាអ្នករៀបចំទៀត វាហាក់ដូចជាការបញ្ជារបស់អ្នកណាម្នាក់ដើម្បីធ្វើបាបលោក»។
ចាប់តាំងពីចុងឆ្នាំ២០១៤មក មានព្រះសង្ឃខ្មែរក្រោមចំនួន៥អង្គហើយ ត្រូវបានសមត្ថកិច្ចខ្មែរ ចាប់ខ្លួន ក្នុងនោះមានអតីតព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រមទាំងព្រះ សង្ឃ ដាវ ទេព្យ និង ជា វណ្ណដា។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង បទប្រឆាំងអ្នករាជការសាធារណៈ បទចូលរួមសមាគមទុច្ចរិត បទគម្រាមសម្លាប់ និងការរក្សាសារធាតុញៀន។ ប៉ុន្តែមកទល់ពេលនេះមានតែព្រះសង្ឃ ព្រះនាម ដាវ ទេព្យ ដែលកំពុងជាប់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។