តុលាការ​សម្រេច​ដោះ​លែង​អតីត​អ្នក​បើក​ឡាន​កាពីតូល​និង​សមាជិក​​សមាគម​​កម្មករ​ឲ្យ​នៅ​ក្រៅ​ឃុំ

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យក្រុមហ៊ុនកាពីតូល (Capitol) និង​​សមាជិក​​សមាគម​​កម្មករ និង​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​​កម្ពុជា​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្នហើយ នៅ​រសៀល​ថ្ងៃ​ទី​៦ មេសា ក្រោម​ហេតុផល​ថាពួក​គេ​មាន​មុខរបរ និង​អាសយដ្ឋាន​ច្បាស់​លាស់ និង​ជា​ជន​ស្លូត​ត្រង់​មិន​ធ្លាប់​ប្រព្រឹត្ត​បទ​ល្មើស​​ពីមុន។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៦ មេសា ថា លោក និង​មេធាវី បាន​ទទួល​ដីកា​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ដែល​សម្រេច​ឲ្យ​ដោះលែង​អ្នក​ទាំង​ពីរ​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ដាក់​នៅក្រោម​ការ​តាមដាន​​​របស់​តុលាការ៖ «យើង​សាទរ​ចំពោះ​ការ​ដោះលែង​នេះ តែ​តុលាការ​គួរ​ពិនិត្យ​ឡើង​វិញ មុន​ឃុំ​ខ្លួន​អ្នក​ណា​ម្នាក់​ក្នុង​ពន្ធនាគារ។ ហើយ​ស្នើ​ឲ្យ​តុលាការ​លុប​ការ​ចោទ​ប្រកាន់​តែ​ម្ដង និង​ដក​ការ​ចោទ​ប្រកាន់​ដល់​អ្នក​ផ្សេង​ទៀត ដោយ​ចាត់​ការ​ជនល្មើស​វិញ ស្រប​តាម​ច្បាប់​ជា​ធរមាន»។

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុងក្រុមហ៊ុន​កាពីតូល​លោក នន វណ្ណា និងសមាជិក​​សមាគម​​កម្មករ និង​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​​កម្ពុជា លោក រស់ ស៊ីផៃ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ក្រោយ​មាន​ហិង្សា​ប៉ះទង្គិច​ជាមួយ​សមាជិកសមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ពេល​កំពុង​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​​ក្រុង​កាពីតូល ក្បែរ​ផ្សារ​អូរឫស្សី។

ពីរ​ថ្ងៃ​ក្រោយ​មក ពួកគេ​ទាំង​ពីរ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទចោទ​ចំនួន​៣ គឺ​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ប្រឆាំង​អ្នក​រាជការ មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ក​ឧបសគ្គ​រារាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

នៅ​ថ្ងៃដដែលនេះ អនុប្រធាន​សហព័ន្ធ​ដឹក​ជញ្ជូន​នៃ​សហភាព​ការងារ​កម្ពុជា លោក និន កុសល ដែល​ជា​តំណាង​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង ទាំង​៤៥​នាក់ ដែល​ថៅកែ​ក្រុមហ៊ុន​កាពីតូល បញ្ឈប់​ពី​ការងារ​នោះ បាន​ជួប​អាជ្ញាធរ​ខណ្ឌ​៧មករា សុំ​អនុញ្ញាត​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​ខណ្ឌ​បាន​សន្យា​ជំរុញ​ការ​ដោះស្រាយ​ដល់​សាលា​រាជធានី​ភ្នំពេញ ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន តែ​លោក​ថា បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​នៅ​បន្ត​ការតវ៉ា​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។