អនុប្រធានពន្ធនាគារខេត្តព្រះសីហនុ លោក តាន់ ណារ៉េត មានប្រសាសន៍យ៉ាងខ្លីថា លោកពុំដឹងច្បាស់ពីមូលហេតុដែលនាំអោយមានការដោះលែងនោះទេ ប៉ុន្តែលោកបានទទួលដីកាពីតុលាការអោយដោះលែងមហាសេដ្ឋីជនជាតិរុស្ស៊ី លោក ស៊ើហ្គេយ ប៉ូលុនស្គី អោយនៅក្រៅឃុំ នៅព្រឹកថ្ងៃពុធ ទី៣ ខែមេសា។
លោក ស៊ើហ្គេយ ប៉ូលុនស្គី អាយុ ៤០ឆ្នាំ និងជាអតីតប្រធានក្រុមហ៊ុន មីរ៉េក គ្រុប (Mirax group) និងជនជាតិរុស្ស៊ី ជាគូកន ២នាក់ទៀត ត្រូវចោទពីបទប្រើហិង្សាដោយចេតនា និងការឃុំឃាំងខុសច្បាប់លើកម្មករខ្មែរ ៦នាក់។ ពួកគេត្រូវចាប់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០១២ ដោយសង្ស័យថា គំរាមអ្នកបើកទូកទេសចរណ៍ខ្មែរ ៦នាក់ ដោយប្រើកាំបិត និងបញ្ជាឲ្យពួកគេលោតចេញពីទូក នៅពេលដែលធ្វើដំណើរចេញពីកោះមួយមកកាន់ឆ្នេរសមុទ្រនាខេត្តព្រះសីហនុ។
មន្ត្រីស៊ើបអង្កេតផ្នែកពន្ធនាគារនៃអង្គការលីកាដូ (Licadho) លោក សែ រស្មី បានអោយដឹងថា កាលពីថ្ងៃទី២ ខែមេសា លោកបានទទួលលិខិតមួយរបស់ក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ពីសំណូមពររបស់មេធាវីការពារលោក ស៊ើហ្គេយ ប៉ូលុនស្គី ដែលបានស្នើសុំឲ្យនៅក្រៅឃុំ។ លិខិតនោះ បានលើកឡើងពីការស្នើនៅក្រៅឃុំដោយសម្អាងថា រឿងក្តីនេះជាបទល្មើសមជ្ឈិម កូនក្តីរបស់លោកមានជំងឺ សុខភាពមិនល្អ និងកូនក្តីរបស់លោកមានអាសយដ្ឋាន និងមុខជំនួញច្បាស់លាស់នៅកម្ពុជា ជាដើម។
កន្លងទៅ កម្មករទាំង ៦នាក់នោះ ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ បានដកពាក្យបណ្ដឹងបន្ទាប់ពីបានទទួលសំណងរដ្ឋប្បវេណីសរុបចំនួន ២ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
