អ្នក​ភូមិ​ប្រម៉ា​៣​នាក់​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ

0:00 / 0:00

អ្នក​ភូមិ ៣​នាក់ ដែល​ជាប់​គុក​ព្រៃស​ជាមួយ​លោក ម៉ម សូណង់ដូ ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​ដោះលែង​ហើយ​នៅ​ថ្ងៃ​ទី១៩ មីនា នេះ។ ការ​ដោះលែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា បាន​សម្រេច​កាត់​បន្ថយ​ទោស​ពលរដ្ឋ​ទាំង ៣​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១០​ខែ ក្នុង​បទ​ចោទ​ផ្សេងៗ​គ្នា បាន​សេចក្តី​ថា អ្នក​ភូមិ​ទាំង​នោះ​នឹង​ត្រូវ​ដោះលែង​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា។

អ្នក​ភូមិ​ប្រម៉ា លោក ទូច រៀម លោក កាន់ សុវណ្ណ និង​លោក ភន ស្រឿន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១២ ក្នុង​សំណុំ​រឿង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​ដោះលែង​ឲ្យ​ចេញ​ពី​គុក​ព្រៃស ហើយ។ បើ​តាម​សាល​ដីកា​សាលា​ឧទ្ធរណ៍ ពួក​គាត់​ទាំង​បី​នាក់​ត្រូវ​រួច​ខ្លួន​តាំង​ពី​ថ្ងៃ​ទី១៦ មីនា ប៉ុន្តែ​ដោយសារ​តែ​ភាព​យឺតយ៉ាវ​ផ្នែក​សុំ​ឯកសារ ទើប​ត្រូវ​ពន្យារ​ពេល​ដោះលែង​រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មីនា វិញ។

អតីត​អ្នក​ទោស​ក្នុង​គុក​ព្រៃស ក្រោម​បណ្ដឹង​របស់​រាជ​រដ្ឋាភិបាល លោក ទូច រៀម មាន​ប្រសាសន៍​ថា លោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ពេល​ដែល​បាន​រួច​ខ្លួន​ចេញ​ពី​គុក​ព្រៃស ប៉ុន្តែ​លោក​គិត​ថា ១០​ខែ​ក្នុង​គុក ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​កសិករ​ក្រីក្រ។ លោក​បន្ត​ថា រស់នៅ​ក្នុង​គុក​ពិត​ជា​ពិបាក​ផ្នែក​ហូប​ចុក ព្រោះ​គាត់​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ម្ហូប​ពី​ខាង​ក្រៅ​ទេ ការ​ហូប​ម្ហូប​អ្នក​ទោស​មិន​សូវ​មាន​អនាម័យ នាំ​ឲ្យ​គាត់​ឈឺ​ក្រពះ​ថែម​ទៀត។ ឯ​គ្រួសារ​វិញ ត្រូវ​រង​ការ​លំបាក​ជា​ខ្លាំង​ផ្នែក​ជីវភាព។ ប្រពន្ធ​ត្រូវ​ខ្ចី​លុយ​ចង​ការ​គេ ដើម្បី​ទៅ​មើល​ប្ដី​គុក។

លោក​រំលឹក​ថា ពេល​គេ​ចាប់​ដាក់​គុក កូន​ស្រី​ពៅ​របស់​លោក មាន​អាយុ ២​ខែ លុះ​ពេល​ចេញ​ពី​គុក​វិញ កូន​លោក​មិន​ស្គាល់​ឪ​ទេ៖ «កូន​អត់​ស្គាល់​ផង មាន​អារម្មណ៍​ថា​ឈឺ​ចិត្ត​ខូច​ចិត្ត​ខ្លួន​ឯង មិន​សម​ណា​ជាប់​ពន្ធនាគារ​ដោយ​អត់​មាន​រឿង​អី​សោះ មាន​តែ​បញ្ហា​ដីធ្លី​ប៉ុណ្ណឹង»

លោក ទូច រៀម បន្ត​ថា ចំពោះ​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា វិញ ត្រូវ​បាន​វាស់វែង​រួច​ហើយ ដោយ​គ្រួសារ​លោក​បាន​ទទួល​ដី​ជាង ៤​ហិកតារ ដើម្បី​ប្រកប​របរ​កសិកម្ម​ផ្គត់ផ្គង់​ជីវភាព។

អ្នក​ភូមិ​ប្រម៉ា ទាំង​បី​គ្រួសារ ធ្វើ​ដំណើរ​រួម​គ្នា​ក្នុង​រថយន្ត​ឈ្នួល​តែ​មួយ ដើម្បី​ទៅ​កាន់​គេហដ្ឋាន​វិញ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មាន​បញ្ហា​ខ្វះខាត​ផ្នែក​ជីវភាព ដោយសារ​តែ​មេ​គ្រួសារ​ជាប់​គុក។

ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​សាទរ​ការ​ដោះលែង​ប្រជាពលរដ្ឋ​ភូមិ​ប្រម៉ា ចេញ​ពី​គុក។ លោក​បន្ត​ថា សង្គម​ស៊ីវិល​ជាតិ អន្តរ​ជាតិ សុទ្ធ​តែ​ចាត់​ទុក​ថា ពលរដ្ឋ​ទាំង​៣​នាក់​ក្លាយ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​យក​ទៅ​ប្រើប្រាស់​ដោយ​អយុត្តិធម៌​ជា​ទី​បំផុត និង​បណ្ដាល​ឲ្យ​ពួក​គាត់​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ផ្នែក​ជីវភាព។

លោក អំ សំអាត៖ «មតិ​ជាតិ​អន្តរជាតិ​លើក​ឡើង​ថា ករណី​នេះ​ជា​ចរិត​នយោបាយ​បង្កើត​ឡើង​ជា​ផល​ប្រយោជន៍​នយោបាយ អ្នក​ដែល​រង​គ្រោះ​ជា​ប្រជាពលរដ្ឋ​ដែល​ស្ទើរ​តែ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង​នោះ​បាទ»

ការ​ដាក់​ទោស​អ្នក​ភូមិ​ប្រម៉ា និង​លោក ម៉ម សូណង់ដូ ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ថ្កោលទោស​យ៉ាង​ខ្លាំង​ថា តុលាការ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ។

ប្រធានាធិបតី​របស់​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នាយក​រដ្ឋមន្ត្រី​បារាំង សភា​សហគមន៍​អឺរ៉ុប អង្គការ​លើក​លែង​ទោស​អន្តរជាតិ និង​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ជាច្រើន សុទ្ធ​តែ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​ពួក​គេ។ តែ​មន្ត្រី​រាជ​រដ្ឋាភិបាល​បដិសេធ​ដោយ​សំអាង​ថា ជា​អំណាច​តុលាការ។ ទោះ​ជា​យ៉ាង​ណា​ក្តី សាលក្រម​កាត់​តម្រឹម​ទោស​របស់​តុលាការ ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​ចាត់​ទុក​ថា មាន​ចរិត​នយោបាយ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។