ក្រសួងព័ត៌មានគ្រោងកោះអញ្ជើញមន្ត្រីសិទ្ធិមនុស្ស និងតំណាងអ្នកសារព័ត៌មាន ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតចូលរួមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅពេលដ៏ឆាប់ខាងមុខនេះ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មានជំរុញឲ្យរាជរដ្ឋាភិបាលបង្កើតច្បាប់នេះជាញឹកញាប់កន្លងមក។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានឲ្យដឹងថា ការកោះប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ គឺជាការជំរុញពីរដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីឆ្លើយតបការចង់បានពីសហគមន៍អន្តរជាតិ។
លោក អ៊ុក គឹមសេង ជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃក្រុមការងារបច្ចេកទេសតាក់តែងសេចក្តីព្រាងច្បាប់។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃទី៧ វិច្ឆិកា ថា សហគមន៍អន្តរជាតិសុំឲ្យក្រសួងព័ត៌មានដឹកនាំពិភាក្សាបន្ថែមក្នុងន័យជួយកែលំអសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលរៀបរៀងដោយក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភា៖ «អ៊ីចឹងសេចក្តីព្រាងរបស់ស្ថាប័នផ្សេងទៀតដែលមានមិនដឹងថា ត្រូវយកមកទាំងស្រុង ឬត្រូវដកយកមួយចំនួនណាដើម្បីបំពេញបន្ថែមលើសេចក្តីព្រាងដែលមានស្រាប់ហ្នឹង»។
កាលពីឆ្នាំ២០០៤ រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ភាពចាំបាច់ដើម្បីបង្កើតសេរីភាពក្នុងការទទួលព័ត៌មាននៅក្នុងប្រទេសនេះ។ សេចក្តីព្រាងច្បាប់ក្របខ័ណ្ឌគោលនយោបាយច្បាស់លាស់សម្រាប់ប្រទេសកម្ពុជា ទាក់ទងជាមួយសិទ្ធិទទួលព័ត៌មាន ត្រូវបានរៀបចំដោយក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅក្នុងឆ្នាំ២០០៧ ប៉ុន្តែតាំងពីឆ្នាំ២០០៧ មកទល់បច្ចុប្បន្ន គោលនយោបាយនេះមិនទាន់បានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅឡើយ។
លោក អ៊ុក គឹមសេង បានឲ្យដឹងទៀតថា ក្រៅពីទទួលមតិយោបល់កែលំអពីមន្ត្រីសិទ្ធិមនុស្ស ស្ថាប័នសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធដទៃទៀតនោះ ក្រសួងក៏គ្រោងបង្ហោះសេចក្តីព្រាងច្បាប់ដដែលនេះនៅលើគេហទំព័ររបស់ក្រសួង ដើម្បីទទួលយកនូវមតិយោបលពីសាធារណជនផ្សេងៗទៀតផងដែរ៖ «ចំណុចហ្នឹងយើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវដើម្បីឲ្យមានការចូលរួមពីសង្គមស៊ីវិល រដ្ឋាភិបាល ខាងអ្នកសារព័ត៌មាន ហើយមិនយូរទេយើងចាប់ផ្តើមជជែកគ្នានៅពេលរៀបចំវ៉ឹបសាយ យើងដាក់សេចក្តីព្រាងហ្នឹងដើម្បីឲ្យមានការអត្ថាធិប្បាយ មតិយោបល់ពីសាធារណជនមកទៀត»។
មន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឲ្យមានការចូលរួមពិភាក្សាទូលំទូលាយពីគ្រប់មជ្ឈដ្ឋានទៅលើសេចក្តីព្រាងច្បាប់នេះ។
លោកបន្តថា មហាជនចង់បានឲ្យច្បាប់នេះមានប្រសិទ្ធភាពក្នុងការកំហិតឲ្យស្ថាប័ននីមួយៗរបស់រដ្ឋបង្ហាញនូវព័ត៌មានពិតជាក់ស្តែងដែលអ្នកសារព័ត៌មានចង់បាន៖ «អាហ្នឹងអាច្បាប់ទទួលបានព័ត៌មានហ្នឹង ហើយគ្រប់ស្ថាប័នរដ្ឋត្រូវតែមានអ្នកនាំពាក្យ ហើយអ្នកនាំពាក្យទាំងអស់នោះត្រូវតែផ្តល់ព័ត៌មាន ជាពិសេសព័ត៌មានឯកសារជាក់ស្តែងដែលយើងអាចយកមកធ្វើជាភស្តុតាងបាន។ កន្លងមកប្រទេសយើងមិនដែលបានផ្តល់ព័ត៌មានដោយភាពជាក់ស្តែងទេ គឺគ្រាន់តែបញ្ចេញជាមតិ យោបល់អីអ៊ីចឹង»។
លោកបន្តថា កន្លងមកគណបក្សប្រឆាំង និងសង្គមស៊ីវិល ធ្លាប់បានរៀបចំសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាននេះឡើង និងបានជជែកពិភាក្សាច្រើនលើកមកហើយ ប៉ុន្តែរដ្ឋាភិបាលហាក់មិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់នេះឡើយ។
ទោះយ៉ាងណា ក្រសួងព័ត៌មានបានចុះអនុស្សរណៈយោគយល់គ្នា ឬហៅថា MOU ជាមួយអង្គការយូណេស្កូ (UNESCO) កាលពីដើមឆ្នាំ២០១៤នេះ ដើម្បីដឹកនាំបង្កើតច្បាប់សិទ្ធិទទួលបានព័ត៌មាននេះឡើងក្នុងរយៈពេលប្រមាណជា ៣ឆ្នាំខាងមុខ។ ស្របពេលគ្នានោះដែរ ប្រទេសស៊ុយអែត (Sweden) ក៏បានផ្តល់ទឹកប្រាក់ប្រមាណមួយលានដុល្លារសម្រាប់ធ្វើការងារនេះដែរ។
សិទ្ធិទទួលព័ត៌មាន គឺជាឧបករណ៍ដ៏សំខាន់មួយដែលធានាដល់ការបើកចំហដំណឹងដោយតម្លាភាព និងជាផ្នែកសំខាន់នៃលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
