មន្ត្រី​តុលាការ​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​មិន​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​រំលោភ​ក្មេង​ស្រី

0:00 / 0:00

គ្រួសារ​ក្មេង​ជំទង់​មួយ​រូប​ចោទ​ប្រកាន់​ទៅ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​រតនគិរី ថា​មិន​បាន​ឃុំ​ខ្លួន​​ជន​ជាប់​ចោទ​បី​នាក់​ដែល​បាន​បោក​បញ្ឆោត​រំលោភ​ផ្លូវភេទ​បូក​ទៅ​លើ​កូនស្រី​របស់​គាត់​តែ​ម្នាក់​ដែល​​នាង​មាន​ស្មារតី​មិន​ពេញលេញ។ ចំណែក​មន្ត្រី​តុលាការ​អះអាង​ថា តុលាការ​មាន​ភស្តុតាង​បញ្ជាក់​​ថា បុរស​ទាំង​បី​នាក់​មិន​បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី​នោះ​ទេ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​ឧសភា អំពាវនាវ​សុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ស៊ើប​អង្កេត​​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​ក្ដី​នេះ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ក្មេង​ស្រី។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ​នេះ​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី លោកស្រី ជ័យ មាលា បាន​សម្រេច​ឃុំ​ខ្លួន​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់ចោទ ៤​នាក់ ដែល​អធិការ​​ប៉ូលិស​ក្រុង​បានលុង ឃាត់​ខ្លួន​ពី​បទ​រួមគំនិត​គ្នា​បោក​បញ្ឆោត​ក្មេង​ស្រី​អាយុ ១៧​ឆ្នាំ ឲ្យ​ផឹក​​ស្រា​ស្រវឹង ហើយ​រួម​ភេទ​ម្ដង​ម្នាក់​តាម​រយៈ​មេខ្យល់​ជា​ស្ត្រី​ម្នាក់ ជា​អ្នក​បបួល​ក្មេងស្រី​នោះ​ឲ្យ​ស្គាល់​បុរស​ទាំង​បី​នាក់។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា រឿងក្តី​នេះ​មន្ត្រី​​​អយ្យការ​បាន​ចេញ​ដីកា​ចោទ​ប្រកាន់​បុរស​បី​នាក់​ពីបទ​ចាប់​រំលោភ និង​ស្ត្រី​មេខ្យល់ ពី​បទ​រួមគំនិត​និង​​​ចាប់​បង្ខាំង​មនុស្ស ក៏ប៉ុន្តែ​ចៅក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​តែ​ស្ត្រី​មេខ្យល់។ ចំណែក​ជន​ជាប់​​ចោទ​បី​នាក់​ទៀត​ចៅក្រម​មិន​បាន​ឃុំ​ខ្លួន​ទេ។

លោក​បន្ត​ថា ម្តាយ​ក្មេងស្រី​ចាត់​ទុក​ថា ករណី​នេះ​ជា​​រឿង​មិន​ត្រឹមត្រូវ និង​ស្នើ​សុំ​មក​សមាគម​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​​យុត្តិធម៌​ក្នុង​រឿង​ក្ដី​នេះ៖ «បញ្ហា​ករណី​រំលោភ​រវាង​បុរស​ហើយ​និង​នារី​ទើប​ពេញវ័យ មាន​ការ​ណាត់ជួប​ដោយ​មេខ្យល់ ដែល​ពេល​នោះ​មាន​ការ​បង្អក​ស្រា​ឲ្យ​នារី​រង​គ្រោះ​ហ្នឹង​ស្រវឹង​ខ្លាំង​រហូត​ដល់​ភ្លេច​ខ្លួន ហើយ​បាន​ធ្វើ​​ការ​រួម​ភេទ»

ដូច​គ្នា​នេះ​ដែរ ម្តាយ​ក្មេង​ស្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នកស្រី​រន្ធត់​ចិត្ត​ណាស់​នៅ​ពេល​ជន​ជាប់​​ចោទ​រំលោភ​កូនស្រី​គាត់​បី​នាក់​មិន​ត្រូវ​បាន​ឃុំ​ខ្លូន។ អ្នកស្រី​បង្ហាញ​ភាព​អស់​ជំនឿ​ទៅ​លើ​មន្ត្រី​តុលាការ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ជាពិសេស​កូន​គាត់​ជា​ក្មេង​មិន​មាន​ស្មារតី​​ពេញ​លេញ៖ «ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ទេ ដល់​អ៊ីចឹង​ខ្ញុំ​ដូច​អស់​ជំនឿ​លើ​ច្បាប់។ អ្នក​ខាង​យក​វា​ទៅ គឺ​អាយុ​ជាង ៣០ ហើយ​អ្នកប្រព្រឹត្ត​លើ​វា​ក៏​អាយុ​ជាង ៣០ ហើយ​ក្មេង​និយាយ​ទៅ​ស្មារតី​តាំងពី​អាយុ​ជាង ១០​ឆ្នាំ​និយាយ​​ស្តី​ទៅ​វា​ភ័យ ភ័ន្តភាំង ខ្ញុំ​ក៏​ឲ្យ​ឈប់​រៀន​ទៅ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ចៅក្រម​ស៊ើប​សួរ​លោកស្រី ជ័យ មាលា អះអាង​ថា ក្នុង​នាម​ជា​​ចៅក្រម​លោកស្រី​មាន​អង្គហេតុ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​មិន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​បី។ លោកស្រី​បន្ត​ជន​ជាប់​ចោទ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដើម្បី​​ស៊ើប​អង្កេត​បន្ត។

ជាមួយ​គ្នា​នេះ​ដែរ មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ទាំង​បួន​នាក់ លោក ម៉ៅ សារី ថ្លែង​បញ្ជាក់​ថា លោក​បាន​ស្នើ​សុំ​ឲ្យ​ក្មេងស្រី និង​ជន​ជាប់​ចោទ​ឆ្លើយ​បំភ្លឺ​ទល់មុខ​គ្នា​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ។ចម្លើយ​ក្មេងស្រី​និង​ជន​ជាប់​ចោទ​បញ្ជាក់​មាន​ភាព​ស៊ីចង្វាក់​គ្នា​ដែល​បង្ហាញ​ថា ជនជាប់ចោទ​មិន​បាន​រំលោភ​ក្មេង​ស្រី​នោះ​ទេ។

លោក​បញ្ជាក់​ថា ក្មេងស្រី​នេះ​អាយុ ១៨​ឆ្នាំ ឋិត​ក្នុង​វ័យ​ទទួល​ខុស​ត្រូវ​​នៅ​ចំពោះ​មុខ​ច្បាប់៖ «ស្តាប់​មើល​ចម្លើយ​ភាគី​ទាំង​អស់​ឃើញ​ថា គឺ​ថា​មិន​មែន​កើត​ចេញ​ពី​ការ​រំលោភ​ទេ គឺ​កើត​ចេញ​ពី​ការ​ព្រមព្រៀង ហើយ​ពួក​គាត់​ដេក​នៅ​ផ្ទះ​សំណាក់។ មនុស្ស​សម្រេច​ចិត្ត​ឈាន​ជើង​​ចូល​ដល់​ផ្ទះ​សំណាក់ បាន​ន័យ​ថា មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ហើយ»

ទាក់ទិន​រឿងក្តី​នេះ​ដែរ ព្រះរាជអាជ្ញារង​អម​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្រ បញ្ជាក់​ដែរ​ថា លោក​បាន​ធ្វើ​ពាក្យ​ប្ដឹង​ទាល់​ពី​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើប​សួរ​ក្នុង​រឿង​ក្ដី​នេះ​ទៅ​អគ្គ​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​រួច​ហើយ។ លោក​កត់សំគាល់​ថា បាន​ចេញ​ដីកា​ចោទ​ប្រកាន់​បុរស​បី​នាក់​​ពី​បទ​រំលោភ​ផ្លូវ​ភេទ និង​ស្ត្រី​មេខ្យល់​ជាប់​ចោទ​ពី​បទ​រួមគំនិត និង​បង្ខាំង​មនុស្ស បន្ទាប់​ពី​ប៉ូលិស​​បាន​បញ្ជូន​សំណុំ​រឿង​ក្តី​នេះ​មក​មន្ត្រី​ស្ថាប័ន​អយ្យការ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អធិការ​ប៉ូលិស​ក្រុង​បានលុង លោក ឯម វុន បញ្ជាក់​ថា ក្នុង​សៀវភៅ​គ្រួសារ​​របស់​ក្មេងស្រី​ឲ្យ​ដឹង​ថា ក្មេងស្រី​នៅ​ខ្វះ​ពីរ​ខែ​បាន​គ្រប់​អាយុ ១៨​ឆ្នាំ ដូច្នេះ​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​​​ចាត់​ទុក​ក្មេងស្រី​ជា​អនីតិជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។