ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី ចេញដីកាកោះហៅប្រធានភូមិប៉ក់ធំ និងមេឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឲ្យចូលខ្លួនមកសាលាដំបូងនៅថ្ងៃទី១៧ ខែមីនា ដើម្បីបើកការស៊ើបសួររឿងក្តីចោទប្រកាន់អ្នកទាំងពីរពីបទកាប់រានព្រៃឈើខុសច្បាប់។
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ រស់នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ បាននាំគ្នាមកប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី១៧ ខែមីនា ធ្វើជាកម្លាំងចិត្តឲ្យប្រធានភូមិ និងមេឃុំរបស់ខ្លួនដែលចូលបំភ្លឺរឿងក្តីចោទកាប់រានព្រៃឈើខុសច្បាប់។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី លោក សាន ប៊ុនធឿន ចេញដីកាពីរផ្សេងគ្នាកោះហៅប្រធានភូមិប៉ក់ធំ គឺលោក ក្លាន ជីប និងមេឃុំប៉ក់ញ៉ៃ លោក រចំ ហ្លើយ ឲ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យស៊ើបសួរនៅរសៀលថ្ងៃទី១៧ ខែមីនា ក្នុងបទចោទកាប់រានឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
មេឃុំប៉ក់ញ៉ៃ លោក រចំ ហ្លើយ អះអាងថា ការចោទប្រកាន់នេះមិនត្រឹមត្រូវឡើយ ពីព្រោះលោកមិនបានកាប់រានព្រៃអ្វីនោះទេ។ លោកទទួលស្គាល់ថា តំបន់ព្រៃដែលតុលាការចោទប្រកាន់លោកថា ការកាប់រាននោះគឺប្រជាពលរដ្ឋជាង ៧០គ្រួសារនៅភូមិប៉ក់ធំ បាននាំគ្នាកាប់យកដីដោយសំអាងថា ជាព្រៃចម្ការចាស់របស់អ្នកភូមិជនជាតិដើមភាគតិចធ្លាប់អាស្រ័យផល។ លើសពីនេះទៀត ដីព្រៃនៅតំបន់នោះក៏រងការឈូសឆាយដោយគ្រឿងចក្រពីក្រុមឈ្មួញដែលទិញដីនោះពីប្រជាពលរដ្ឋនៅតំបន់ជិតនោះដូចគ្នា៖ «គេចោទថា កាប់រុករានព្រៃគេការពារ កន្លងមកខ្ញុំអត់ដែលបានទៅកាប់រុករានព្រៃគេការពារទេ។ យើងអត់មានខុសរឿងស្អីយើងភ័យខ្លាច»។
ចំណែកប្រធានភូមិប៉ក់ធំ លោក ក្លាន ជីប បដិសេធដូចគ្នាថា លោកមិនបានកាប់រានព្រៃនោះទេ។លោកថា ជារឿងអយុត្តិធម៌ដែលតុលាការចោទប្រកាន់តែអ្នកភូមិកាប់រានព្រៃ ដោយឡែកក្រុមឈ្មួញអ្នកឈូសឆាយព្រៃទ្រង់ទ្រាយធំនៅតំបន់នោះមិនត្រូវបានចោទប្រកាន់អ្វីនោះឡើយ៖ «មានភ័យខ្លាចស្អី និយាយតាមយើងឃើញ យើងដឹង។ អ្នកកាប់ប្រជាពលរដ្ឋក្នុងភូមិ។ កន្លែងហ្នឹងប្រជាពលរដ្ឋកាប់ទុកជាចម្ការវិលជុំ ទុកចោលបួនប្រាំឆ្នាំ ដល់ឈើដុះទៅកាប់ទៀត»។
នៅព្រឹកថ្ងៃទី១៧ ខែមីនា អ្នកភូមិប៉ក់ធំ ជាង ៤០នាក់ អមដំណើរមេភូមិ និងមេឃុំស្វែងរកកិច្ចអន្តរាគមន៍ផ្ដល់យុត្តិធម៌ពីការិយាល័យការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅក្រមស៊ើបសួរ លោក សាន ប៊ុនធឿន សុំអធិប្បាយរឿងក្ដីចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៧ ខែមីនា។ យ៉ាងណាក្នុងដីកាកោះហៅជនជាប់ចោទទាំងពីរឲ្យដឹងថា ការកាប់រានព្រៃនេះប្រព្រឹត្តឡើងតាំងពីខែមករា ឆ្នាំ២០១៦ ឋិតនៅចំណុចភូមិភិ ឃុំសេសាន។
ទាក់ទិនករណីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី សំដែងការបារម្ភចំពោះជនជាប់ចោទទាំងពីរដែលតុលាការសម្រេចចោទពីបទកាន់រានព្រៃឈើដែលមានចែងក្នុងមាត្រា ៩៧ ស្ដីពីច្បាប់ព្រៃឈើដែលត្រូវផ្ដន្ទាទោស ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ លោកថា រឿងក្ដីនេះពាក់ព័ន្ធទៅនឹងអ្នកភូមិជនជាតិដើមពីរភូមិដែលសំអាងថា ដីតំបន់នោះជាសិទ្ធិគ្រប់គ្រងរបស់សហគមន៍ទើបនាំគ្នាកាប់រានព្រៃយកដី៖ «ចាត់វិធានការតាមច្បាប់សមាគមអាដហុក គាំទ្រ ប៉ុន្តែសុំឲ្យចាត់វិធានការស្មើភាពគ្នាចំពោះអ្នកប្រព្រឹត្ត»។
ចំណែកអ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី លោក ប៊ូ ឡាំ បញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលមកដល់ការិយាល័យលោកថា រឿងក្ដីនេះពាក់ព័ន្ធសមត្ថកិច្ចតុលាការ ហេតុនេះការិយាល័យតំណាងរាស្ត្រនឹងធ្វើរបាយការណ៍ និងសំណូមពរប្រជាពលរដ្ឋជូនអាជ្ញាធរខេត្ត និងស្ថាប័នតុលាការជួយផ្ដល់យុត្តិធម៌ក្នុងរឿងក្ដីនេះ៖ «អ្នកតំណាងរាស្ត្របំពេញតួនាទីពាំនាំពាក្យបងប្អូនដែលមកពឹងពាក់ថ្ងៃនេះយកទៅឲ្យអាជ្ញាធរខេត្ត ស្រុកត្រួតពិនិត្យឡើងវិញ រកយុត្តិធម៌ឡើងវិញ មិនថាសមត្ថកិច្ចខេត្ត ស្រុក ឃុំ សមត្ថកិច្ចតុលាការ»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា ដីដែលពលរដ្ឋកាប់រានព្រៃនោះក្នុងមួយគ្រួសារប្រមាណកន្លះហិកតារ និងដោយឡែកព្រៃតំបន់នោះត្រូវឈ្មួញអ្នកទិញដីឈូសឆាយអស់ប្រមាណ ១០ហិកតារដូចគ្នា។
មកទល់នឹងរសៀលម៉ោង ៥ ថ្ងៃដដែលនេះជនជាប់ចោទទាំងពីរត្រូវបានចៅក្រមស៊ើបសួរអនុញ្ញាតឲ្យវិលទៅលំនៅឋានវិញបន្ទាប់ពីសាកសួរម្នាក់ប្រមាណ ២០នាទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។