សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចចំនួន៤៣រូប ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ តាមការសម្រេចរបស់សមាជិករដ្ឋសភាបក្សរបស់ខ្លួន ដោយគ្មានកែប្រែចំណុចណាមួយឡើយ។
ការសម្រេចឯកភាពលើច្បាប់ថវិកា ដែលមាន៦ជំពូក និង១៥មាត្រានេះ ពុំមានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលចូលប្រជុំទាំង៨រូបនោះទេ។
អគ្គលេខាធិការព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ ឲ្យអាស៊ីសេរីដឹងថា កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នៅថ្ងៃទី៥ ធ្នូ នេះ បានពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងថវិកានេះ ដោយគ្មានការកែប្រែលើចំណុចណាមួយនោះឡើយ បើទោះបីជាមានការលើជជែកដេញដោលរវាងសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្តី៖ «ព្រឹកមិញប្រជុំពេញអង្គ ( ព្រឹទ្ធសភា ) ប៉ុន្តែខ្ញុំចង់និយាយពីនីតិវិធីដំបូង នៅក្នុងកម្រិតគណៈកម្មាធិការ គឺគេបានសុំយោបល់ពីគ្រប់សមាជិកទាំងអស់ហើយ មុននឹងគេធ្វើការជាមួយរដ្ឋាភិបាល។ នៅគណៈកម្មាធិការគឺមិនមានអ្នកណាសុំកែប្រែបដិសេធ ឬក៏ស្អីទេ ហើយមកដល់សម័យប្រជុំពេញអង្គព្រឹកមិញនេះ ក៏គ្មានយោបល់ណាសុំបដិសេធ ឬសុំកែអីកន្លែងណាទេ»។
កាលពីថ្ងៃទី២២ វិច្ឆិកា សមាជិករដ្ឋសភាបក្សកាន់អំណាច ចំនួន៦៦រូប បានអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់នេះ ដោយគ្មានសំឡេងគាំទ្រពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដូចគ្នា។
លោក អ៊ុំ សារិទ្ធ បន្តថា គណៈកម្មាធិការជំនាញព្រឹទ្ធសភា ដែលពិនិត្យលើសេចក្ដីព្រាងច្បាប់នេះ បានចាត់ទុកច្បាប់នេះថា ជាច្បាប់ដែលឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពលរដ្ឋ និងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជាដើម។
ក្រៅពីសេចក្ដីព្រាងច្បាប់ថវិកា ព្រឹទ្ធសភាក៏ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដោយសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាទាំងពីរបក្សដែលមានវត្តមានទាំង៥១រូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
