ឈ្មួញរកស៊ីឈើជនជាតិវៀតណាមម្នាក់ ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារទាក់ទងនឹងការចង់រំដោះឈើប្រណិត ចេញពីរដ្ឋបាលព្រៃឈើក្នុងខេត្តស្ទឹងត្រែង។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៧ តុលា ថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៦ តុលា បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ឈ្មួញរកស៊ីឈើជនជាតិវៀតណាមរូបនេះ ចំនួន៣ករណី។ ការចោទប្រកាន់នេះរួមមាន ការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប៉ុនប៉ងលួច និងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។
យ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ថា ឈ្មួញរកស៊ីឈើជនជាតិវៀតណាមរូបនេះ ត្រូវឃុំខ្លួននៅពន្ធនាគារណានោះទេ។
ឈ្មួញរកស៊ីឈើល្បីឈ្មោះ នៅភូមិភាគឦសានរូបនេះ ត្រូវបានមន្ត្រីអាវុធហត្ថឃាត់ខ្លួនជាមួយនឹងបក្ខពួករបស់ខ្លួនជាង ១០នាក់ កាលពីថ្ងៃទី១៣ ខែតុលា នៅពេលដែលពួកគេបម្រុងចូលទៅរំដោះយកឈើប្រណិតចេញពីសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។
ឈើប្រណិតទាំងនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយបានប្រមូលឈើទាំងនោះមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ កាលពីថ្ងៃទី១២ ខែតុលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
