ជម្លោះនយោបាយរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចក្នុងរដ្ឋាភិបាលជាមួយនឹងមេដឹកនាំគណបក្សប្រឆាំង កំពុងកើតមានយ៉ាងតានតឹងក្នុងរយៈពេល ៣-៤ខែចុងក្រោយនេះ។ ជម្លោះនយោបាយនេះ ធ្វើឲ្យគណបក្សកាន់អំណាចដាក់ការគាបសង្កត់ទៅលើ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដូចជា ដកអភ័យឯកសិទ្ធិពីសមាជិកសភា ព្រមទាំងតាមចាប់ខ្លួនក្នុងរឿងទំនាស់បុគ្គល ដែលបង្ខំឲ្យ លោក សម រង្ស៊ី ត្រូវស្នាក់នៅក្រៅប្រទេសមួយរយៈ។
ចំណែកនៅខេត្តសៀមរាប ដែលជាខេត្តទាក់ទាញភ្ញៀវទេសចរបរទេសដ៏ល្បីល្បាញឯណោះវិញ តុលាការក៏បានចាប់ខ្លួនចៅសង្កាត់របស់គណបក្ស សម រង្ស៊ី ម្នាក់ដាក់ពន្ធនាគារដែរ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចបញ្ជូនសកម្មជនម្នាក់របស់គណបក្ស សម រង្ស៊ី ទៅឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ។
ប្រភពពីមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប ឲ្យដឹងថា បុរសឈ្មោះ ហ៊ាង សារី អាយុជាង ៦០ឆ្នាំ ដែលតុលាការចាប់ខ្លួននោះ គឺជាចៅសង្កាត់អំពិល ក្រុងសៀមរាប មកពីគណបក្ស សម រង្ស៊ី។
ប្រធានក្រុមការងារនៃគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប គឺអ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ថា លោក ហ៊ាង សារី ដែលតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនោះ គឺដោយសារតែគាត់បានចុះហត្ថលេខាលើឯកសារដីធ្លីខ្លះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវការយកទៅខ្ចីប្រាក់ពីធនាគារ ដើម្បីពង្រីកជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកស្រី កែ សុវណ្ណរតន៍ បញ្ជាក់ថា ដោយសារតែការចុះហត្ថលេខាលើឯកសារដីធ្លីខ្លះនោះ ធ្វើឲ្យអាជ្ញាធរអប្សរាដែលគ្រប់គ្រងតំបន់ភាគច្រើនទីនោះ បានប្ដឹងចោទប្រកាន់ពីបទចេញ និងក្លែងឯកសារខុសពីដែនសមត្ថកិច្ច។
អ្នកស្រី កែ សុវណ្ណរតន៍ យល់ឃើញថា បើត្រឹមតែចៅសង្កាត់អំពិល បានចុះហត្ថលេខាលើឯកសារដីធ្លីជូនប្រជាពលរដ្ឋនោះ មិនគួរណាឈានដល់ការចាប់ខ្លួនគាត់ឡើយ ពីព្រោះតែគាត់មិនបានទទួលផលប្រយោជន៍អ្វីក្រៅតែពីជួយប្រជាពលរដ្ឋទេ៖ «វាអាចជារឿងនយោបាយ ពីព្រោះថា នៅសង្កាត់ហ្នឹងគ្រប់គ្រងដោយគណបក្សប្រឆាំង។ ដូច្នេះ វាអាចជាសញ្ញាមួយគំរាមដល់គណបក្សប្រឆាំង»។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ទាក់ទងនឹងការចាប់ខ្លួនចៅសង្កាត់មកពីគណបក្សប្រឆាំងនេះ គឺជារឿងរបស់តុលាការ ប៉ុន្តែលោកទទួលស្គាល់ថា ប្រហែលជា ៣ខែមុន គឺអាជ្ញាធរអប្សរាបានប្ដឹង លោក ហ៊ាង សារី ជាចៅសង្កាត់អំពិល មែន ដោយសារតែគាត់បានចុះហត្ថលេខាលើឯកសារដីធ្លី ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន។
អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ មានប្រសាសន៍ថា ក្រុមការងាររបស់លោកនៅមិនទាន់បានចុះអង្កេតរឿងនេះនៅឡើយ ប៉ុន្តែបើសិនជាដូចព័ត៌មានដែលផ្ដល់ជំហានដំបូងថា ចៅសង្កាត់នោះបានចុះហត្ថលេខាលើឯកសារដីធ្លីដើម្បីជួយប្រជាពលរដ្ឋមែន គឺវាក៏ជាសមត្ថកិច្ចរដ្ឋបាលរបស់គាត់ដែរ។ លោក នូ ពុទ្ធិ បញ្ជាក់ថា អង្គការសិទ្ធិមនុស្សនឹងចាប់ផ្ដើមស៊ើបអង្កេតទៅលើករណីនេះ ហើយបើរកឃើញថា ចៅសង្កាត់មកពីគណបក្សប្រឆាំងរូបនោះគ្មានកំហុស គឺអង្គការសិទ្ធិមនុស្ស នឹងជួយការពារផ្នែកផ្លូវច្បាប់៖ «បើគាត់ត្រូវការសេវាផ្លូវច្បាប់ដើម្បីជួយគាំទ្រ គឺអង្គការលីកាដូ នឹងស្វាគមន៍តាមរយៈតំណាងរបស់គាត់ ឬក៏រូបគាត់ផ្ទាល់»។
ប្រភពពីមន្ត្រីតុលាការខេត្តសៀមរាប ឲ្យដឹងថា នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ គឺចៅក្រមស៊ើបសួរនៃសំណុំរឿងនេះ លោក ឈុន ច័ន្ទសីហា បានសម្រេចបញ្ជូនខ្លួនសកម្មជននៃគណបក្សប្រឆាំងនោះទៅឃុំឃាំងបណ្ដោះអាសន្ននៅពន្ធនាគារហើយ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីលោកចៅក្រមស៊ើបសួរបានថាយ៉ាងណានៅឡើយ ដោយសារតែលោកមិនទទួលទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
