ប្រជាពលរដ្ឋជាង ៨០គ្រួសារ ដែលធ្លាប់ទាមទារសិទ្ធិគ្រប់គ្រងដីធ្លីនៅសហគមន៍ចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ព្រួយបារម្ភខ្លាចក្រែងតុលាការខេត្តសៀមរាប ចោទប្រកាន់តំណាងពួកគេឱ្យជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌ បន្ទាប់ពីមានអ្នកភូមិ ១គ្រួសារបានប្ដឹងតំណាងរបស់ពួកគេពីបទឈូសបំផ្លាញផ្នូរសពកុមារម្នាក់។
កាលពីថ្ងៃទី៩ ខែមីនា ក្រុមអ្នកចំបក់៣ដើម រួមទាំងសហគមន៍ទំនាស់ដីធ្លីនៅក្នុងស្រុកបន្ទាយស្រី ជាង ១០០នាក់ បានលើកគ្នាទៅមុខតុលាការខេត្តសៀមរាប ក្នុងពេលដែលតុលាការបានកោះហៅតំណាងសហគមន៍ម្នាក់ និងបុរសជាម្ចាស់ត្រាក់ទ័រម្នាក់ទៀតទៅសាកសួរ។
តំណាងប្រជាពលរដ្ឋដែលរស់នៅសហគមន៍ចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ម្នាក់ អំពាវនាវឱ្យចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ទម្លាក់ចោលការចោទប្រកាន់មកលើរូបគាត់ចំពោះករណីដែលប្ដឹងផ្ដល់ជុំវិញរឿងឈូសបំផ្លាញផ្នូរសាកសពរបស់កុមារម្នាក់នោះ។
ការអំពាវនាវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីបានកោះហៅតំណាងសហគមន៍រូបនោះ ព្រមទាំងម្ចាស់ត្រាក់ទ័រម្នាក់ទៀតទៅសាកសួរកាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ។
តំណាងប្រជាពលរដ្ឋនៅសហគមន៍ចំបក់៣ដើម ជាប់ជើងភ្នំគូលែន គឺលោក ចាន់ រិទ្ធិ។ លោកកំពុងបង្ហាញការព្រួយបារម្ភចំពោះតុលាការដែលកោះហៅរូបលោកទៅសាកសួរជុំវិញបណ្ដឹងដែលចោទប្រកាន់ថា រូបលោកបានយកគ្រឿងចក្រទៅឈូសឆាយដីបំផ្លាញចោលផ្នូរសាកសពរបស់កុមារដែលសាច់ញាតិរបស់គេបានកប់ចោលជាច្រើនឆ្នាំមកហើយ។
លោក ចាន់ រិទ្ធិ បញ្ជាក់ថា រូបលោកនិងប្រជាពលរដ្ឋចំនួន ៨៥គ្រួសារ ទើបតែត្រូវបានអាជ្ញាធរខេត្តសៀមរាប ចែកដីទំហំ ៥៦ហិកតារ នៅជិតជើងភ្នំគូលែន ឱ្យកាន់កាប់ស្របច្បាប់ ដោយបានមិនដល់១ហិកតារផង ក្នុងមួយគ្រួសារ។ បន្ទាប់ពីទទួលបានដីនោះ កាលពីឆ្នាំ២០១៤ កន្លងទៅ គឺលោកបានជួលត្រាក់ទ័ររបស់បុរសឈ្មោះ រស់ សំអុល ទៅភ្ជួរដីនោះ ស្រាប់តែមានស្ត្រីឈ្មោះ រិទ្ធិ ថាវី និងបុរសឈ្មោះ ស ខឿន ជាអ្នកភូមិត្បែងខាងលិច បានដាក់ពាក្យបណ្ដឹងទៅតុលាការចោទប្រកាន់រូបលោកថា បានយកគ្រឿងចក្រទៅឈូសបំផ្លាញផ្នូរសាកសពកូនរបស់គេ។
តំណាងសហគមន៍ដដែលបដិសេធថា រូបលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ពីព្រោះដីដែលសហគមន៍កាន់កាប់នោះ មុនពេលដែលអាជ្ញាធរខេត្តសៀមរាប កាត់ចែកជូនប្រជាពលរដ្ឋ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ដោយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើធ្លាប់យកត្រាក់ទ័រទៅភ្ជួរដីដើម្បីដាំកូនឈើតាំងតែពីអំឡុងឆ្នាំ២០១០ មក មិនដែលឃើញមានអ្វីដែលនៅសង្ស័យថា ជាផ្នូរខ្មោចឡើយ៖ «គេប្ដឹងទៅតុលាការ ឃើញគេដាក់ថា ខ្ញុំរួមគំនិតឈូសឆាយដោយចេតនា តែផ្ទុយទៅវិញ ដីខ្ញុំនៅឆ្ងាយពីកន្លែងដែលគេអះអាងថា មានផ្នូរខ្មោច គឺប្រហែលជាង ៣០០ម៉ែត្រឯណោះ»។
លោក ចាន់ រិទ្ធិ គឺជាតំណាងអ្នកទាមទារសិទ្ធិកាន់កាប់ដីធ្លីនៅតំបន់ចំបក់ ៣ដើម ជាប់ជើងភ្នំគូលែន ជាច្រើនឆ្នាំមកហើយ ទម្រាំតែអាជ្ញាធរសុខចិត្តប្រគល់ដីទំហំ ៥៦ហិកតារ ឱ្យប្រជាពលរដ្ឋ ៨៥គ្រួសារបានកាន់កាប់។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងទៅអ្នកស្រី រិទ្ធិ ថាវី និងលោក ស ខឿន ដែលជាភាគីដើមបណ្ដឹង ចោទប្រកាន់តំណាងសហគមន៍នោះបាននៅឡើយទេ។
ប្រជាសហគមន៍នៅចំបក់៣ដើម កំពុងព្រួយបារម្ភខ្លាចក្រែងតុលាការចាប់ខ្លួនតំណាងពួកគេនៅពេលណាមួយ។
សមាជិកសហគមន៍ចំបក់៣ដើម ម្នាក់ លោក ញាន ភឿត ឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា រូបលោកនិងអ្នកភូមិជាង ១០០នាក់ផ្សេងទៀត បានលើកគ្នាទៅឈរនៅមុខតុលាការខេត្តសៀមរាប ក្នុងពេលដែលតុលាការកោះហៅតំណាងសហគមន៍របស់លោកទៅសាកសួរ។
លោក ញាណ ភឿត យល់ថា ប្រសិនបើតុលាការចោទប្រកាន់តំណាងរបស់លោកពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌទៅតាមបណ្ដឹងដែលចោទប្រកាន់ថា ឈូសរំលាយផ្នូរសាកសពកុមារមែននោះ គឺជារឿងមិនត្រឹមត្រូវទេ៖ «ព្រួយបារម្ភខ្លាចតែគេចាប់តំណាងសហគមន៍។ វាមិនសមទេ ព្រោះរដ្ឋបាលព្រៃឈើធ្លាប់ភ្ជួរដីនៅទីនោះមុនខ្ទេចអស់ហើយ គឺយើងមិនដឹងថា មានអ្វីទេ»។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ រកឃើញថា បញ្ហាប្ដឹងផ្ដល់របស់ប្រជាពលរដ្ឋ១គ្រួសារ ទៅលើតំណាងសហគមន៍ចំបក់៣ដើមនោះ អាចជាទំនាស់ផលប្រយោជន៍រឿងដីធ្លីនៅក្នុងតំបន់នោះ។
លោក នូ ពុទ្ធិ យល់ថា ទំនាស់នោះកើតមានជាយូរមកហើយ ប៉ុន្តែលោកចង់ឱ្យផ្លូវច្បាប់ដោះស្រាយឱ្យមានយុត្តិធម៌ត្រឹមត្រូវ ជៀសវាងកុំឱ្យផ្អែកលើការស្អប់ម្ខាង និងស្រឡាញ់ម្ខាង៖ «ការគោរពបូជា វាគួរតែយកចិត្តទុកដាក់អ៊ីចឹង ប៉ុន្តែគ្រាន់ថា ឱ្យអ្នកដាក់តម្កល់សព ប្រាកដថា បើទោះបីជាយើងដាក់សាច់ញាតិកប់ទីនោះ ក៏គួរមានសញ្ញាប្រាប់គេឱ្យច្បាស់លាស់»។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានទូរស័ព្ទទាក់ទងចៅក្រមស៊ើបសួរនៃសំណុំរឿងក្ដីនោះ លោក ងួន ណារ៉ា ជាច្រើនដង ដើម្បីសុំការពន្យល់ ក៏ប៉ុន្តែលោកមិនបានទទួលទូរស័ព្ទដើម្បីសន្ទនាទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ពន្យល់ថា ច្បាប់ក្រមព្រហ្មទណ្ឌថ្មី គឺមានចែងថា កន្លែងបញ្ចុះសពអ្នកស្លាប់ គឺមានទាក់ទងទៅនឹងជំនឿសាសនា ហើយបើជនណាទៅកាយ ឬក៏បំផ្លាញ គឺជាការប៉ះពាល់ដល់បូរណភាពសព គឺត្រូវមានទោសព្រហ្មទណ្ឌ៖ «ខ្ញុំនិយាយផ្លូវច្បាប់វាមានទ្រង់ទ្រាយជាផ្នូរ ឬក៏ជាមុង ទុកជាសំគាល់នៃកន្លែងកប់សពត្រឹមត្រូវបើមានអ្នកប្ដឹងគឺតុលាការអាចចំណាត់ការតាមនីតិវិធីច្បាប់»។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួន២ គឺសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូ នៅខេត្តសៀមរាប កំពុងបន្តឃ្លាំមើលពីចំណាត់ការរបស់តុលាការទៅលើតំណាងសហគមន៍ចំបក់៣ដើមម្នាក់ ដែលទទួលរងការប្ដឹងពីបទឈូសបំផ្លាញផ្នូរសាកសពកុមារម្នាក់នោះថា តើនឹងវិវត្តន៍ទៅជាយ៉ាងណាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
