បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ម្នាក់ គឺលោក សុន ឆ័យ បានដាក់ពាក្យបណ្ដឹងរក្សាការពារទៅតុលាការខេត្តសៀមរាប សុំឱ្យក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ ឈប់សាងសង់សណ្ឋាគារនៅតំបន់អង្គរឃ្យុងយូ ប៉ះពាល់លើដីកម្មសិទ្ធិឯកជន។
បណ្ដឹងរក្សាការពារនោះ ក៏ទាមទារឱ្យតុលាការធ្វើការវិនិច្ឆ័យជាថ្មីលើករណីទំនាស់ដីទំហំជាង ៣ហិកតារដែលរដ្ឋបានដកហូតយកពីលោក សុន ឆ័យ កាលពីជាង ៣ឆ្នាំមុនផង។
លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ មណ្ឌលភ្នំពេញ ឱ្យដឹងថា លោកត្រៀមខ្លួននឹងចូលទៅតុលាការខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ខាងមុខ ដើម្បីតទល់ផ្លូវច្បាប់ជុំវិញរឿងដីរបស់លោកដែលអាជ្ញាធរអប្សរាដកហូតយក ក៏ប៉ុន្តែបែរជាប្រគល់ទៅឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់សណ្ឋាគារទៅវិញ។
លោក សុន ឆ័យ មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ថា តុលាការខេត្តសៀមរាប បានចេញដីកាកោះហៅរូបលោកឱ្យចូលខ្លួនទៅបំភ្លឺជុំវិញបញ្ហាទំនាស់ដីធ្លីនោះ នៅថ្ងៃទី១០ ខែកក្កដា វេលាម៉ោង ៩ព្រឹក។
លោក សុន ឆ័យ បញ្ជាក់ថា ដីរបស់លោកដែលស្ថិតនៅតំបន់ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ កំពុងសង់សណ្ឋាគារនោះ គឺរដ្ឋបានដកហូតយកកាលពីជាង ៣ឆ្នាំមុន ក៏ប៉ុន្តែនៅពេលដែលលោកដាក់បណ្ដឹងរក្សាការពារសើរើឡើងវិញ គឺទើបតែមានមនុស្សដែលអះអាងថា ជាក្រឡាបញ្ជីតុលាការបានទូរស័ព្ទហៅរូបលោកឱ្យទៅទទួលយកលុយសំណងតិចតួច។
លោក សុន ឆ័យ បង្ហាញជំហរថា លោកត្រៀមខ្លួនជាស្រេចហើយដើម្បីតតាំងរឿងក្ដីឡើងវិញ បើទោះបីជាមិនទាន់ដឹងពីលទ្ធផលយ៉ាងណាក៏ដោយ៖ «ខ្ញុំរំពឹងមិនដឹងយ៉ាងម៉េចទេ ក៏ប៉ុន្តែដីហ្នឹងជាដីដែលរដ្ឋយកពីខ្ញុំដោយខុសច្បាប់ទៅទុកជាសម្បត្តិរដ្ឋ ហើយដល់ឥឡូវ ស្រាប់តែយកទៅឱ្យក្រុមហ៊ុនឯកជន ធ្វើអូតែល វាខុសច្បាប់ទាំងអស់។ ដូច្នេះខ្ញុំចង់ទៅមើលឯកសារដែលអប្សរា ឱ្យទៅ សុខ គង់ ហ្នឹងរបៀបយ៉ាងម៉េច? ហេតុអ្វីបានជាខ្ញុំម្ចាស់ដីអត់មានសិទ្ធិធ្វើអូតែល ទាល់តែ សុខ គង់ បានមានសិទ្ធិ?»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន សុខា អូតែល និងអគ្គនាយកអាជ្ញាធរអប្សរា ដើម្បីសុំប្រតិកម្មចំពោះបណ្ដឹងរក្សាការពាររបស់លោក សុន ឆ័យ នេះ បានថាយ៉ាងណានៅឡើយទេ។
ចំណែកប្រធានសាលាដំបូងខេត្តសៀមរាប លោក ងួន ណារ៉ា ក៏មិនអធិប្បាយយ៉ាងណាដែរ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកបានបញ្ជូនរឿងនេះទៅឱ្យចៅក្រមពិនិត្យហើយ៖ «ខ្ញុំក្នុងន័យរដ្ឋបាល គឺទទួលរឿងហើយបញ្ជូនទៅចៅក្រម គាត់អ្នកពិនិត្យ។ ការងារហ្នឹងគាត់បានដឹង ប៉ុន្តែធម្មតា គេធ្វើដំណើរការតាមនីតិវិធីហើយ»។
បណ្ដឹងរក្សាការពាររបស់លោក សុន ឆ័យ ដែលដាក់ជូនតុលាការខេត្តសៀមរាប ចុះថ្ងៃទី២៣ ខែមិថុនា បានចាត់ទុកអាជ្ញាធរអប្សរាដែលដកហូតយកដីរបស់លោក ក៏ប៉ុន្តែបែរជាឱ្យក្រុមហ៊ុនសុខា អូតែល យកទៅសាងសង់សណ្ឋាគារទៅវិញនោះ គឺជាអំពើខុសច្បាប់។ បណ្ដឹងនោះសង្កត់ធ្ងន់ថា មាត្រា៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ បានចែងថា៖ គ្មានបុគ្គលណាមួយត្រូវបានដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់និងនីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងសមរម្យ និងយុត្តិធម៌ជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
