សាលដីកា​រឿង​​លោក ម៉ម សូណង់ដូ នឹង​ត្រូវ​ប្រកាស​​​ថ្ងៃ​១៤ មីនា

សាលាឧទ្ធរណ៍​បាន​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​ក្ដី​លោក ម៉ម សូណង់ដូ ហើយ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មីនា ដោយ​សម្រេច​ផ្លាស់ប្ដូរ​បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ ពី​បទឧក្រិដ្ឋ មក​ជា​បទមជ្ឈិម​វិញ។ សាលដីកា​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ខាង​មុខ។

0:00 / 0:00

សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ទៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា បន្ទាប់​ពី​បាន​បញ្ចប់​ការ​ដេញ​ដោល​លើ​អង្គ​ហេតុ​អង្គ​ច្បាប់ និង​បាន​កំណត់​បទ​ចោទ​ថ្មី។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សវនាការ​សាលាឧទ្ធរណ៍ លោក​ចៅក្រម ឃុន លាងម៉េង បាន​ប្រកាស​ថា ការ​លើក​ពេល​ប្រកាស​សាលដីកា គឺ​ដោយសារ​សំណុំ​រឿង​នេះ​ស្មុគស្មាញ។ បន្ទាប់​ពី​បាន​ស្ដាប់​ការ​សួរ​ដេញដោល​ចំពោះ​ជន​ជាប់​ចោទ​ទាំង ៣​នាក់ គឺ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់ នឹង​ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី ៣​នាក់ រួម​ទាំង​ការ​វែកញែក​លើ​កំណត់​ហេតុ​ចម្លើយ​ជន​ជាប់​ចោទ ៣​នាក់ ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ជា​សាក្សី​ដាក់​បន្ទុក​លើ​លោក ម៉ម សូណង់ដូ រួច​មក​តំណាង​អគ្គ​ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ បាន​សន្និដ្ឋាន​ប្ដូរ​បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ។

ព្រះរាជ​អាជ្ញា លោក ហ៊ាន រិទ្ធិ បាន​សន្និដ្ឋាន​ថា ការ​ចោទ​ប្រកាន់ លោក ម៉ម សូណង់ដូ ដោយ​ចៅក្រម​សាលា​ដំបូង គឺ​ពុំ​ទាន់​ត្រឹម​ត្រូវ​នៅ​ឡើយ។ ករណី​នេះ​លោក​សម្រេច​ផ្លាស់​ប្ដូរ​បទ​ចោទ​លើ​លោក ម៉ម សូណង់ដូ ពី​បទឧក្រិដ្ឋ មក​ជា​បទមជ្ឈិម​វិញ។ ក្នុង​នោះ​លោក ម៉ម សូណង់ដូ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​មេ​គំនិត​អោយ​មាន​បទ​ល្មើស​ព្រៃ​ឈើ តាម​មាត្រា ៩៧ ចំណុច​ទី ៦ នៃ​ច្បាប់​ព្រៃ​ឈើ និង​ជ្រៀត​ជ្រែក​មុខងារ​រាជការ​សាធារណៈ ​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា ៦០៩ និង ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែល​ពាក់​អាវ​ដៃ​ខ្លី​ពណ៌​សំបកពង​មាន់ មាន​ដាក់​ក្រវាត់​ក តាម​ទម្លាប់​នៅ​តែ​អះអាង​ថា លោក​ពុំ​បាន​ផ្ដួច​ផ្ដើម​គំនិត​អោយ​មាន​បទ​ល្មើស​ដូច​ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​ឡើយ។ យ៉ាងណា​លោក​មាន​គំនិត​សុទិដ្ឋិនិយម​ថា ចៅក្រម​សាលា​ឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវ​ចោទ​ពី​បទ​ផ្ដើម​គំនិត​ញុះញង់​អោយ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​រាជការ កុបកម្ម ជ្រៀត​ជ្រែក​កិច្ចការ​សាធារណៈ តាម​មាត្រា ២៨ ៤៥៦ ៤៥៧ និង ៤៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ចលនា​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ តាម​រយៈ​បទ​ចោទ​ទាំង​នេះ​លោក​ត្រូវ​កាត់​អោយ​មាន​ទោស ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ។លោក ស សូវាន ជា​សហ​មេធាវី​ការពារ​អោយ​លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា ការ​កែប្រែ​បទ​ចោទ គឺ​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​រឿង​ក្ដី​នេះ ក៏​ដូច​ជា​កូន​ក្ដី​របស់​លោក។

អ្នក​ស៊ើប​អង្កេត​នៃ​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា មិន​ខុស​ពី​សវនាករ​នៅ​សាលាដំបូង​ឡើយ លោក​សង្កេត​ឃើញ​ថា ពុំ​មាន​ចំណុច​ដែល​អាច​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ឡើយ។ លោក​រំពឹង​ថា ចៅ​ក្រម និង​ពិចារណា​លើក​លែង​ការ​ចោទ​លើ​លោក ម៉ម សូណង់ដូ។

ក្នុង​សវនាការ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា បាន​ទទួល​យក​ទៅ​ពិចារណា​នូវ​ឯកសារ​វិភាគ​ផ្លូវ​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ។ ឯកសារ​នោះ​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ពាក់​ព័ន្ធ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន ដូច​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​លោក ម៉ម សូណង់ដូ។

នៅ​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា​នេះ​ដែរ នៅ​ខាង​ក្រៅ​របង​សាលា​ឧទ្ធរណ៍​ ប្រជាពលរដ្ឋ​ជាង ៣០០​នាក់ ដែល​ភាគ​ច្រើន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា លើក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ រូបថត​លោក ម៉ម សូណង់ដូ និង​ស្រែក​ទាមទារ​អោយ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ ពួក​គេ​បន្ត​ប្រកាសប្រាប់​សាលា​ឧទ្ធរណ៍​ថា លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ គឺ​ពុំ​មាន​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។