តុលាការ​ខេត្ត​ស្ទឹងត្រែង​សម្រេច​ឃុំ​អ្នក​កាសែត​៣​នាក់​ចោទ​ពី​បទ​កំហែង​ទារ​ប្រាក់

ដោយ រដ្ឋា វិសាល
2014.07.23

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក ឡេង វណ្ណរិទ្ធ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​អ្នក​កាសែត​បី​នាក់​នៅ​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​កក្កដា។

អ្នក​កាសែត​ទាំង​បី​នាក់​នោះ​រួម​មាន ចាងហ្វាង​កាសែត​នាគរាជ លោក គឹម សុវណ្ណរិទ្ធ អ្នក​យក​ព័ត៌មាន​កាសែត​សង្គម​ខ្មែរ លោក ម៉ម ម៉ុន និង​អ្នក​យក​ព័ត៌មាន​កាសែត​ជាតិ​ខ្មែរ លោក គឹម ស៊ីនឿន ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដោយសារ​តែ​អ្នក​កាសែត​ទាំង​បី​នាក់​ព្យាយាម​ថត​រូប​គំនរ​ឈើ​របស់​មន្ត្រី​អាវុធហត្ថ កំពុង​ព្យាយាម​ដឹក​ចេញ​ពី​ព្រៃ ក្រោម​ហេតុផល​ដឹក​ជញ្ជូន​ឈើ​ទៅ​ឲ្យ​មេបញ្ជាការ​ផ្ទៃ​ប្រទេស លោក សៅ សុខា។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ចោទ​ក្រុម​អ្នក​កាសែត ថា​កំហែង​ទារ​ប្រាក់ ៥០០​ដុល្លារ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នោះ ក៏ប៉ុន្តែ​អ្នក​កាសែត​អះអាង​ថា មិន​បាន​កំហែង​យក​ប្រាក់​ទេ គឺ​ពួក​គេ​សុំ​ប្រាក់​ចាក់​សាំង​ឡាន​តែ​ប៉ុណ្ណោះ។

មេធាវី​ការពារ​ក្តី​អ្នក​កាសែត លោក ម៉ៅ សារី ហៅ​ចំណាត់​ការ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ថា មិន​មាន​អង្គ​ហេតុ​កើត​ឡើង​ត្រឹមត្រូវ គ្មាន​ភស្តុតាង គឺ​មាន​តែ​ដើម​ចោទ​ជា​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ជា​ដើម​ចោទ និង​ជា​អ្នក​កសាង​សំណុំ​រឿង​ខ្លួន​ឯង។ លោក​អះអាង​ថា នឹង​ដាក់​ពាក្យ​ប្ដឹង​ទាស់​ដីកា​សម្រេច​នេះ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​លោក៖ «យើង​មាន​អាសយដ្ឋាន​ច្បាស់​លាស់ ហើយ​ព្យសនកម្ម​នៃ​បទល្មើស​មិន​បណ្ដាល​ឲ្យ​មាន​ភាព​ក្តៅ​ក្រហាយ​ដល់​ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក​ទេ ព្រោះ​គ្រាន់​តែ​ជា​លក្ខណៈ​ចោទ​ប្រកាន់ មិន​ទាន់​រក​ឃើញ​ពិត​ជា​មាន​អង្គ​ហេតុ​ហ្នឹង​កើត​ឡើង​ផង​ហ្នឹង ប៉ុន្តែ​បើ​សិន​មាន​អង្គ​ហេតុ អ្នក​ហ្នឹង​ទារ​លុយ​កើត​ចេញ​ពី​ការ​ដឹក​ឈើ អ៊ីចឹង​អ្នក​ដឹក​ឈើ​ក៏​ខុស​ច្បាប់​ដែរ ព្រោះ​អ្នក​ដឹក​ឈើ​មាន​ច្បាប់​មក​ពី​ណា។ ក្នុង​រឿង​នេះ តុលាការ​មិន​គួរ​ឃុំ​ទេ តុលាការ​គួរ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​សិន​ទៅ ចាំ​ស៊ើប​អង្កេត​តាម​ក្រោយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ចៅក្រម​ស៊ើបសួរ លោក ឡេង វណ្ណរិទ្ធ បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​លើក។

យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) លោក ហូ សំអុល កត់​សម្គាល់​ថា ការ​ចេញ​ដីកា​ឃុំ​ខ្លួន​អ្នក​កាសែត​របស់​ចៅក្រម​ស៊ើបសួរ ទំនង​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច។ លោក​បន្ត​ថា រឿង​ក្តី​នេះ​អាច​ទាក់ទិន​នឹង​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​មន្ត្រី​តុលាការ​មិន​ចោទ​ប្រកាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។