អ្នកយកព័ត៌មានកាសែតវិមានឯករាជ្យ ប្រចាំខេត្តស្ទឹងត្រែង លោក ព្រំ ធា ត្រូវបានចៅក្រមស៊ើបសួរ អ្នកស្រី បេ គឹមយាង ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្ត នៅថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសេសាន នាំខ្លួនលោកពីលំនៅឋានកាលពីពីរថ្ងៃកន្លងទៅ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល អះអាងថា តាមការអង្កេតជំហានដំបូងរបស់លោកឃើញថា ការចាប់ខ្លួនអ្នកកាសែតនេះ សមត្ថកិច្ចកងរាជអាវុធហត្ថមិនមានដីកាចាប់ខ្លួនទេ ក៏ប៉ុន្តែបានចាប់បញ្ជូនជនសង្ស័យទៅតុលាការ ក្នុងបទចោទប្រកាន់កំហែងយកប្រាក់។ លោកថា ការចាប់ខ្លួននេះ ខុសនីតិវិធីនៃការចាប់ខ្លួនជនសង្ស័យ ដែលមិនមែនជាបទល្មើសជាក់ស្តែង។
លោក ហូ សំអុល៖ «ជួបប្រពន្ធគាត់ គាត់ថាអត់ដីកាទេ គឺគាត់កំពុងធ្វើម៉ូតូ មានកម្លាំងប៉េអិមចុះមក ថាសុំខ្លួនទៅខេត្តមួយភ្លែត ដើម្បីសាកសួរ ហើយក៏មិនបាននិយាយថានឹងសាកសួរពីបទអ្វីទេ។ ខ្ញុំនឹងត្រៀមរកមេធាវីដាក់ឲ្យគាត់ ដើម្បីធានាឲ្យគាត់បាននៅក្រៅឃុំតាមនីតិវិធីច្បាប់»។
ទាក់ទិនករណីនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក ទៀង វ៉ាន់ឌី នៅថ្ងៃទី១២ ខែកញ្ញា បដិសេធមិនអធិប្បាយជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក្រោមហេតុផលជាប់រវល់ប្រជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
