តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ករណី​លោក មាជ សុវណ្ណារ៉ា នៅ​ថ្ងៃ​ទី​២៦ ​តុលា

0:00 / 0:00

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា តុលាការ​កំពូល​សម្រេច​លើក​យក​សំណុំរឿង​លោក មាជ សុវណ្ណារ៉ា មក​ជំនុំជម្រះ។ ក្រុម​មេធាវី​ដែល​ការពារ​ក្ដី​ឲ្យ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​បណ្ដឹង​សុំ​ឲ្យ​តុលាការ​កំពូល ទម្លាក់​ចោល​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​ចោទ​ថា លោក មាជ សុវណ្ណារ៉ា ធ្លាប់​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះលែង​ដើម្បី​បាន​ទៅ​ក្រៅ​ប្រទេស​ព្យាបាល​ជំងឺ​ដែល​បណ្ដាល​ពី​របួស​ចាស់។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា យល់​ឃើញ​ថា សាលក្រម​មុន​អង្គ​សេចក្ដី​ដែល​ចេញ​ដោយ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ គឺ​ជា​សាលក្រម​ដែល​តុលាការ​ចេញ​ទាំង​បំពាន និង​ធ្វើ​ឡើង​ដោយ​ចិត្ត​ខ្លួន​ឯង។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល អ្នកស្រី គឹម សុថាវី សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ជុំវិញ​ការ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​សាលក្រម​ហាមឃាត់​មិន​ឲ្យ​លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ក្រៅ​ប្រទេស​ទទួល​ការ​ព្យាបាល​តាម​ការ​ណាត់​របស់​វេជ្ជបណ្ឌិត ក្រោយ​ការ​ជំនុំជម្រះ​យ៉ាង​ស្វិតស្វាញ​រៀងៗ​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ភ្លាម ដោយ​ដៃ​ជាប់​ខ្នោះ​ផង លោក មាជ សុវណ្ណារ៉ា ប្រតិកម្ម​ដោយ​ចាត់​ទុក​ថា សំណុំ​រឿង​របស់​លោក គឺ​ជា​បញ្ហា​នយោបាយ ហេតុ​នេះ​បើ​ចង់​ដោះស្រាយ លុះ​ត្រា​ត្រូវ​ដោះស្រាយ​តាម​បែប​នយោបាយ​វិញ​ទើប​អាច​មាន​សង្ឃឹម។ លោក​បន្ត​ថា «បើ​នាយក​រដ្ឋមន្ត្រី​ស្នើសុំ​ដើម្បី​ឯកភាព​គ្នា និង​ដើម្បី​បញ្ចប់​ការ​បែកបាក់​ដោយ​ការ​ឈឺ​ចាប់ យើង​កសាង​ទំនុក​ចិត្ត​ជាមួយ​គ្នា ដើម្បី​ឈាន​ទៅ​រក​ការ​ជឿនលឿន ដោយ​អ្នក​នយោបាយ​មិន​បែង​ជើង​គ្នា។ នេះ​ហើយ​ជា​ភាព​ជោគជ័យ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​នយោបាយ​ត្រូវ​ដោះ​ដោយ​នយោបាយ ហើយ​លោក ហ៊ុន សែន គាត់​ចាស់ ហើយ​កូន​គាត់​នៅ​ធ្វើ​នយោបាយ​ក្រោយ​ទៀត»។

លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​លោក លឹម មករន្ទ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥។ ក្នុង​ពេល​តែ​មួយ​សកម្មជន ១០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៧​ឆ្នាំ។ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក មាជ សុវណ្ណារ៉ា និង​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក​ដាក់​បណ្ដឹង​ជំទាស់​សាលក្រម​ជា​ហូរហែ​មក​នេះ គឺ​ជំទាស់​សាលក្រម​មុន​អង្គ​សេចក្ដី។ សាលក្រម​នេះ បាន​បិទ​ផ្លូវ​មិន​ឲ្យ​លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​ការ​ព្យាបាល​មុខ​របួស​ក្រោយ​លោក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា គឺ​លោក ជូង ជូងី យល់​ឃើញ​ថា ទាំង​លោក និង​លោក មាជ សុវណ្ណារ៉ា ពុំ​ដែល​បាន​ស្នើសុំ​ទៅ​តុលាការ​ដើម្បី​សុំ​សិទ្ធិ​ទៅ​ព្យាបាល​ស្នាម​របួស​នៅ​ក្រៅ​ប្រទេស​ម្ដង​ណា​ឡើយ។ ជាង​នេះ​ទៀត មូលហេតុ​ដែល​តុលាការ​ចេញ​សាលក្រម​ហាម​ឃាត់​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល និង​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​ចំពោះ​លោក មាជ សុវណ្ណារ៉ា ។ ម្យ៉ាង​ទៀត សាលក្រម​នេះ ធ្វើ​ឡើង​មុន​ការ​ផ្ដន្ទាទោស​របស់​តុលាការ ហើយ​សាលក្រម​នេះ​នៅ​ពុំ​ទាន់​ចូល​ជា​ស្ថាពរ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «សវនាការ​ព្រឹក​មិញ​នេះ​ជជែក​ពី​រឿង​តុលាការ​ក្រុង​ចេញ​សាលក្រម​ដោយ​ឯងៗ ហាម​លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ហើយ​ដោយ​សេចក្ដី​សម្រេច​ឥត​ចាំបាច់​ត្រូវ​ចេញ​ទេ។ កូន​ក្តី​ខ្ញុំ​លោក មាជ សុវណ្ណារ៉ា តាំង​ពី​ដើម​រហូត​មក ឥត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​គាត់​រាំង​ស្ទះ​នីតិវិធី​តុលាការ​ទាល់​តែ​សោះ»។

នៅ​ក្នុង​បន្ទប់​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ទាំង​មេធាវី​ការពារ​ក្ដី​របស់​លោក មាជ សុវណ្ណារ៉ា តំណាង​អយ្យការ​លោក ឈួន ចន្ថា និង​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ អ្នកស្រី គឹម សុថាវី បាន​បន្ត​ខ្វែង​គំនិត​គ្នា​លើ​នីតិវិធី​មួយ​ចំនួន​ក្នុង​ពេល​ដំណើរការ​ជំនុំជម្រះ។

នៅ​នាទី​ចុង​ក្រោយ លោក មាជ សុវណ្ណារ៉ា បាន​ជំទាស់​ទៅ​នឹង​ការ​សន្និដ្ឋាន​របស់​តំណាង​អយ្យការ លោក ជួន ចន្ថា ដែល​យល់​ឃើញ​ថា សាលក្រម​មុន​អង្គ​សេចក្ដី​របស់​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដែល​បង្គាប់​មិន​ឲ្យ​លោក មាជ សុវណ្ណារ៉ា ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។ រំពេច​នោះ អ្នក​រិះគន់​ដែល​មិន​សំចៃ​មាត់​គឺ​លោក មាជ សុវណ្ណារ៉ា បាន​ប្រតិកម្ម​ដោយ​ព្រមាន​ថា លោក​មាន​សំណុំរឿង​ប្រមាណ ៣០០​ករណី​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច ហើយ​ដែល​អាច​នឹង​បញ្ចេញ​នៅ​ពេល​ណា​មួយ ក្រោយ​លោក​មាន​សេរីភាព​វិញ។ បញ្ហា​ទាំង​នេះ ដោយ​សារ​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​របស់​តុលាការ ជា​ពិសេស​ព្រះរាជអាជ្ញា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម​កាន់​តែ​ខ្លាំង។ ក្រៅ​ពី​នេះ នៅ​មាន​យុវជន​ដែល​ជា​បញ្ញវន្ត​ប្រមាណ ១០០​នាក់​ទៀត ត្រូវ​រង​គ្រោះ​ពី​ការ​ជំនុំជម្រះ​ដែល​មិន​ផ្អែក​លើ​គោលការណ៍​ច្បាប់​នេះ​ថែម​ទៀត​ផង។

ទាក់ទិន​រឿង​នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​អនុវត្ត​ផ្ទុយ​ពី​នីតិវិធី​នេះ ស្ទើរ​តែ​​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​សម្រាប់​សង្គម​កម្ពុជា។ បន្ថែម​ពី​លើ​នេះ រាល់​សំណុំរឿង​លាយ​ឡំ​នឹង​នយោបាយ កម្រ​ឃើញ​ថា តុលាការ​ផ្ដល់​ភាព​ត្រឹមត្រូវ​ និង​យុត្តិធម៌​ដែល​ផ្អែក​លើ​អង្គហេតុ និង​ភស្តុតាង​ដោះបន្ទុក​របស់​ជន​រង​គ្រោះ​ណាស់៕

ទស្សនា​វីដេអូ៖ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ករណី​លោក មាជ សុវណ្ណារ៉ា នៅ​ថ្ងៃ​ទី​២៦ ​តុលា

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ករណី​លោក មាជ សុវណ្ណារ៉ា នៅ​ថ្ងៃ​ទី​២៦ ​តុលា តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ករណី​លោក មាជ សុវណ្ណារ៉ា នៅ​ថ្ងៃ​ទី​២៦ ​តុលា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។