តុលាការកំពូល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធអតីតមន្ត្រីមានឋានៈខ្ពស់នៅក្រុងបាវិត ប្រើអាវុធបាញ់ឲ្យកម្មការិនី ៣នាក់របួស។ តុលាការកំពូល សម្រេចដាក់ទោសជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ លើទណ្ឌិត ឈូក បណ្ឌិត ដែលកំពុងរត់គេចខ្លួន។
ក្រុមកម្មការិនីដែលរងរបួសទាំង ៣នាក់ មិនពេញចិត្តចំពោះការសម្រេចនេះឡើយ និងទាមទារសំណងជំងឺចិត្តម្នាក់ ៥ម៉ឺនដុល្លារ និង ២នាក់ទៀត ទារជំងឺចិត្តតែ ៤ម៉ឺន ៥ពាន់ដុល្លារក្នុងម្នាក់ៗ ព្រមទាំងទាមទារឲ្យតុលាការស្វែងរកចាប់ទណ្ឌិត ឈូក បណ្ឌិត ដាក់ពន្ធនាគារ។
ចៅក្រម ៥រូបរបស់តុលាការកំពូល នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ សម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍ក្នុងរឿងរ៉ាវទណ្ឌិត ឈូក បណ្ឌិត បាញ់កម្មការិនី ៣នាក់ឲ្យរបួស នៅរោងចក្រកៅវ៉េ (Kaoway) ក្រុងបាវិត។ ក្នុងនោះ លោក ឈូក បណ្ឌិត ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ និងសងជំងឺចិត្តទៅជនរងគ្រោះទាំង ៣នាក់ សរុបចំនួន ៩.៥០០ដុល្លារ។ សំណងនេះ ត្រូវផ្តល់ទៅកម្មការិនី នុត សុខន ចំនួន ២.៥០០ដុល្លារ កម្មការិនី កែវ នា ចំនួន ២.០០០ដុល្លារ និងកម្មការិនី ប៊ុន ចិន្តា ចំនួន ៥.០០០ដុល្លារ។
កម្មការិនី នុត សុខន និង កែវ នា ថ្លែងថា តុលាការទាំង ៣ថ្នាក់ ចាប់ពីសាលាដំបូងខេត្តស្វាយរៀង មកសាលាឧទ្ធរណ៍ និងតុលាការកំពូល សុទ្ធតែកាត់ក្តីសម្រាលទោសចុងចោទ ឈូក បណ្ឌិត ជាអតីតមន្ត្រីមានអំណាចនៅក្នុងខេត្តស្វាយរៀង ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌយកកាំភ្លើងបាញ់លើកម្មករគ្មានអាវុធ ហើយជាស្រីទៀត ឲ្យជាប់ទោសតែ ១ឆ្នាំ ៦ខែ និងបណ្តោយឲ្យជនល្មើសរស់នៅក្រៅពន្ធនាគារទៀត។ មិនតែប៉ុណ្ណោះ ទណ្ឌិតរូបនោះមិនព្រមសងជំងឺចិត្តពួកគាត់ និងមកសុំទោស ឬសួរសុខទុក្ខពួកគាត់ ដែលរងគ្រាប់កាំភ្លើងនោះទេ៖ «នុត សុខន៖ បើសិនជាគាត់អ្នកធម្មតាវិញ គាត់ជាប់គុកបាត់ហើយ នេះដោយសារគាត់មានខ្សែគាត់ខ្ពស់ៗ មានខ្សែដើរបុកលុយគ្រប់កន្លែងអ៊ីចឹង បានជាតុលាការឲ្យគាត់រួចខ្លួនរហូត។ កែវ នា៖ សំណងនិយាយរួមទៅប្រកាសតាំងពីខេត្តស្វាយរៀង មិនទាន់សងពួកខ្ញុំ ១០០ មួយរៀលណាទេ ហើយមុខរបួសពួកខ្ញុំនៅតែឈឺដូចដើមដដែលទៀត ហើយរហូតមកដល់ពេលនេះហើយ រឿងហ្នឹងនៅតែមិនទាន់ដាច់ស្រេច បើយកលុយប៉ុណ្ណឹងមកមើលជំងឺ ក៏មិនជាដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះហើយ ពួកខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ពេលមកដល់សាលាកំពូលហើយ ខ្ញុំសង្ឃឹមថាសាលាកំពូលនឹងរកយុត្តិធម៌ឲ្យពួកខ្ញុំ។ ផ្ទុយទៅវិញ បែរជាសាលាកំពូលគិតដូចជាសាលាឧទ្ធរណ៍ គិតដូចជាសាលាដំបូងខេត្តស្វាយរៀង ដដែល ខ្ញុំក៏មិនដឹងមានពាក្យអីនិយាយទៀតដែរ»។
កម្មការិនី ប៊ុន ចិន្តា ថ្លែងថា ពួកគាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនល្មើសនៅក្រៅឃុំ ព្រោះតុលាការទាំង ៣ថ្នាក់ មិនចេញដីកានាំខ្លួនទណ្ឌិត ឈូក បណ្ឌិត ទៅដាក់ពន្ធនាគារទេ៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល ជួយពួកនាងខ្ញុំផង ព្រោះអីរឿងហ្នឹង ៣ឆ្នាំហើយ គឺរដ្ឋាភិបាលធ្វើមិនដឹងធ្វើមិនឮ ពួកនាងខ្ញុំឈឺរាល់ថ្ងៃ អត់មានលុយមើលជំងឺទេ។ ពេលណាត្រជាក់ឈឺចាប់យកដូចស្អីខាំអ៊ីចឹងនៅមុខរបួស។ ពួកខ្ញុំទៅពេទ្យរហូត ពួកខ្ញុំមានលុយពីណា ដល់ពេលណាធ្វើការក៏ពួកខ្ញុំមិនបានធ្វើការពេញខែដែរឈប់រហូត»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កម្មកររោងចក្រកៅវ៉េ បានតវ៉ាសុំប្ដូរលក្ខខណ្ឌការងាររហូតមានការបង្ក្រាបពីកម្លាំងប្រដាប់អាវុធខេត្តស្វាយរៀង។ ពេលនោះ កម្មការិនី ប៊ុន ចិន្តា ត្រូវគ្រាប់កាំភ្លើងធ្លាយសួត កម្មការិនី នុត សាខន របួសខ្នង និងដៃ និងកម្មការិនី កែវ នា របួសដងខ្លួន។ រហូតមកដល់ពេលនេះ របួសពួកគេរើម្តងម្កាល និងត្រូវចាក់ថ្នាំរហូត។ ពួកគេទារជំងឺចិត្តពីជនល្មើស ឈូក បណ្ឌិត ដោយកម្មការិនី ប៊ុន ចិន្តា ទារជំងឺចិត្ត ៥ម៉ឺនដុល្លារ កម្មការិនី កែវ នា និង នុត សាខន ទារជំងឺចិត្តម្នាក់ៗ ៤ម៉ឺន ៥ពាន់ដុល្លារ។ ប្រាក់បង់ជំងឺចិត្តនេះ គឺឲ្យសងថ្លៃថ្នាំព្យាបាលរយៈពេលខ្លី រយៈពេលវែង និងសងថ្លៃខកខានមិនបានទៅធ្វើការងារក្នុងពេលគ្រោះថ្នាក់ និងពេលព្យាបាល ជាដើម។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា តុលាការ និងរដ្ឋាភិបាលកម្ពុជា គ្មានបំណងចាប់ លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារទេ ទោះបីជននោះបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក៏ដោយ ប៉ុន្តែបើមានចេតនា គួរអនុវត្តទោសដូចអតីតស្នងការក្រុង លោក ហេង ពៅ បានរត់គេចដល់បរទេសក៏អាចទៅចាប់យកមកផ្ដន្ទាទោសបាន។ លោកសុំឲ្យតុលាការ និងរដ្ឋាភិបាល គួរចាប់ លោក ឈូក បណ្ឌិត ដូចតាមចាប់ លោក ហេង ពៅ មកដាក់ទោស ទើបប្រទេសកម្ពុជា មិនមាននិទ្ទណ្ឌភាព៖ «ខ្ញុំជឿថា រឿងនេះបើសិនជាខុសពី លោក ឈូក បណ្ឌិត គឺច្បាស់ជាចោទពីបទប៉ុនប៉ងមនុស្សឃាត ហើយត្រូវចាប់ខ្លួនភ្លាមៗ ប៉ុន្តែដល់ទាក់ទង លោក ឈូក បណ្ឌិត ដែលជាអ្នកមានអំណាច ហើយមានខ្នងបង្អែកនៅពីក្រោយ មកទល់ពេលនេះ គឺមិនទាន់មានការចាប់ខ្លួន លោក ឈូក បណ្ឌិត ទេ។ នេះគឺជានិទ្ទណ្ឌភាពមួយនៅក្នុងប្រទេសកម្ពុជា យើង បើសិនជាគេចង់ចាប់ មិនពិបាកទេ ដូច លោក ហេង ពៅ អ៊ីចឹង ទៅដល់ប្រទេសម៉ាឡេស៊ី រឿងអីគេទៅចាប់មកបាន ចុះ លោក ឈូក បណ្ឌិត នៅក្នុងស្រុកខ្មែររាប់ខែរាប់ឆ្នាំ ម៉េចក៏រករឿងចាប់មិនបាន»។
នៅក្នុងសវនាការតុលាការកំពូល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ មិនមានវត្តមាន លោក ឈូក បណ្ឌិត នៅក្នុងសវនាការទេ។ ប៉ុន្តែលោកផ្តល់សិទ្ធិជូនមេធាវីពីររូប គឺលោក តែ ចំណាន និងលោក ស៊ុន ប៊ុនណារិទ្ធ។ ក្រោយពីឡើងសុំឲ្យតុលាការសម្រាលទោសកូនក្តីឈ្មោះ ឈូក បណ្ឌិត និងមិនព្រមសងជំងឺចិត្តតាមកម្មការិនីទារ មេធាវីការពារក្តីទាំងពីររូប បានដើរចោលការប្រកាសសាលក្រមរបស់តុលាការកំពូល និងមិនបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ថ្លែងថា កម្មការិនីរងរបួសទាំង ៣នាក់ គឺមិនបាននៅក្នុងកន្លែងតែមួយទេនៅពេលកើតហេតុ។ អ្នកទាំង ៣នាក់រងរបួសនៅទីតាំងខុសគ្នា និងឆ្ងាយពីគ្នាទៀត គឺអ្នកបាញ់ហាក់ចេតនាធ្វើឲ្យគេស្លាប់។ លោកថា ប្រសិនបើតុលាការពិតជាឯករាជ្យនោះ ទណ្ឌិត ឈូក បណ្ឌិត ត្រូវតែជាប់ចោទបទប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា បង្កដោយមន្ត្រីរាជការសាធារណៈ។ លោកថា ការផ្ដន្ទាទោសរបស់តុលាការទាំង ៣ថ្នាក់ឲ្យជនល្មើសប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ជាប់ទោសតែ ១ឆ្នាំ ៦ខែ ហាក់ដូចជាការលើកលែងទោសឲ្យរួចទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
