តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក

0:00 / 0:00

តុលាការ​កំពូល ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប​នៅ​ក្រៅ​ពន្ធនាគារ តាម​បណ្ដឹង​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​ហួស​កាល​កំណត់​នោះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សាល​ដីកា​នេះ ដោយ​ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌។

សាល​ដីកា​របស់​តុលាការ​កំពូល លើ​សំណុំ​រឿង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នេះ គឺ​មិន​មាន​លទ្ធផល​ប្រែប្រួល​ឡើយ ដោយ​តម្កល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល។

ការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ដដែល​នេះ តុលាការ​កំពូល លើក​ហេតុផល​ថា ដោយសារ​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ ខ្លាច​រត់​គេច​ខ្លួន និង​ថា​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

មេធាវី​មួយ​រូប គឺ​លោក ឡោ ជុនធី ដែល​ការពារ​ក្ដី​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​មិន​សម​ហេតុផល​ឡើយ ព្រោះ​កូន​ក្តី​របស់​លោក​មាន​សំអាង​ហេតុ​ត្រឹមត្រូវ​តាម​នីតិវិធី « យើង​ថា​បទឧក្រិដ្ឋ​មែន ប៉ុន្តែ​ចាំបាច់​ត្រូវ​តែ​ឃុំ​ខ្លួន​ទេ ដោយសារ​មូលហេតុ​នៃ​ការ​ឃុំ​ខ្លួន​ត្រូវ​បាន​ដោះស្រាយ​អស់​ហើយ ហើយ​អ្វី​ដែល​ជា​ការ​ស៊ើប​អង្កេត​មក​ដល់​ពេល​នេះ ជិត​ចប់​ទៀត ហើយ​កន្លង​ទៅ គឺ​បាន​ជូន​ដំណឹង​បិទ​ម្តង​ហើយ ហើយ​អ្វី​ដែល​សល់ គឺ​ជា​បញ្ហា​បន្ទាប់បន្សំ។ អ៊ីចឹង​គួរ​តែ​ឲ្យ​កូន​ក្តី​របស់​យើង​បាន​នៅ​ក្រៅ​ឃុំ ដោយ​ពុំ​ត្រូវ​ពន្យារ​ឃុំ​ខ្លួន​បន្ត​ទៀត »

តុលាការ​កំពូល បាន​បើក​សវនាការ​លើ​បណ្ដឹង​សារទុក្ខ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ដោយ​ហួស​កាលកំណត់​កាល​ពី​ថ្ងៃ​ទី​ច័ន្ទ ទី​៦ មីនា សប្ដាហ៍​មុន។

បន្ទាប់​ពី​ស្តាប់​ការ​ប្រកាស​សាល​ដីកា​នោះ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ១​រូប គឺ​លោក យី សុខសាន្ត សម្ដែង​ការ​ខក​ចិត្ត ដោយ​ចាត់​ទុក​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​គាត់ « មាន​តែ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​ទេ​ដែល​គេ​ចាប់​ពួក​សិទ្ធិ​មនុស្ស​ដាក់​ពន្ធនាគារ​នោះ ក្រៅ​ពី​នេះ​គឺ​ពួក​សិទ្ធិ​មនុស្ស​បាន​ជួយ​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋាភិបាល​មាន​មុខ​ស្មើ​មុខ​ស្មើ​មាត់​នឹង​គេ​ស្រប​ច្បាប់​ទៅ​នឹង​ពិភពលោក »

រីឯ​លោក នី សុខា បាន​ផ្ដាំ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​កុំ​ឲ្យ​ភ្ជាប់​ករណី​របស់​ពួក​គាត់​ទៅ​នឹង​ល្បែង​នយោបាយ។

មន្ត្រី​អាដហុក​ទាំង ៤​រូប រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ.ជ.ប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ជាង ១០​ខែ​មក​ហើយ​គិត​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី» និង «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី»។

រីឯ​ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​ចូលរួម​ស្តាប់​ការ​ប្រកាស​សាលក្រម​នោះ មាន​ប្រសាសន៍​ថា មិន​មាន​ហេតុផល​ចាំបាច់​ក្នុង​ការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​ទៀត​នោះ​ទេ ព្រោះ​ថា​ការ​ស៊ើប​អង្កេត​ហាក់​ដូចជា​មិន​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ​ឡើយ « ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ទាំង ៤ អាច​នៅ​ក្រៅ​ឃុំ​បាន គាត់​នឹង​អាច​ប្រកប​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ បាន​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ ឬ​ក៏​ជន​រងគ្រោះ​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​ដីធ្លី​ត​ទៅ​មុខ​ទៀត ហើយ​ក៏ដូចជា​ចូលរួម​ចំណែក​ជួយ​កិច្ច​ការងារ​របស់​រដ្ឋាភិបាល​ដែរ ព្រោះ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​សិទ្ធិ​មនុស្ស​នេះ បាន​ជួយ​ការងារ​ច្រើន​ណាស់​សម្រាប់​រដ្ឋាភិបាល សម្រាប់​កិច្ច​ការងារ​ទាក់ទង​នឹង​វិស័យ​សិទ្ធិ​មនុស្ស និង​ផ្លូវ​ច្បាប់ ជាពិសេស​ជួយ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា »

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​៧៨ ដែល​ភាគច្រើន​មាន​មូលដ្ឋាន​ក្នុង​តំបន់​អាស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា «សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង» ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា ទាំង ៥​រូប និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​តាម​ផ្លូវ​តុលាការ និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ការ​បន្ត​ឃុំ​ខ្លួន​ជាង ១០​ខែ​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​បម្រើ​ការ​នៅ​សមាគម​អាដហុក (ADHOC) ក៏​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ (Geneva)កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ដែរ៕

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។