ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​វាយ​សម្លាប់​អ្នក​កាសែត​នៅ​កំពង់ឆ្នាំង​ត្រូវ​បាន​ដោះលែង

ដោយ ជិន ជេដ្ឋា
2016-02-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ភរិយា​របស់ លោក សួន ចាន់ អ្នក​កាសែត​មាគ៌ា​កម្ពុជា លោកស្រី ទៀង ថាវ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Chin Chetha
ភរិយា​របស់ លោក សួន ចាន់ អ្នក​កាសែត​មាគ៌ា​កម្ពុជា លោកស្រី ទៀង ថាវ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Chin Chetha
RFA/Chin Chetha

ជន​ជាប់​ចោទ​​ម្នាក់​ដែល​តុលាការ​ខេត្ត​កំពង់ឆ្នាំង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១៣​ឆ្នាំ ក្រោម​បទ​មនុស្ស​ឃាត​លើ​អ្នក​កាសែត កាល​ពី​ឆ្នាំ​២០១៤ បាន​រួច​ខ្លួន​ត្រឡប់​​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បើក​សវនាការ និង​សម្រេច​សេចក្ដី​ឡើង​វិញ​ឲ្យ​ជន​ជាប់​ចោទ​រួចផុត​ពី​ការ​ចោទ​ប្រកាន់។  គ្រួសារ​ជន​រងគ្រោះ និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រិះគន់​ចំពោះ​ការ​ដោះលែង​នេះ។

នៅ​ក្នុង​សាលដីកា​ដោះលែង​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម ៥​នាក់ ឈ្មោះ យ៉ង ភាឡេង ចេញ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ បាន​លើក​សំអាង​ហេតុ​ជា​ច្រើន​ចំណុច។ ក្នុង​នោះ​ក៏​បាន​លើក​ពី​វិមតិ​សង្ស័យ​លើ​ជន​ជាប់​ចោទ​ដែល​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​ជន​សង្ស័យ ហើយ​បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា និង​ប្រធាន​ពន្ធនាគារ​ដោះលែង​ជា​បន្ទាន់។

នៅ​ក្នុង​សាលដីកា​ដដែល​បញ្ជាក់​ថា ពុំ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​លើ​ជន​ជាប់​ចោទ​ឈ្មោះ យ៉ង ភាឡេង ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ តាម​បញ្ញត្តិ​មាត្រ​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ឡើយ។ ប៉ុន្តែ​មាន​ពិរុទ្ធភាព​គ្រប់​គ្រាន់​លើ​ជន​ជាប់​ចោទ​ឈ្មោះ យីម នុន យីម ណាក់ យីម និ រុំ រ៉ា និង​ឈ្មោះ សាំង សេង​អៀង។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​ចៅក្រម​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក ប៉ាក ច័ន្ទសំបូរ ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។ ចំណែក​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង លោក ពៅ វុទ្ធី បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ​ដោយ​លោក​បញ្ជាក់​ថា ការ​ដោះលែង​ធ្វើ​ឡើង​តាម​សាលដីកា​របស់​សាលា​ឧទ្ធរណ៍។

ភរិយា​ជន​លោក​គ្រោះ​គឺ​លោកស្រី ទៀង ថាវ មាន​ប្រសាសន៍​ថា រូប​គាត់ និង​កូនៗ​កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​ឃើញ​ជន​ជាប់​ចោទ​ឈ្មោះ យ៉ង ភាឡេង មក​ដល់​ផ្ទះ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។ លោកស្រី​ថា ការ​សម្រេច​ដោះលែង​ជន​ជាប់​ចោទ​របស់​ចៅក្រម​សាលាឧទ្ធរណ៍​គ្មាន​គ្រួសារ​គាត់​ណា​ម្នាក់​ដឹង​ឡើយ ហើយ​គាត់​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នេះ«ខ្ញុំ​គ្រាន់​តែ​ឃើញ​គេ​មក​រន្ធត់​អស់​ហើយ ត្រជាក់​ដៃ​ត្រជាក់​ជើង​ចង់​គាំង​បេះដូង ព្រួយ​បារម្ភ​ព្រោះ​មនុស្ស​មាន​ទោស​សម្លាប់​ដល់​មនុស្ស ហើយ​ដោះ​លែង​មក។ ច្បាប់​មាន​ទទួល​ខុស​ត្រូវ​កូន​ចៅ​ខ្ញុំ​ដែរ​អត់ បើ​មាន​គ្រោះថ្នាក់

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា រិះគន់​ថា ករណី​ដោះ​លែង​នេះ​មាន​ភាព​មិន​ប្រក្រតី និង​អយុត្តិធម៌​សម្រាប់​គ្រួសារ​ជន​រងគ្រោះ ដោយ​រឿង​មជ្ឈិម​ជា​ច្រើន​មិន​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តើ​រឿង​ឧក្រិដ្ឋ​នេះ​ខាង​តុលាការ​មាន​សំអាង​ហេតុ​អ្វី​ដែល​ឈាន​ដល់​ការ​ដោះលែង​ទណ្ឌិត​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ«ខ្ញុំ​យល់​ថា ទង្វើ​របស់​តុលាការ​នេះ វា​នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​បាត់បង់​ប្រជាប្រិយភាព​កាន់​តែ​ធ្ងន់​ទៅៗ​ហើយ។ ដូច្នេះ សមាជិក​គណៈកម្មការ​នាយក​របស់​គណបក្ស​កាន់​អំណាច​ដែល​នៅ​ក្នុង​ក្រសួង និង​ឧត្ដមក្រុមប្រឹក្សា​អង្គ​ចៅក្រម មេត្តា​ពិនិត្យ​មើល​ចំណាត់​ការ​របស់​តុលាការ​នេះ»

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​មាគ៌ា​កម្ពុជា លោក សួន ចាន់ ត្រូវ​ជន​ដៃ​ដល់​ប្រមាណ ១០​នាក់ ប្រើ​មែក​រាំង ដើម​ឫស្សី និង​ដុំ​ថ្ម វាយ​សន្ធាប់​ចំ​ក្បាល នៅ​ក្បែរ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី។ ក្នុង​ហេតុការណ៍​នោះ សាច់ញាតិ​របស់​លោក ២​នាក់​ទៀត គឺ​ឈ្មោះ គូ អ៊ិន និង​ឈ្មោះ សួន ឌីម ក៏​ត្រូវ​ជន​ល្មើស​វាយ​ឲ្យ​រង​របួស​ធ្ងន់​ដែរ នៅ​ពេល​ចូល​ទៅ​ជួយ លោក សួន ចាន់។

ក្រោយ​មក​តុលាការ​ផ្ដន្ទាទោស​ឈ្មោះ យីម ណាក់ យីម នុន យីម នីក សាំង សេង អៀង រ៉ុម រ៉ា និង​ម្នាក់​ទៀត​ឈ្មោះ យ៉ង ភាឡេង ពី​បទ​មនុស្ស​ឃាត​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ។ សាលក្រម​សាលាដំបូង​កាល​ណោះ តម្រូវ​ឲ្យ​ទណ្ឌិត​ទាំង ៦​នាក់ ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ប៉ុន្តែ​មាន​តែ​ឈ្មោះ យ៉ង ភាឡេង ម្នាក់​ប៉ុណ្ណោះ​ធ្លាប់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល