តុលាការកំពូល នឹងលើកយកបណ្ដឹងសាទុក្ខក្នុងសំណុំរឿងឃុបឃិតជាមួយបរទេស របស់លោក កឹម សុខា ទៅជំនុំជម្រះនៅចុងខែតុលា ខាងមុខនេះ។
សេចក្ដីជូនដំណឹងរបស់តុលាការកំពូល ដែលចេញដោយអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ បានកោះហៅមេធាវីដែលការពារក្ដីឲ្យលោក កឹម សុខា ត្រូវចូលរួមសវនាការ តាមការកំណត់ នៅថ្ងៃទី៣១ ខែ តុលា ពេលព្រឹក។
ប្រភពបន្តថា ក្នុងសំណុំរឿងនេះ គឺលោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានសមាជិកក្រុមប្រឹក្សាជំនុំជម្រះចំនួន ៤រូបផ្សេងទៀត។
ទាក់ទិនរឿងនេះ មេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ក្នុងចំណោមមេធាវី ៤រូបផ្សេងទៀត ឲ្យដឹងនៅថ្ងៃទី២០ តុលា ថា ក្រុមមេធាវីទាំងអស់ ដែលការពារក្ដីឲ្យប្រធានគណបក្សប្រឆាំង លើបណ្ដឹងសាទុក្ខនេះ គឺនៅមិនទាន់ពិគ្រោះយោបល់គ្នា ឲ្យបានល្អិតល្អន់នៅឡើយទេ។
អ្នកស្រីយល់ឃើញថា តាមពិតនេះជារឿងនយោបាយ តែការបន្តនីតិវិធីតាមផ្លូវតុលាការ ក៏ជារឿងចាំបាច់ដែលត្រូវតែជំរុញដែរ។ ក្នុងនាមជាមេធាវី អ្នកស្រីបន្តថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការដោះបន្ទុកការពារឲ្យកូនក្ដីរបស់អ្នកស្រី អាចរួចផុតពីការចោទប្រកាន់ តាមផ្លូវតុលាការ។
លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ឡោមព័ទ្ធផ្ទះ និងចាប់ខ្លួនទាំងពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ស្ថិតក្នុងខណ្ឌទួលគោក ក្រុងភ្នំពេញ។ ក្រោយចាប់ខ្លួនប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវរងការចោទប្រកាន់ពីទោសក្បត់ជាតិ។ សព្វថ្ងៃលោក កឹម សុខា ត្រូវឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
