ចោទ​​​និស្សិត​​ពេទ្យ​​ពី​​បទ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​អចេតនា

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​និស្សិត​ពេទ្យ​ឈ្មោះ គាមពិសិដ្ឋ ណារីតា ពី​បទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អចេតនា បង្ក​ឲ្យ​អ្នក​ដទៃ​របួស និង​ស្លាប់ តាម​មាត្រា ៨០ និង​មាត្រា ៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នៅ​ល្ងាច​ថ្ងៃ​ទី​៣ មីនា នេះ។

មាត្រា ៨២ ចែង​ថា ជន​ណា​បើក​បរ​បង្ក​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ​ដោយ​អចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល។

តុលាការ​សម្រេច​ចោទ​ប្រកាន់​និស្សិត​ពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​សុខាភិបាល​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ព្រះសង្ឃ​ប្រមាណ ១០០​អង្គ​មក​ពី​ចំនួន ៥​វត្ត នៅ​ក្នុង​រាជធានី​ភ្នំពេញ និមន្ត​សូត្រ​មន្ត​រំដោះ​គ្រោះ​ចង្រៃ​នៅ​លើ​ដង​វិថី​ព្រះនរោត្ដម ចាប់​ពី​វិមាន​ឯករាជ្យ ដល់​កន្លែង​កើត​ហេតុ នៅ​មុខ​ក្រសួង​មហាផ្ទៃ និង​និមន្ត​ឆ្ពោះ​ទៅ​ដល់​គល់​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​រសៀល​ថ្ងៃ​ទី​៣ មីនា នេះ។ ក្រុម​គ្រួសារ​កុមារា កុមារី រង​គ្រោះ​ទាំង​បី​នេះ បាន​រៀបចំ​ពិធី និង​តាំង​រូបថត​កុមារ​រង​គ្រោះ​ទាំង​នោះ​នៅ​កន្លែង​កើត​ហេតុ មាន​សាច់ញាតិ​បង​ប្អូន និង​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​សូត្រ​មន្ត​រំដោះ​គ្រោះ​នេះ។

លោក រិន រិទ្ធី ជា​ឪពុក​កុមារី​រង​គ្រោះ​ពីរ​នាក់ បាន​រៀបរាប់​ទាំង​អួល​ដើមក​ស្រណោះ​ដល់​កូន​ជា​ទី​ស្រលាញ់​ដែល​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថា លោក​ជា​សន្តិសុខ​យាម​នៅ​កោះពេជ្រ។ លោក​មាន​កូន​ស្រី​បី​នាក់។ ឥឡូវ​នេះ​កូន​ស្រី​ពីរ​នាក់​គាត់​បាន​ស្លាប់​ទាំង​ក្ដី​រន្ធត់ និង​អាឡោះអាល័យ​បំផុត​នៅ​ខណៈ​ពួក​គេ​ចេញ​ពី​សាលា​នៅ​ថ្ងៃ​ទី​១ មីនា នោះ។ លោក​ទទូច​ឲ្យ​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​គាត់ និង​ផ្ដល់​សំណង​សមរម្យ។

អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល លោក គាម ពិសិដ្ឋ ជា​ឪពុក​របស់​យុវតី គាមពិសិដ្ឋ ណារីតា ដែល​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​សំដែង​ការ​សោកស្ដាយ​​ជា​ពន់ពេក និង​សូមអភ័យ​ទោស​ដល់​ជនរងគ្រោះ​ទាំង​អស់ ចំពោះ​គ្រោះថ្នាក់​ដែល​បាន​បង្ក​ឡើង​ដោយ​កូនស្រី​របស់​លោក ហើយ​លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​ទាំង​អស់។

លោក គាម ពិសិដ្ឋ បញ្ជាក់​ថា កូនស្រី​គាត់​មាន​ជំងឺ​មាន​ដុំ​តូច​មួយ​នៅ​លើ​ខួរក្បាល និង​ធ្វើ​ឲ្យ​ស្លុត ​ដែល​ធ្លាប់​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ម្ដង​ហើយ។

ឆ្លើយ​តប​បញ្ហា​នេះ ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​បាន​បញ្ជាក់​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​ទេ ថា​និស្សិតពេទ្យ​រូប​នេះ​មាន​បញ្ហា​ខួរក្បាល​នោះ។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ល្អ​មួយ​ដែល​ព្រះសង្ឃ​បាន​និមន្ត​សូត្រ​មន្ត​ប្រោះព្រំ រលាស់​ទឹក​រំដោះ​គ្រោះ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ។ លោក ប៉ូ សំណាង បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​មិន​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ទាំង​ស្រុង​ទេ បញ្ហា​សំខាន់​គឺ​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​គោរព​ច្បាប់ និង​យល់​ដឹង​អំពី​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់។

របាយការណ៍​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​និស្សិត​ពេទ្យ​នៅ​មុខ​ក្រសួង​មហាផ្ទៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ មីនា នោះ បាន​បណ្ដាល​ឲ្យ​កុមារ​បី​នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ក្នុង​នោះ មាន​កុមារី​ពីរ​នាក់​ជា​បង​ប្អូន​បង្កើត​ឈ្មោះ រិន រចនា និង​ឈ្មោះ រិន បុប្ឆា រស់​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន និង​កុមារ​ម្នាក់​ទៀត​ឈ្មោះ ស្រេង ហុង រស់​នៅ​ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល។ រី​ឯ​អ្នក​រង​បួស​ធ្ងន់​ចំនួន ៦​នាក់​ផ្សេង​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។