ប៉ូលិស​បញ្ជូន​ជន​សង្ស័យ​រំលោភ​​សព​ស្ត្រី​​នៅ​ព្រៃវែង​ទៅ​តុលាការ

0:00 / 0:00

អាជ្ញាធរ​ប៉ូលិស​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៤​ បាន​បញ្ជូន​សំណុំ​រឿង​របស់​ជន​សង្ស័យ​ពី​បទ​រំលោភ​លើ​សព​ស្ត្រី​វ័យ ១៧​ឆ្នាំ​ម្នាក់​ នៅ​ភូមិ​បេង ឃុំ​ព្រៃពោន ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង ទៅ​តុលាការ​ខេត្ត។ អាជ្ញាធរ​ប៉ូលិស​បញ្ជាក់​ថា​ ការ​បញ្ជូន​ជន​សង្ស័យ​គឺ​​ដើម្បី​ឲ្យ​តុលាការ​ ពិនិត្យ​និង​វិនិច្ឆ័យ​ពី​​លក្ខណៈ​សម្បត្តិ​របស់​ជន​សង្ស័យ​ ថា​ជា​មនុស្ស​វិកលចរិត ឬ​យ៉ាង​ណា?

ការ​ចាប់​និង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​នេះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ខ្លះ​បញ្ជាក់​ថា ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ម្ដងម្កាល។

ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង ថ្លែង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៤ ដោយ​បញ្ជាក់​ថា បន្ទាប់​ពី​ប៉ូលិស​បាន​ចុះ​ស្រាវ​ជ្រាវ​រួច​សន្និដ្ឋាន​ថា​ ជន​ដែល​សង្ស័យ​ថា​បាន​រំលោភ​លើ​សាកសព​ស្ត្រី​វ័យ ១៧​ឆ្នាំ​នោះ អាច​​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី។

លោក ស្រេង ជា បញ្ជាក់​បន្ថែម​ថា​ ដើម្បី​ពិសោធ និង​វិនិច្ឆ័យ​ពី​លក្ខណៈ​សម្បត្តិ​របស់​ជន​សង្ស័យ​ឲ្យ​បាន​ច្បាស់​​ អាជ្ញាធរ​​ប៉ូលិស​បាន​រៀបចំ​បញ្ជូន​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ឲ្យ​តុលាការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត៖ «នេះ​គឺ​ជា​ការ​សន្និដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ ព្រោះ​មនុស្ស​នៅ​ក្នុង​ភូមិ​គេ​ដឹង​ថា​អ៊ីចឹង ដល់​អ៊ីចឹង​ក៏​នឹក​ឃើញ​ថា ដើម្បី​បញ្ចៀស​ពី​បញ្ហា​ប្ដឹង​របស់​ពលរដ្ឋ កុំ​ឲ្យ​ពលរដ្ឋ​សង្ស័យ យើង​បញ្ជូន​មក​ស្ថាប័ន​តុលាការ ដើម្បី​ឲ្យ​គាត់​វិនិច្ឆ័យ​ថា ជា​លក្ខណៈ​សតិ​មិន​គ្រប់​គ្រាន់...។ មតិ​ខ្លះ​តម្រូវ​ឲ្យ​មាន​ហើយ​តុលាការ​ចាត់​យ៉ាង​ម៉េច​នោះ​គឺ​ជា​រឿង​តុលាការ»

​ជន​សង្ស័យ​ដែល​​រំលោភ​លើ​សព​ស្រី​វ័យ ១៧​ឆ្នាំ​ ឈ្មោះ​លោក​ ជិន ឈាន​ អាយុ ៤៧​ឆ្នាំ រស់​នៅ​ភូមិ​ បេង នៃ​ឃុំ​ព្រៃពោន​ ស្រុក​កំពង់ត្របែក។ នៅ​យប់​ថ្ងៃ​ទី​២២​ កុម្ភៈ ឆ្នាំ​២០១៤​ ជន​សង្ស័យ​រូប​នេះ​ ប្រដាប់​ដោយ​ឧបករណ៍​មាន​កាំបិតបុ័ងតោ កាំបិត​ផ្គាក់​ ចប ម្ជុល​ចាក់​ថ្នាំ​ និង​ស្រោម​អនាម័យ​​ដែល​ប្រើ​រួច​ចំនួន ៣​​ផង បាន​គាស់​មឈូស​​ចូល​ទៅ​​ដេក​ជាមួយ​សាក​​សព​ស្ត្រី​វ័យ ១៧​ឆ្នាំ​​ក្នុង​ក្ដារមឈូស។

មេ​ភូមិ​បេង លោក ផាន់ សេង​ ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ អ្នក​ភូមិ​បាន​ទៅ​ដល់​ប្រទះ​ឃើញ​ ជន​សង្ស័យ​​កំពុង​ស្ថិត​នៅ​ក្នុង​ក្ដារមឈូស​ជាមួយ​សាកសព។ លោក ផាន់ សេង ថ្លែង​បន្ត​ថា ពេល​នោះ​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​ក្ដារមឈូស​​ស្ថិត​ក្នុង​ភាព​អាក្រាត​កាយ។ លោក​ថា​​ជន​សង្ស័យ​អាច​ ​រំលោភ​លើ​រូបរាង​កាយ​របស់​សាកសព​បាន​សម្រេច​រួច​ទៅ​ហើយ។

លោក​ ផាន់ សេង បញ្ជាក់​បន្ថែម​ថា​ ដើម​ឡើយ​ជនសង្ស័យ​ជា​មនុស្ស​មាន​សតិ​គ្រប់​គ្រាន់​ដូច​គេ​ដូច​ឯង ពុំ​មែន​ជា​មនុស្ស​វិកល​ចរិត​ឡើយ៖ «អា​នេះ​បើ​យើង​ថា​គាត់​វិកលចរិត​​ក៏​ថា​មិន​បាន​ដែរ មនុស្ស​នេះ​វា​ពិបាក​ថា។ កាល​ពី​ដើម​ឡើយ​​គាត់​មិន​ដែល​ទេ គាត់​នៅ​ជា​មនុស្ស​ស្អាតស្អំ​ដូច​គេ​ដូច​ឯង​អ៊ីចឹង ហើយ​ទើប​តែ​គាត់​មក​ម្នាក់​ឯង​បែក​ពី​ប្រពន្ធ​កូន​មក​ហ្នឹង គាត់​និយាយ​ខុស​ផង​ត្រូវ​ផង​ហ្នឹង គេ​ថា​គាត់​វិកលចរិត​ តែ​ពេល​ណា​គាត់​និយាយ​ល្អៗ​ដូច​យើង​ធម្មតា​អ៊ីចឹង​ វា​គ្រាន់​តែ​និយាយ​ច្រើន​មនុស្ស​ហ្នឹង»

រី​ឯ​អ្នក​ភូមិ​ដែល​ឃើញ​ក្នុង​ហេតុការណ៍ លោក មិល សុវណ្ណ ថ្លែង​បញ្ជាក់​ថា ជន​សង្ស័យ​នៅ​យប់​កើត​ហេតុ បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​បុណ្យ​សព​ជាមួយ​អ្នក​ភូមិ​ដែរ។ លោក​ថា​ យប់​​ដដែល​នេះ ជន​សង្ស័យ​បាន​ផឹក​ស្រា​មួយ​ចំនួន​ជាមួយ​អ្នក​ភូមិ​ ហើយ​ក៏​ដើរ​ចេញ​ពី​ហ្វូង​មនុស្ស​ក្នុង​កម្មវិធី​បុណ្យ​បាត់​ទៅ៖ «បាទ! សន្និដ្ឋាន​ថា​រំលោភ ព្រោះ​អី​វា​ចូល​​ហ្នឹង​តាំង​ពី​ល្ងាច​ម៉ោង ៧ ខ្ញុំ​ហ៊ាន​សន្និដ្ឋាន​ថា​អ៊ីចឹង។វា​មក​ពី​ល្ងាច​ហ្នឹង​ម៉ោង ៧​កន្លះ​វា​មក​សូត្រមន្ត វា​មាន​លុយ​ចូល​បុណ្យ​​សុទ្ធតែ​ក្រដាស​មួយ​ម៉ឺន ក្រដាស ៥​ពាន់។ រួច​ហើយ​ក៏​ហូប​បាយ​ហូប​ស្រា​ហ្នឹង​ស្រវឹង ស្រវឹង​ទៅ មនុស្ស​ហ្នឹង​បាត់ ព្រលឹម​ឡើង​ឃើញ​នៅ​ក្នុង​ផ្នូរ​ហ្នឹង»

​​​​​​​​ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​​ខេត្ត​ព្រៃវែង​ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ ស្នងការ​រង​នគរបាល​ខេត្ត​ព្រៃវែង ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ ថា ចៅក្រម​តុលាការ​ខេត្ត​ព្រៃវែង បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​នេះ​​មាន​ទោស​ពី​ការ​ប្រព្រឹត្ត​បទល្មើស​មជ្ឈិម។

មាត្រា ២៦១ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​អំពី​បទល្មើស​ទាក់ទង​ជាមួយ​ការ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព បាន​ចែង​ថា អំពើ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។