តុលាការ​ខេត្ត​ស្វាយរៀង​ដាក់​ទោស​កម្មករ​ម្នាក់​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​បំផ្លិច​បំផ្លាញ

តុលាការ​ខេត្ត​ស្វាយរៀង បើក​សវនាការ​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៤ ដោយ​បាន​សម្រេច​ផ្ដន្ទាទោស​កម្មករ​ម្នាក់​នៅ​ក្នុង​រោងចក្រ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ស្វាយរៀង ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ ពី​បទ​បំផ្លិច​បំផ្លាញ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។

តុលាការ បាន​សម្រេច​ឲ្យ​ជន​ជាប់​ចោទ គឺ​លោក ចាន់ សារិទ្ធ អនុវត្ត​ទោស​ចំនួន ៨​ខែ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៤ មក។ រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ជន​ជាប់​ចោទ​បាន​អនុវត្ត​ទោស​ចំនួន ៥​ខែ ៧​ថ្ងៃ​ហើយ។

ទោះ​យ៉ាង​ណា លោក ជិន លីដា មេធាវី​ការពារ​ក្ដី​ឲ្យ លោក ចាន់ សារិទ្ធ បាន​ថ្លែង​ថា តុលាការ​បាន​ចោទ​កូន​ក្ដី​របស់​លោក​ពី​បទល្មើស ទី១​បទ​លួច ទី​២​បទ​ហិង្សា​ដោយ​ចេតនា និង​ទី​៣ បទ​បំផ្លិច​បំផ្លាញ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស។ លោក​មេធាវី​បាន​ថ្លែង​ថា ចៅក្រម​ស៊ើបសួរ​បាន​លើក​លែង​បទ​ចោទ​ពីរ​ចេញ​វិញ គឺ​បទ​លួច និង​បទ​ហិង្សា​ដោយ​ចេតនា ដោយសារ​តែ​មិន​មាន​ភស្តុតាង​ដាក់​ទោស។

លោក ជិន លីដា៖ «ការ​ទម្លាក់​បទ​ចោទ​ពីរ​បទល្មើស​ចំពោះ​គាត់ (ចាន់ សារិទ្ធ) ហ្នឹង គឺ​មាន​ភាព​យុត្តិធម៌​ចំពោះ​គាត់​ហើយ ហើយ​ការ​ដែល​គាត់​ទទួល​ស្គាល់​ថា គាត់​បាន​គប់​រោងចក្រ​អី​ហ្នឹង គឺ​គាត់​ព្រម​ទទួល​ស្គាល់​ទង្វើ​របស់​គាត់។ គាត់​មាន​ការ​ទទួល​ស្គាល់ យើង​យល់​គាត់ ប៉ុន្តែ​ការ​ដែល​ចាត់​ទុក​ថា ការ​បំផ្លិច​បំផ្លាញ​របស់​គាត់​ទៅ​វា​ធ្ងន់ធ្ងរ បើ​គិត​តាម​ទង្វើ​របស់​គាត់​ទៅ​មិន​ធ្ងន់ធ្ងរ​អី​ទេ ចំពោះ​ការ​គប់​ហ្នឹង»

កាល​ពី​អំឡុង​ខែ​មេសា កន្លង​ទៅ កម្មករ​នៅ​ឯ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង បាន​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ប៉ុន្តែ​បាតុកម្ម​បាន​ឈាន​ដល់​ហិង្សា ហើយ​សមត្ថកិច្ច​ចាប់​ខ្លួន និង​សាកសួរ​កម្មករ តំណាង​កម្មករ​មួយ​ចំនួន​ទៀត ក្នុង​ករណី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។