ក្នុងសវនាការរយៈពេល ៣ថ្ងៃកន្លងទៅនេះ គឺពុំមានវត្តមានលោក ឈូក បណ្ឌិត ទេ។ ចំណែកមេធាវីរបស់លោកបានមកបង្ហាញខ្លួនមួយភ្លែតនៅថ្ងៃទី១ ដើម្បីទម្លាក់ឯកសារ។
ប្រធានអង្គជំនុំជម្រះលោកចៅក្រម លាង សួស្តិ៍ បានប្រកាសនៅពេលបិទបញ្ចប់សវនាការថា សាលក្រមនៃសំណុំរឿងនេះនឹងប្រកាសនៅព្រឹកថ្ងៃទី២៥ ខែមិថុនា។ លោកចៅក្រមបញ្ជាក់ថា អវត្តមានជនជាប់ចោទ ឈូក បណ្ឌិត និងមេធាវី គឺពុំធ្វើអោយប៉ះពាល់ដល់ការសម្រេចរឿងក្តីនេះទេ។
មិនខុសពីការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីខែមីនា ឆ្នាំ២០១៣ ឡើយ ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លោក គា សាន់ថារ៉ូ បានសន្និដ្ឋានជាចុងក្រោយបន្ទាប់ពីបានស្ដាប់សម្ដីសាក្សីក្នុងសវនាការ លោកនៅរក្សាបទចោទលើលោក ឈូក បណ្ឌិត និងលោក សរ ចន្ថា ពីបទបង្ករបួសស្នាមដោយអចេតនា។
ចំណែកមេធាវីការពារជនរងគ្រោះ បានទាមទារអោយចៅក្រមពិចារណាផ្លាស់ប្ដូរបទចោទទៅលើលោក ឈូក បណ្ឌិត ទៅជាបទប៉ុនប៉ងអំពើមនុស្សឃាតដោយចេតនា។ ការស្នើសុំនេះបានសំអាងលើចម្លើយរបស់សាក្សីដែលអាចសន្និដ្ឋានថា លោក ឈូក បណ្ឌិត បានចេញពីផ្ទះបន្ទាប់ពីទទួលបានដំណឹងពីកម្មករកូដកម្មខ្លាំងក្លានៅតំបន់សេដ្ឋកិច្ចពិសេសមេនហាថេន ក្នុងក្រុងបាវិត ហើយសមត្ថកិច្ចមិនអាចគ្រប់គ្រងបាន។ លោក ឈូក បណ្ឌិត បានសៀតកាំភ្លើងខ្លីម៉ាកឡុក ផលិតនៅប្រទេសចិន នៅចង្កេះ ជិះឡានទៅដល់ខាងមុខរោងចក្រកៅវ៉េ ហើយដើរចូលក្នុងរោងចក្រទៅរកហ្វូងបាតុករដោយកំហឹង ហើយបានបាញ់សំដៅកម្មករ បន្ទាប់ពីបានព្រមានអោយកម្មករបញ្ឈប់កូដកម្ម តែកម្មករមិនស្តាប់ ហើយគ្រាប់កាំភ្លើងរបស់លោកបានធ្វើអោយកម្មការិនី ៣នាក់របួស។ តាមរយៈសកម្មភាពនេះ ក្រុមមេធាវីការពារជនរងគ្រោះ បានសន្និដ្ឋានថា លោក ឈូក បណ្ឌិត មានចេតនាក្នុងការបាញ់លើហ្វូងបាតុករ ផ្ទុយពីការអះអាងរបស់ព្រះរាជអាជ្ញា និងបានស្នើអោយចាប់ឃុំខ្លួនលោក ឈូក បណ្ឌិត។
ជនរងគ្រោះម្នាក់ គឺកម្មការិនី នុត សាខន ក៏ដូចគ្នានឹងជនរងគ្រោះ ២នាក់ទៀតដែរ បានបញ្ជាក់ថា ពួកគេនៅតែរក្សាជំហរប្ដឹងលោក ឈូក បណ្ឌិត ពីបទប៉ុនប៉ងបាញ់សម្លាប់ពួកគេ និងប្ដឹងទាមទារសំណង។ ប៉ុន្តែ ជនរងគ្រោះទាំងបីនាក់មិនបានប្ដឹងលោក សរ ចន្ថា ឡើយ។ ក្នុងនោះ រូបនាង និង កែវ នា ទាមទារ ៤ម៉ឺន ៥ពាន់ដុល្លារ រីឯ ប៊ុន ចិន្តា ដែលត្រូវរបួសធ្ងន់ជាងគេ បានទាមទារសំណង ៥ម៉ឺនដុល្លារ។ នុត សាខន បញ្ជាក់ថា ពួកនាងសង្ឃឹមថាបានទទួលយុត្តិធម៌ពីតុលាការ។
មេធាវីជនជាប់ចោទឈ្មោះ សរ ចន្ថា បានទាមទារអោយចៅក្រមទម្លាក់បទចោទចំពោះកូនក្ដីរបស់លោក ដែលតាមរយៈសាក្សីភាគច្រើនបានបញ្ជាក់ថា លោក សរ ចន្ថា ពុំមានវត្តមាននៅទីកន្លែងកើតហេតុឡើយ។ ស្របគ្នានេះ លោកបានស្នើតុលាការកែប្រែបទចោទចំពោះលោក ឈូក បណ្ឌិតទៅជាបទប៉ុនប៉ងមនុស្សឃាតដោយចេតនាវិញ។
ជនជាប់ចោទ លោក សរ ចន្ថា មានប្រសាសន៍នៅពេលចេញពីសវនាការថា លោកនៅតែមានចម្ងល់ថា ហេតុអ្វីលោកនៅតែត្រូវចោទប្រកាន់ថាជនជាប់ចោទក្នុងសំណុំរឿងនេះ។
នៅក្នុងសវនាការមានសាក្សី ៣នាក់ បានអះអាងថាបានឃើញលោក សរ ចន្ថា នៅក្បែររបងរោងចក្រកៅវ៉េ ក្នុងពេលកើតហេតុ និងមានសាក្សី ពីរនាក់ អះអាងថា បានឃើញលោក សរ ចន្ថា ដែលស្លៀកសម្លៀកបំពាក់ស៊ីវិលបាញ់ទៅលើហ្វូងកម្មករ។ យ៉ាងណា ចម្លើយរបស់សាក្សីទាំងនោះហាក់មិនស៊ីសង្វាក់គ្នា ទាំងពេលវេលា និងទីកន្លែង ដែលត្រូវមេធាវីទាំងជនរងគ្រោះ និងមេធាវីរបស់លោក សរ ចន្ថា ចាត់ទុកជាចម្លើយប្រឌិត។
យ៉ាងណាក្តី ព្រះរាជអាជ្ញា គឺលោក គា សាន់ថារ៉ូ បញ្ជាក់ថា ការចោទប្រកាន់របស់លោក គឺសម្រាប់អោយចៅក្រមពិចារណា មិនមែនជាការសម្រេចចុងក្រោយឡើយ។
ក្នុងសវនាការនៅថ្ងៃបញ្ចប់នេះដែរ ចៅក្រមបានបង្គាប់អោយក្រឡាបញ្ជីអានសន្និដ្ឋានរបស់មេធាវីលោក ឈូក បណ្ឌិត ដែលបានដាក់នៅសវនាការមុនពេលលោកដើរចេញពីសវនាការ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា។ ក្នុងសេចក្ដីសន្និដ្ឋាននៅបញ្ជាក់ថា លោក ឈូក បណ្ឌិត ពុំមានចេតនាក្នុងការប្រើប្រាស់កាំភ្លើងឡើយ។ ហើយបើពិនិត្យរបាយការណ៍របស់អ្នកជំនាញបាញ់កាំភ្លើង ក៏ពុំអាចសន្និដ្ឋានថា គ្រាប់ដែលចេញពីកាំភ្លើងរបស់លោក ឈូក បណ្ឌិត បានធ្វើអោយកម្មកររបួសដែរ ព្រោះពេលនោះមានសមត្ថកិច្ចផ្សេងទៀតមានកាំភ្លើងខ្លីម៉ាកដូចគ្នានេះប្រើដែរ។
ទាក់ទិននឹងអវត្តមានជនជាប់ចោទ ឈូក បណ្ឌិត និងមេធាវីកន្លងមក មេធាវី ស៊ុន ប៊ុនរិទ្ធ ការពារលោក ឈូក បណ្ឌិត អះអាងថា គឺដោយសារពុំបានទទួលដីកាកោះអោយចូលសវនាការ ចំណែកសាក្សីសំខាន់ម្នាក់ និងអ្នកបច្ចេកទេសបាញ់កាំភ្លើងដែលអាចឆ្លើយដោះបន្ទុកលោក ឈូក បណ្ឌិត បែរជាពុំត្រូវកោះហៅដែរ។ ម្យ៉ាងទៀត លោកបានរកឃើញបញ្ជីឈ្មោះមួយដែលមានឈ្មោះលោក ឈូក បណ្ឌិត ថាជាសាក្សីទៅវិញ។ មូលហេតុនេះ លោកបានស្នើពន្យារពេលសវនាការ តែដោយប្រធានអង្គជំនុំជម្រះជំទាស់ ទើបលោកចាកចេញពីសវនាការ។
យ៉ាងណា លោកចៅក្រម លាង សួស្តិ៍ បញ្ជាក់ថា លោកបានជូនដំណឹងត្រឹមត្រូវតាមនីតិវិធី ទាំងសាក្សី ទាំងអ្នកជំនាញ និងជនជាប់ចោទ គឺលោក ឈូក បណ្ឌិត នោះ។ ចំណែកបញ្ជីនោះ គឺពុំមែនជាបញ្ជីផ្លូវការក្នុងសំណុំរឿងនេះទេ តែជាប្រភេទបញ្ជីផ្ទៀងផ្ទាត់ ដែលពុំអាចយកជាការណ៍ឡើយ។
ក្រុមអ្នកតាមដានដំណើរការសវនាការដែលភាគច្រើនជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស បានលើកឡើងប្រហាក់ប្រហែលគ្នាថា សវនាការសំណុំរឿងនេះបានផ្ដល់ពេលវេលាគ្រប់គ្រាន់អោយមានការដេញដោលពីគ្រប់ភាគីពាក់ព័ន្ធ។ តែយ៉ាងណា ពួកគេនៅតែសោកស្ដាយ ដោយចៅក្រមនៅតែទុកអោយលោក ឈូក បណ្ឌិត នៅមានសេរីភាពនៅក្រៅឃុំ និងថា គួរតែផ្លាស់ប្ដូរបទចោទពីបង្ករបួសស្នាមដោយអចេតនា ទៅជាប៉ុនប៉ងមនុស្សឃាតដោយចេតនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
