ប្រជាពលរដ្ឋ និងជាអតីតអាជីវករលក់សាច់ជ្រូកនៅតាមភូមិមួយគ្រួសារនៅឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជាក់ថា ករណីតុលាការមិនចាត់ការបណ្ដឹងរបស់ពួកគាត់គឺបង្ហាញពីការរើសអើង និងអយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រ។ ពលរដ្ឋរូបនោះទើបនឹងទទួលលិខិតជូនដំណឹងពីតុលាការកាលពីថ្ងៃទី១៣ កុម្ភៈ បញ្ជាក់ថា សំណុំរឿងរបស់គាត់ដែលប្ដឹងទៅមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញពីបទហិង្សាដោយចេតនា កាលពីដើមឆ្នាំ២០១៦ ត្រូវបានតុលាការសម្រេចមិនចាត់ការតែម្ដង។
អតីតអាជីវករលក់សាច់ជ្រូកតាមភូមិមួយរូប នៅឃុំមេមត់ សម្រេចប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀតក្រោយពេលសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចតម្កល់រឿងក្តីរបស់គាត់មិនចាត់ការ។ ពលរដ្ឋរូបនេះចង់ឃើញតុលាការផ្ដល់ភាពយុត្តិធម៌ដល់រូបគាត់ ដើម្បីជៀសវាងធ្វើឱ្យមតិសាធារណៈបាត់បង់ជំនឿទុកចិត្តលើប្រព័ន្ធច្បាប់។
ប្រជាពលរដ្ឋនៅឃុំមេមត់ អ្នកស្រី អ៊ា ស្រីនេត ឱ្យដឹងថា រយៈពេលជាង ១ឆ្នាំមកហើយ ដែលអ្នកស្រីបានដាក់ពាក្យប្ដឹងមន្ត្រីការិយាល័យកសិកម្មស្រុក តំណាងទីសត្តឃាតស្រុកមេមត់ និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកមេមត់ ពីបទបង្កអំពើហិង្សាដោយចេតនា។ អ្នកស្រីថា សំណុំរឿងនេះ បាត់ដំណឹងសូន្យឈឹងរហូតមក ទើបតែថ្ងៃទី១៣ ខែកុម្ភៈ អ្នកស្រីទទួលសេចក្ដីជូនដំណឹងមួយច្បាប់ពីមន្ត្រីនគរបាល ប៉ុន្តែជាដំណឹងដែលតុលាការសម្រេចតម្កល់ទុកសំណុំរឿងរបស់គាត់មិនចាត់ការទៅវិញ ជាហេតុធ្វើឱ្យអ្នកស្រីមិនអាចទទួលយកបាន៖ «ខ្ញុំយល់ថា ភាពអយុត្តិធម៌ខ្លាំង ព្រោះខ្ញុំជាស្ត្រីក្រីក្រ ហើយមានរឿងដល់ប៉ុណ្ណឹង សមត្ថកិច្ចអ្នកធ្វើអំពើហិង្សាមកលើរូបខ្ញុំសុទ្ធតែជាអ្នកធ្វើការជាមន្ត្រីរាជការទាំងអស់ ហើយបែរជាតុលាការមិនចាត់ការ»។
កាលពីថ្ងៃទី១៩ ខែមករា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហាក់ សៀកលីម បានចេញលិខិតជូនដំណឹងមួយច្បាប់ជម្រាបជូនទៅអ្នកស្រី អ៊ា ស្រីនេត។ លិខិតនោះបញ្ជាក់ថា បណ្ដឹងរបស់អ្នកស្រីដែលចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដោយប្ដឹងឈ្មោះ លី រមនា ជាប្រធានការិយាល័យកសិកម្មស្រុកមេមត់ និងលោក ជីង គឹមឈាង តំណាងម្ចាស់សត្តឃាតស្រុកមេមត់ ព្រមទាំងប្ដឹងឈ្មោះ ព្រុំ រិន ជានគរបាលនៃអធិការដ្ឋានស្រុកមេមត់នោះ គឺតំណាងអយ្យការអមសាលាដំបូងសម្រេចតម្កល់ទុកឥតចាត់ការតែម្ដង។
សេចក្ដីជូនដំណឹងដដែល មិនបានបញ្ជាក់អំពីមូលហេតុដែលនាំឱ្យតុលាការមិនចាត់ការសំណុំរឿងនេះទេ ប៉ុន្តែលើកឡើងថា ប្រសិនបើដើមបណ្ដឹងមិនសុខចិត្ត គឺអាចប្ដឹងតវ៉ាទៅនឹងការសម្រេចនេះក្នុងរយៈពេល ២ខែ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹង។
យ៉ាងនេះក្តី អ្នកស្រី អ៊ា ស្រីនេត បញ្ជាក់ថា គាត់បានប្ដឹងជំទាស់ចំពោះសេចក្ដីសម្រេចនេះ ទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៥ ខែកុម្ភៈ រួចរាល់ហើយ ដោយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងរកយុត្តិធម៌ជូនពួកគាត់។ សំណុំរឿងដែលឈានដល់ការប្ដឹងផ្ដល់មន្ត្រីកសិកម្មស្រុក តំណាងទីសត្តឃាតស្រុកមេមត់ និងនគរបាលស្រុកទៅតុលាការ ពីបទបង្កអំពើហិង្សាដោយចេតនា គឺកើតឡើងកាលពីថ្ងៃទី៨ ខែមករា។
អ្នកស្រី អ៊ា ស្រីនេត អះអាងថា កាលណោះគាត់ជិះម៉ូតូលក់សាច់ជ្រូកនៅតាមភូមិ ស្រាប់តែអ្នកទាំងបីនាក់មកហាមឃាត់អ្នកស្រីមិនឱ្យលក់ ហើយថែមទាំងទាញកញ្ឆេរដាក់សាច់ជ្រូករបស់អ្នកស្រីបណ្ដាលឱ្យដួលពីលើម៉ូតូទាំងជំហរតែម្ដង។
ទាក់ទងការសម្រេចតម្កល់រឿងមិនចាត់ការនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា តុលាការគប្បីប្រាប់ពីមូលហេតុដល់ដើមបណ្ដឹងឱ្យបានច្បាស់លាស់ដើម្បីជៀសវាងធ្វើឱ្យពួកគាត់មើលឃើញថា តុលាការមានភាពលម្អៀង ពីព្រោះករណីនេះគឺជាសំណុំរឿងព្រហ្មទណ្ឌ។ លោកថា ត្បិតតែមានការបើកផ្លូវឱ្យប្ដឹងតវ៉ាទៀតក៏ដោយ ប៉ុន្តែតុលាការមិនគួរតម្កល់រឿងមិនចាត់ការទេ៖ «វាគ្រាន់តែគាត់មិនបាត់ការហ្នឹង វាធ្វើឱ្យភាគីបណ្ដឹងមិនអស់ចិត្ត ព្រោះអីមិនបានបង្ហាញហេតុផលឱ្យបានច្បាស់ថា តើគាត់មិនចាត់ការហ្នឹង ព្រោះតែមូលហេតុអី?»។
មន្ត្រីសិទ្ធិមនុស្សដដែលមើលឃើញថា សំណុំរឿងនេះ ពលរដ្ឋហាក់ពិបាកទទួលបានយុត្តិធម៌ណាស់ ពីព្រោះកន្លងមកស្ទើរតែរាល់សំណុំរឿងពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬអាជ្ញាធររដ្ឋ គឺតុលាការកម្រសម្រេចឱ្យពលរដ្ឋឈ្នះក្តីឡើយ ដោយភាគច្រើនករណីធ្ងន់មកជាស្រាល ហើយបើករណីស្រាលទៅគ្មានរឿងតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
