ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កោះហៅគ្រូបង្រៀនដែលដាក់ទណ្ឌកម្មកុមារីម្នាក់ដោយអោយសិស្សប្រុសសម្រាតសំពត់នោះ អោយចូលបំភ្លឺនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ ព្រះរាជអាជ្ញាបញ្ជាក់ថា រឿងក្ដីនេះត្រូវចាប់ផ្ដើមសាជាថ្មី ដ្បិតនេះជាសំណុំរឿងដែលព្រះរាជអាជ្ញាចាស់ប្រគល់អោយលោកទទួលបន្ត។ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងក្រុមគ្រួសារកុមារីសាទរចំពោះចំណាត់ការនេះ។
ក្រៅពីសាទរថា ចំណាត់ការរបស់ព្រះរាជអាជ្ញាគឺជាពន្លឺយុត្តិធម៌សម្រាប់កុមារីរងគ្រោះ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បារម្ភថា ការទុកពេលវេលាអោយអូសបន្លាយបន្ថែមទៀត អាចជាឱកាសអោយមានការគេចខ្លួនណាមួយរបស់អ្នកប្រព្រឹត្តល្មើស។
តំណាងអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍នៅថ្ងៃទី៦ ខែតុលា ថា រឿងក្ដីនេះបានអូសបន្លាយរយៈពេលជាង ៥ខែមកហើយ ដែលគួរតែចាត់វិធានការភ្លាមៗ មិនគួរអូសបន្លាយតទៅទៀតឡើយ៖ «វាអាចមានឱកាសច្រើន ព្រោះនាំឲ្យជនហ្នឹងដឹងខ្លួន ឬក៏យ៉ាងម៉េចអាចដោះស្រាយខាងក្រៅ ឬក៏រត់គេចខ្លួន។ យើងបារម្ភចឹង ដោយសាររឿងហ្នឹងផ្សព្វផ្សាយទូទាំងប្រទេសហើយ»។
ការលើកឡើងរបស់លោក បូពិណ្ណារ័ត្ន នេះបន្ទាប់ពីដីការបស់ព្រះរាជអាជ្ញាបានកំណត់អោយគ្រូបង្រៀន ឈ្មោះ ដួង សាណេត នៅបឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ចូលបំភ្លឺនៅថ្ងៃទី៥ ខែវិច្ឆិកា។
ឆ្លើយតបនឹងការបារម្ភនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោក ផាន់ រតនា មានប្រសាសន៍ថា លោកទុកពេលតាមច្បាប់កំណត់ ស្របពេលដែលលោកជាប់រវល់នឹងរឿងក្ដីផ្សេងទៀតដែរ៖ «តែដល់ពេលខ្ញុំដល់មួយខែជាងនេះ ដោយសារខ្ញុំមានសំណុំរឿងត្រូវកោះផ្សេងទៀត ពេញកម្មវិធីអស់ហើយ ទើបវាកើនទៅដល់ ១ខែជាងហ្នឹង»។
ចំណែកលោកស្រី រ័ត្ន សារ៉ន ជាជីដូនកុមារី ក៏បានសាទរចំណាត់ការរបស់តុលាការនោះ និងបញ្ជាក់ថា លោកស្រីនឹងបន្តតាមដានចំណាត់ការនេះទៀត។
កាលពីខែឧសភា កុមារីដែលមានអាយុ ១១ឆ្នាំ ទើបរៀននៅថ្នាក់ទី២ ត្រូវគ្រូបង្រៀនឈ្មោះ ដួង សាណេត ដាក់ពិន័យអោយឡើងឈរលើកៅអីគ្រូ បន្ទាប់មកអោយសិស្សប្រុសសម្រាតសំពត់ និងខោទ្រនាប់របស់នាង នៅក្រោយពេលដែលនាងមិនចេះអានមេរៀន។
លោកគ្រូ ដួង សាណេត បានសារភាពថា លោកពិតជាបានធ្វើខុសមែន ប៉ុន្តែមិនមែនជាចេតនាទេ។ លោកមានបំណងត្រឹមតែចង់អោយសិស្សខំរៀន។ លោកថា លោកនឹងមិនគេចខ្លួនទៅណាទេ លោកនឹងយល់ព្រមទទួលទោសប្រសិនបើតុលាការសម្រេចដាក់ពិន័យរូបលោកយ៉ាងណានោះ៖ «ហើយបើទោះទៅដល់ពន្ធនាគារ ខ្ញុំមិនដឹងធ្វើម៉េចទេ គិតតាមច្បាប់ទៅ ព្រោះខ្ញុំគោលបំណងឲ្យក្មេងវាចេះដឹង តែបើធ្វើទៅវាខុសចឹង ខ្ញុំក៏មិនដឹងថាម៉េចដែរ។ ខ្ញុំក៏មិនមែនធ្វើដោយផ្ទាល់ដៃដែរ ខ្ញុំនិយាយលេងតើ ក្មេងប្រុសវាអ្នកប្រព្រឹត្ត ហើយខ្ញុំគ្រាន់តែនិយាយមិនបានទាំងមើលផង។ ខ្ញុំនិយាយចោល ហើយក្មេងវានៅពីមុខណាបង។ ខ្ញុំក៏ទទួលស្គាល់ដែរ ខ្ញុំហាក់ដូចជាមេបញ្ជាការ តែកាលណាយើងនិយាយទៅគេធ្វើតាម ខ្ញុំទទួលស្គាល់ថាខ្ញុំខុសទៅហើយ»។
នាយកបឋមសិក្សា ហ៊ុន សែន វត្តថ្មី បានផ្លាស់លោកគ្រូ សាណេត ចេញពីថ្នាក់ទី២ បន្ទាប់ពីមានរឿងនេះកើតឡើង។ ចំណែកក្រុមប្រឹក្សាវិន័យបានស្ដីបន្ទោស និងតម្រូវអោយសរសេរកិច្ចសន្យាពុំប្រព្រឹត្តអំពើអសីលធម៌តទៅទៀត។ លើសពីនេះ ករណីនេះក៏រងការស្ដីបន្ទោសពីការិយាល័យ និងមន្ទីរអប់រំដែរ។
ក្នុងសំណុំរឿងនេះ លោកគ្រូ សាណេត បានព្យាយាមសម្របសម្រួលអោយគ្រួសារកុមារីបញ្ឈប់រឿងក្ដី ដោយសុខចិត្តផ្ដល់ប្រាក់ ២.០០០ដុល្លារ។ ប៉ុន្តែក្រុមគ្រួសារកុមារីមិនយល់ព្រមឡើយ ដោយសារតែការសម្របសម្រួលនោះតម្រូវអោយគាត់កែបទចោទថា លោកគ្រូ សាណេត មិនបានប្រើសិស្សប្រុសសម្រាតសំពត់កុមារីទេ គឺគ្រាន់តែគំរាម។
តាមច្បាប់ គ្រូបង្រៀនរូបនេះអាចប្រឈមនឹងបទព្រហ្មទណ្ឌ តាមមាត្រា ៤៣ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ទាក់ទិននឹងអំពើអាស ដែលសំដៅដល់ការប៉ះពាល់ ការបង្ហាញកេរ្ដិ៍ភេទ ឬផ្នែកផ្សេងទៀតនៃភេទរបស់ជនដទៃ ឬការអោយជនដទៃប៉ះពាល់កេរ្តិ៍ភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជនក្នុងចេតនាធ្វើអោយរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។ ជនណាដែលប្រព្រឹត្តអំពើអាសទៅជនមានអាយុតិចជាង ១៥ឆ្នាំ នឹងត្រូវផ្ដន្ទាទោសអោយជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ដល់ ៦លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
