ព្រះ​មហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​អង្គការ​-​សមាគម​

ដោយ យាង សុជាមេត្តា និង តាំង សារ៉ាដា
2015.08.13
ស្ដេច សីហមុនី ៦១០ ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​ចូល​រួម​ជា​រាជាធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​នីតិកាល​ទី​៥ ដំបូង កាល​​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA

ព្រះ​មហាក្សត្រ​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ កាល​ពី​ថ្ងៃ​ទី​ ១២​ សីហា​ បាន​ឡាយ​ ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែនរដ្ឋាភិបាល​ដ៏​ចំរូងចំរាស់​។ ការ​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ពិនិត្យ​ និង​ប្រកាស​ថា​ច្បាប់​នេះ​ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ព្រះ​មហាក្សត្រ​ទើប​ប្រកាស​ឲ្យ​ប្រើ​នេះ ​មាន​ទំាងអស់​៩​ជំពូក​ និង​ចែក​ជា​៣៩​ មាត្រា​។ ច្បាប់​នេះ​ចែង​ពី​ការ​បង្កើត​ ការ​ចុះ​បញ្ជី​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​បរទេស​ ពី​ធនធាន​ និង​ទ្រព្យ​សម្បត្តិ​ របស់​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ពី​សិទ្ធិ​ផល​ប្រយោជន៍​ និង​កាតព្វកិច្ច​របស់​សមាគម​ ឬ​អង្គការ​មិនមែនរដ្ឋាភិបាល​ ពី​ការ​ផ្អាក​សកម្មភាព​ ការ​រំលាយ​ ការ​បញ្ចប់​សុពល​ ភាព​អនុស្សរណៈ​ ការ​ចាត់ចែង​ធនធាន​ និង​ទ្រព្យ​សម្បត្តិ​របស់​សមាគម​ ឬ​អង្គការ​មិនមែនរដ្ឋាភិបាល​ ព្រម​ទាំង​អំពី​វិធានការ​រដ្ឋបាល​ ឬ​ទោសប្បញ្ញត្តិ​ជាដើម​។

រដ្ឋាភិបាល​អះអាង​ថា​ ច្បាប់​នេះ​តាក់តែង​ឡើង​គឺ​ដើម្បី​បំរើ​ផលប្រយោជន៍​របស់​សមាគម​ និង​ អង្គការមិនមែនរដ្ឋាភិបាល​ជាង​៥​ពាន់​ស្ថាប័ន​នៅ​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ​ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ មើល​ឃើញ​ថា​ មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​ រឹតត្បិត​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គមស៊ីវិល​ទៅ​វិញ​ ក្នុង​នោះ​ដូច​ជា​សេរីភាព​ខាង​ការ​បង្កើត​អង្គការ​ សមាគម​ សេរីភាព​ ខាង​ការ​បញ្ចេញមតិ​ សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ​ព្រម​ទាំង​ការ​រឹត​បន្តឹង​ទៅ​លើ​មតិ​ប្រឆាំង​ជាដើម​។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រតិកម្ម​ចំពោះ​ច្បាប់​គ្រប់គ្រង​អង្គការ-​សមាគម

នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រិះគន់​ថា៖ "ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូចជា​ពូថៅ​ដៃ​មួយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​ទុក​តាម​កម្ចាត់​ក្រុម​អ្នក​ការពារ​សិទ្ធិ និង​ក្រុម​ប្រឆាំង​អំពើពុករលួយ​ដែល​តែង​ការពារ​ដល់​សហគមន៍ និង​ក្រុម​អ្នក​ដែល​ហ៊ាន​រិះគន់​អំពី​ភាព​លោភលន់​ហួស​ប្រមាណ​របស់​លោក [ហ៊ុន សែន] ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ..."

​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​សីហា លោក ហ្វីល រ៉ូប៊ើតសុន គូស​បញ្ជាក់​ថា ស្ថានភាព​ថ្មី​ពិត​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ គឺ​ថា រដ្ឋាភិបាល​អាច​បិទ​អង្គការ​របស់​ពួកគេ ឬ អាច​ចាប់​ពួកគេ​ដាក់​គុក​បាន​ប្រសិនបើ​ជន​នោះ​មិន​ស្តាប់​តាម​បង្គាប់​របស់​នាយករដ្ឋមន្ត្រី។

​លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ​ពិត​ជា​បាន​រំលោភ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ ហើយ​ច្បាប់​អង្គការ-​សមាគម​នេះ ប្រៀប​ដូចជា​ជញ្ជាំង​កំផែង​ដ៏​រឹង​ម៉ាំ​មួយ​ដែល​លោក ហ៊ុន សែន ប្រើប្រាស់​ដើម្បី​ការពារ​ប្រព័ន្ធ​អំណាច​ផ្តាច់​ការ​របស់​លោក។

​លោក ហ្វីល រ៉ូប៊ើតសុន ថា​ក្រុម​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ពេល​នេះ នឹង​ធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​មួយ​ករណី​ម្តងៗ ទៅ​នឹង​ការ​បិទ​ទ្វា​សង្គម​ស៊ីវិល​ឯករាជ្យ​ដែល​រង​នូវ​ការ​កាប់​ជាច្រើន​កំណាត់​ដោយ​រដ្ឋាភិបាល​នៅ​ពេល​គេ​រក​ឃើញ​ថា សង្គម​ស៊ីវិល​ទាំង​នោះ​ជា​អ្នក​នាំ​រឿង ឬ​ហ៊ាន​រិះគន់​ពេក។  លោក​បន្ត​ថា ថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​គឺជា​ថ្ងៃ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ណាស់​សម្រាប់​ការ​គោរព​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។