ក្រុម​អ្នក​កាសែត​នៅ​ស្ទឹងត្រែង​ផ្ដិត​មេដៃ​សុំ​ធានា​អ្នក​កាសែត​៣​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ

0:00 / 0:00

អ្នក​កាសែត​បី​នាក់ រួម​ទាំង​ភរិយា​ពួក​គេ​ម្នាក់​ទៀត ត្រូវ​បាន​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​ស្ទឹងត្រែង សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ បន្ទាប់​ពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​បញ្ជូន​សំណុំ​រឿង​ជន​សង្ស័យ​ទៅ​តុលាការ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ការ​ចាប់​ខ្លួន​អ្នក​កាសែត ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​អ្នក​សារព័ត៌មាន។

ក្រុម​អ្នក​កាសែត​ចំនួន ១០​នាក់ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា បាន​ផ្ដិត​មេដៃ​លើ​លិខិត​ដាក់​ជូន​មន្ត្រី​តុលាការ​ខេត្ត​ស្ទឹងត្រែង សុំ​ធានា​ឲ្យ​អ្នក​កាសែត ៣​នាក់ បាន​នៅ​ក្រៅ​ការ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន។

ចាងហ្វាង​កាសែត​នាគរាជ លោក គឹម សុវណ្ណរិទ្ធ និង​ភរិយា និង​អ្នក​យក​ព័ត៌មាន​កាសែត​សង្គម​ខ្មែរ លោក ម៉ម ម៉ុន អ្នក​យក​ព័ត៌មាន​កាសែត​ជាតិ​ខ្មែរ លោក គឹម ស៊ីនឿន ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា នៅ​ភូមិ​ស្រែស្រណុក ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ក្នុង​បទ​ចោទ​ប្រកាន់​ថា បាន​កំហែង​ទារ​ប្រាក់ ៥០០​ដុល្លារ​ពី​មន្ត្រី​អាវុធហត្ថ ក្នុង​រឿង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ពី​ក្នុង​ព្រៃ។ ក៏ប៉ុន្តែ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ព្រះរាជ​អាជ្ញា​បាន​សម្រេច​មិន​ចោទ​ប្រកាន់​ភរិយា​អ្នក​កាសែត​នោះ​ឡើយ។

អ្នក​យក​ព័ត៌មាន​កាសែត​កោះ​សន្តិភាព ប្រចាំ​ខេត្ត​រតនគិរី លោក ផង់ វិន មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​អ្នក​កាសែត​ទាំង ៣​នាក់ រួម​ទាំង​ភរិយា គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព ក្នុង​ការ​យក​ព័ត៌មាន​របស់​អ្នក​កាសែត។ លោក​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​តុលាការ ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តល់​យុត្តិធម៌​ក្នុង​ករណី​នេះ៖ «ការ​ចាប់​ខ្លួន​លើ​ក្រុម​អ្នក​កាសែត​នេះ ដូច​ជា​មិន​ត្រឹមត្រូវ​ទេ ហាក់​ដូច​ជា​មិន​មាន​ភស្តុតាង​ណា​មួយ​ជាក់​លាក់ ដែល​ត្រូវ​ចោទ​ប្រកាន់​ថា ក្រុម​អ្នក​កាសែត​ទៅ​ចាប់​ជំរិត​ប្រាក់​បែប​នេះ»

ទាក់ទិន​ករណី​នេះ​ដែរ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី បដិសេធ​មិន​អធិប្បាយ​បញ្ហា​នេះ​ជាមួយ​វិទ្យុ​អាស៊ីសេរី ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ដោយសារ​លោក​ជាប់​រវល់​ប្រជុំ។

ចាងហ្វាង​កាសែត​នាគរាជ លោក គឹម សុវណ្ណរិទ្ធ ខណៈ​ដែល​លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ លោក​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មន្ត្រី​អាវុធហត្ថ​ដឹក​ជញ្ជូន​ឈើ​គ្មាន​ច្បាប់ ហើយ​ឆ្លើយ​បញ្ជាក់​ថា ជា​ឈើ​របស់​មេបញ្ជាការ​អាវុធហត្ថ​ផ្ទៃ​ប្រទេស។ លោក​ទទួល​ស្គាល់​ថា បាន​សុំ​ប្រាក់​ចាក់​សាំង​ពី​មន្ត្រី​អាវុធហត្ថ ប៉ុន្តែ​មិន​បាន​កំហែង​យក​ប្រាក់​អ្វី​ឡើយ៖ «គេ​ចោទ​ថា​ខ្ញុំ​ជំរិត​ទារ​ប្រាក់​គេ ៥០០​ដុល្លារ ហើយ​ខ្ញុំ​អត់​បាន​និយាយ​ពាក្យ​ហ្នឹង​ទេ។ ការ​ចាប់​ហ្នឹង​ជា​ការ​រំលោភ​សិទ្ធិ​អ្នក​កាសែត បំបាក់​ស្មារតី​អ្នក​កាសែត»

ឃ្លាំ​មើល​បញ្ហា​នេះ​ដែរ មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ចាត់​ទុក​ចំណាត់​ការ​របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត ថា​រំលោភ​នីតិវិធី​កសាង​សំណុំ​រឿង។ លោក​កត់​សម្គាល់​ថា មន្ត្រី​អាវុធហត្ថ បាន​ធ្វើ​សន្និធិ​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​បាន​ប្រើ​អំណាច​ចោទ​ប្រកាន់​អ្នក​កាសែត និង​ចាប់​អ្នក​កាសែត​ក្នុង​ឋានៈ​ខ្លួន​ជា​ដើម​ចោទ​ផង និង​ជា​អ្នក​កសាង​សំណុំ​រឿង​ផង៖ «ប៉េអិម​គាត់​ធ្វើ​អ៊ីចឹង គឺ​ខុស​នីតិវិធី អ៊ីចឹង​សុំ​ឲ្យ​ចៅក្រម ឬ​ស្ថាប័ន​អយ្យការ មេត្តា​ស៊ើប​អង្កេត​ករណី​ហ្នឹង​ឲ្យ​បាន​ច្បាស់​លាស់»

ប្រធាន​ក្លិប​អ្នក​កាសែត លោក ប៉ែន សមិទ្ធិ ថ្លែង​ថា លោក​នឹង​ចាត់​មន្ត្រី​ក្លិប​អ្នក​កាសែត ស្រាវជ្រាវ​តើ​ករណី​ហ្នឹង​មាន​ការ​រំលោភ​ច្បាប់​សារព័ត៌មាន​យ៉ាង​ណា​ខ្លះ? លោក​បន្ត​ថា មន្ត្រី​តុលាការ គួរ​អនុវត្ត​នីតិវិធី​ឲ្យ​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ​តាម​ច្បាប់។

ទោះ​ជា​យ៉ាង​នេះ​ក្តី រហូត​មក​ទល់​នឹង​រសៀល​ម៉ោង ៥ និង ៣០​នាទី ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​សាកសួរ​ជន​ជាប់​ចោទ​ទាំង​បី​នាក់​នៅ​ឡើយ។ គេ​មិន​ទាន់​ដឹង​ថា តើ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន ឬ​យ៉ាង​ណា ចំពោះ​អ្នក​កាសែត​ទាំង​បី​នាក់​នេះ។

រហូត​មក​ទល់​នឹង​ម៉ោង ៦ និង ៣០​នាទី​ថ្ងៃ​ដដែល អ្នក​កាសែត​ទាំង​បី​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ជា​បណ្ដោះអាសន្ន ដើម្បី​ចៅក្រម​សាកសួរ​បន្ថែម​ទៀត​នៅ​ថ្ង​ទី​២៣ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។