សហជីពគ្រោងនឹងផ្ញើលិខិតទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដើមសប្ដាហ៍ក្រោយ ដើម្បីស្នើឲ្យក្រសួងមួយនេះបញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី៣១ ខែឧសភា ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនគួរបង្កើតច្បាប់នេះឡើយ ដោយសារច្បាប់នេះមានលក្ខណៈរឹតបន្តឹងសេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិតក្នុងការចូលរួមបង្កើតសហជីព។
ការរឹតបន្តឹងទាំងនោះមានដូចជា ការកំណត់ចំនួនក្នុងការបង្កើតសហជីពឯករាជ្យដែលការពារសិទ្ធិ និងផលប្រយោជន៍កម្មករ ការបិទការតវ៉ារបស់កម្មករ ការដាក់ពិន័យធ្ងន់ធ្ងរលើសហជីព ការបិទបញ្ជីការមិនឲ្យមានសហជីពដែលហ៊ានតវ៉ា ឬការទាមទារឲ្យសហជីពដែលមានស្រាប់ចុះបញ្ជិកាឡើងវិញជាដើម។ លោកថា បើច្បាប់នេះចេញមែន មិនត្រឹមតែបង្កភាពលំបាកក្នុងការបង្កើតសហជីពថ្មីនោះទេ តែវាថែមទាំងមិនធានារក្សាដល់សហជីពដែលមានស្រាប់ទៀតផង។
លោក អាត់ ធន់ បញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជាមិនចាំបាច់មានច្បាប់ស្ដីពីសហជីពនេះឡើយ៖ «បច្ចុប្បន្នយើងមានច្បាប់រដ្ឋធម្មនុញ្ញ មានអនុសញ្ញាអន្តរជាតិ មានច្បាប់ការងារ មានប្រកាសលេខ៣០៥ និងបទដ្ឋានគតិយុត្តិផ្សេងៗទៀតដែលធានាដល់សហជីពបានហើយ ប៉ុន្តែកុំឲ្យតែនិយោជក ឬក៏រដ្ឋាភិបាលជ្រៀតជ្រែកការងារសហជីពទៀតទៅបាន ហើយការបង្កើតសហជីពនេះគឺយើងដឹងថា វាជាការស្នើរបស់សហជីពតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ដើម្បីធានាពីការមិនតវ៉ាផ្សេងៗ និយោជកស្នើឲ្យធ្វើច្បាប់ហ្នឹង ហើយឥឡូវនិយោជករង់ចាំតែច្បាប់នេះចេញទេ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់សហជីព អ៊ីចឹងបានយើងមានការបារម្ភចំពោះសិទ្ធិជាមូលដ្ឋានរបស់កម្មករក្នុងការចូលរួមជាមួយសហជីព»។
ការស្នើសុំទៅសុំរបស់តំណាងសហជីពទៅក្រសួងការងារនេះ នៅស្របពេលក្រុមអង្គការសង្គមស៊ីវិលកំពុងសម្ដែងការព្រួយបារម្ភពីសេចក្ដីព្រាងច្បាប់មួយទៀត គឺសេចក្ដីព្រាងច្បាប់ស្ដីពីគ្រប់គ្រងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលកំពុងធ្វើឡើងដោយគ្មានការបើកចំហនោះ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ឧសភា ប្រកាសថា ច្បាប់សហជីពនេះ មានគោលដៅការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក ជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតការងារសមរម្យ ព្រមទាំងបង្កើនផលិតភាព និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតជាដើម។
យ៉ាងណាក៏ដោយ លោក អាត់ ធន់ អះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ ប្រសិនបើរដ្ឋាភិបាលមិនធ្វើការកែប្រែនោះទេ វានឹងមិនធានាដល់ការការពារសិទ្ធិសេរីភាពរបស់កម្មករសហជីពឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
