តំណាង​សហជីព​​ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​ការងារ​ទាមទារ​ឲ្យ​បញ្ឈប់​សេចក្ដី​ព្រាង​ច្បាប់​សហជីព

0:00 / 0:00

តំណាង​ក្រុម​សហជីព​កម្មករ និង​សមាគម​អ្នក​ធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចំនួន ៣១ រួម​គ្នា​ទាមទារ​អោយ​រដ្ឋាភិបាល​ទម្លាក់​ចោល​ច្បាប់​សហជីព ដែល​កំពុង​ឋិត​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ។ ការ​ទាមទារ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ញត្តិ​របស់​ក្រុម​នេះ ដែល​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥។

តំណាង​សហជីព​កម្មករ​ត្រៀម​នឹង​ធ្វើ​ការ​តវ៉ា ជំទាស់​នឹង​ច្បាប់​សហជីព​ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ចេញ​ច្បាប់​សហជីព​អោយ​ខាង​តែ​បាន​នោះ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​ដឹកនាំ​តំណាង​សហជីព និង​សមាគម​ដាក់​ញត្តិ រិះគន់​ថា ច្បាប់​សហជីព​ដែល​កំពុង​ឋិត​ក្នុង​ដៃ​ក្រសួង​ការងារ​នៅ​ឡើយ​នោះ មាន​ចំណុច​មួយ​ចំនួន​រឹតត្បិត​សេរីភាព​របស់​សហជីព និង​មិន​អាច​អោយ​ពួកគេ​បំពេញ​ការងារ​អោយ​បាន​ពេញលេញ​ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​បាន​ទៀត​ឡើយ។ លោក អាត់ ធន ស្នើ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​ការប៉ុនប៉ង​បង្កើត​ច្បាប់​សហជីព៖ «គឺ​យើង​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ជជែក ឬ​អាច​ធ្វើ​ការ​តវ៉ា​តាម​វិធី​ណា​ដែល​អាច​ធ្វើ​បាន​នៅ​ក្នុង​ពេល​ហ្នឹង។ ប្រសិន​បើ​រដ្ឋាភិបាល​ថា​ត្រូវ​តែ​ចេញ សូម​ឲ្យ​សេចក្តី​ព្រាង​នោះ​បាន​មក​សហជីព​បាន​ពិនិត្យ និង​ផ្ដល់​យោបល់​ចុង​ក្រោយ ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​រដ្ឋធម្មនុញ្ញ អនុសញ្ញា​អន្តរជាតិ»

លោក អាត់ ធន់ បាន​បង្ហាញ​ពី​មាត្រា​មួយ​ចំនួន ដែល​មាន​ផល​ប៉ះពាល់ រួម​មាន មាត្រា ១២ ៦៦ ៧៨ និង​មាត្រា​៨០ ជា​ដើម៖ «យោង​តាម​អនុសញ្ញា​លេខ​៨៧ គេ​បាន​លើក​ឡើង រដ្ឋ​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​សហជីព​ឡើយ ក្រុមហ៊ុន​មិន​អាច​ធ្វើ​ការ ឬ​ក៏​បញ្ចូល​គ្នា​ជាមួយ​សហជីព​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​នេះ សូម្បី​តែ​លក្ខន្តិកៈ​ក៏​មាន​សរសេរ​នៅ​ក្នុង​ហ្នឹង​ស្រេច សហជីព​មិន​មាន​សិទ្ធិ​តែ​លក្ខន្តិកៈ។ ហើយ​មួយ​ទៀត គឺ​ត្រូវ​ផ្ញើ​របាយការណ៍​ហិរញ្ញវត្ថុ​ទៅ​ក្រសួង​បើ​ក្រសួង​ត្រូវ​ការ»

ក្រុម​អ្នក​ដាក់​ញត្តិ​ប្រមាណ​ជាង ១០០​នាក់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​នេះ ពិចារណា​ពី​ផល​ប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅ​លើ​សេរីភាព​សហជីព និង​អត្ថប្រយោជន៍​របស់​កម្មករ។

មន្ត្រី​ការិយាល័យ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​ការងារ លោក ទូច សុទ្ធមុត បាន​ទទួល​ញត្តិ ដោយ​ពុំ​មាន​ការ​សន្យា​អ្វី​ក្រៅ​តែ​ពី​នាំ​ញត្តិ​នោះ​ទៅ​ជូន​រដ្ឋមន្ត្រី​ឡើយ។

ក្រៅ​ពី​នេះ​តំណាង​ក្រុម​អ្នក​ដាក់​ញត្តិ​ក៏​បាន​យក​ញត្តិ ដែល​មាន​អត្ថន័យ​ស្នើ​សុំ​កុំ​អោយ​មាន​ច្បាប់​សហជីព​ដដែល​នេះ​ទៅ​ដាក់​នៅ​សហភាព​អឺរ៉ុប ស្ថានទូត​អាមេរិក និង​ស្ថានទូត​នានា ប្រចាំ​ប្រទេស​កម្ពុជា។ ស្រប​គ្នា​នេះ​ក្រុម​ដដែល​ក៏​បាន​ដាក់​ទៅ​តំណាងរាស្ត្រ​ទាំង ១២៣​រូប នៃ​រដ្ឋសភា ដោយ​ស្នើ​មិន​អោយ​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​សហជីព។

កន្លង​មក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​អះអាង​ថា សេចក្ដីព្រាង​ច្បាប់​សហជីព​ត្រូវ​ផ្ដួចផ្ដើម​តាម​សំណូមពរ​របស់​ភាគី​កម្មករ​និយោជិត និង​និយោជក​កាល​ពី​ឆ្នាំ​២០០៨។ ខ្លឹមសារ​នៃ​ច្បាប់​នេះ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​បទពិសោធន៍​បណ្ដា​អន្តរជាតិ​ដទៃ​ទៀត។ លើស​ពី​នេះ​ច្បាប់​នេះ​ក៏​មាន​គោលដៅ​ទប់ស្កាត់​មជ្ឈដ្ឋាន​មួយ​ចំនួន​តូច ដែល​ចង់​ប្រើប្រាស់​កម្មករ និយោជិត បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន ដោយ​មិនបាន​គិត​ពី​ប្រយោជន៍​កម្មករ​និយោជិត។

ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា កន្លង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពិត​ជា​បាន​បើក​អោយ​មាន​កិច្ច​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ប្រាកដ​មែន ប៉ុន្តែ​នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​ដែល​សម្រេច​មក​ដល់​ពេលនេះ​គឺ​ខុស​ពី​អ្វី ដែល​បាន​សម្រេច​រួមគ្នា​នា​ពេល​កន្លង។ លោក​ថា អ្នក​បញ្ជា​ទិញ​កំពុង​តាម​ដាន​ករណី​នេះ ពួកគេ​អាច​នឹង​ប្រតិកម្ម​ប្រសិន​បើ​ច្បាប់​នេះ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញ​មតិ​របស់​កម្មករ៖ «បើ​សិន​ជា​ច្បាប់​នេះ​កាត់​បន្ថយ​សេរីភាព​ចូលរួម​សហជីព​បង្កើត​សហជីព សិទ្ធិ​ចរចា​ជា​សមូហភាព និង​សិទ្ធិ​ធ្វើ​កូដកម្ម ចឹង​អ្នក​បញ្ជា​ទិញ ឬ​ប្រទេស​ទិញ​សម្លៀកបំពាក់​ពី​ស្រុក​ខ្មែរ គេ​អាច​ពិចារណា»

ទាក់ទិន​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ សហជីព​អន្តរជាតិ​ក៏​ធ្លាប់​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​នឹង​ការ​បង្កើត​ច្បាប់​ដែល​រឹត​បន្តឹង​សេរីភាព​សហជីព​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។