សហភាព​សហជីព​អន្តរជាតិ​ស្នើ​ក្រសួង​ការងារ​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

តំណាង​ក្រុមប្រឹក្សា​សហភាព​សហជីព​អន្តរជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ស្នើ​សុំ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កែប្រែ​ចំណុច​មួយ​ចំនួន​បន្ថែម​ទៀត​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។

​តំណាង​ក្រុមប្រឹក្សា​សហជីព​ទាំង​នោះ​រួមមាន សហភាព​ការងារ​កម្ពុជា សហភាព​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​សហភាព​សហជីព​កម្ពុជា។

ខ្លឹមសារ​លម្អិត​នៃ​លិខិត​ដែល​ក្រុមប្រឹក្សា​នេះ ផ្ញើ​ជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ គឺ​សំណូមពរ​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​នូវ​សំណើ​រួម​របស់​សហជីព​ដែល​បាន​ដាក់​ជូន​ក្រសួង។ នៅ​ពេល​កន្លង​ទៅ សហជីព​បាន​ស្នើ​ឲ្យ​កែប្រែ​មាត្រា​មួយ​ចំនួន​ដែល​សហជីព​អះអាង​ថា មាន​ការ​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​និយោជិត​ក្នុង​ការ​រៀបចំ និង​ចូលរួម​សកម្មភាព​សហជីព។ ក្រុមប្រឹក្សា​នេះ ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​លាតត្រដាង​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ជា​សាធារណៈ មុន​ពេល​បញ្ជូន​ទៅ​ឲ្យ​សភា​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។