ក្រុម​សហជីព​នៅ​តែ​ទទូច​សុំ​ឱ្យ​សភា​ពន្យារ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​​​សហជីព

ដោយ ឡេង ម៉ាលី
2016.01.20
ច្បាប់​អង្គការ សហជីព ៦២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
Photo: RFA

ក្រុម​សហជីព​កម្មករ​នៅ​តែ​ទទូច​សុំ​ឱ្យ​រដ្ឋសភា​ពន្យារ​ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ថ្វី​បើ​គណៈកម្មការ​ចំពោះ​កិច្ច​បាន​បញ្ចប់​ការ​ពិនិត្យ ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ។ ខាង​សហជីព​ចង់​បាន​ឱកាស​បន្ថែម​ទៀត​ដើម្បី​បង្ហាញ​មតិ​យោបល់​របស់​ខ្លួន។

ក្រុម​សហជីព​កម្មករ​ចំនួន ១៤ ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​ទី​២០ មករា បង្ហាញ​ឆន្ទៈ និង​ជំហរ​ទទូច​ឱ្យ​រដ្ឋសភា​បន្ត​ទទួល​យក​សំណើ​របស់​សហជីព ហើយ​កុំ​អាល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហជីព។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បញ្ជាក់​ថា សហជីព​ស្ទើរ​ទាំង​អស់​ចង់​ឱ្យ​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​ពិភាក្សា​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ត​ទៅ​ទៀត។ ខាង​ភាគី​លោក​ក៏​ចង់​ឱ្យ​មាន​តំណាង​ចូលរួម​ផ្ដល់​យោបល់​នៅ​រាល់​កិច្ច​ប្រជុំ​ទាក់ទង​នឹង​ច្បាប់​ស្ដីពី​សហជីព​ដែរ ដើម្បី​ឱ្យ​ច្បាប់​នេះ​កាន់​តែ​ប្រសើរ​ឡើង៖ «យើង​បាន​ឯកភាព​គ្នា​ថា ជំរុញ​ឱ្យ​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា ឬ​ក៏​បើ​សិន​ជា​ទៅ​ប្រជុំ​សភា ឬ​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ ឬ​ក៏​ប្រជុំ​គណៈកម្មការ​ពិសេស​ហ្នឹង យើង​ចង់​បាន​ចូល​រួម​ប្រជុំ​ហ្នឹង​ដែរ ដើម្បី​ពន្យល់​ទៅ​ដល់​គណៈកម្មការ​សភា​ហ្នឹង​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ហើយ​បើ​សិន​ជា​អាច​ទៅ​រួច នៅ​ក្នុង​ពេល​ប្រជុំ​អនុម័ត​ហ្នឹង យើង​ចូល​ប្រជុំ​ក្នុង​សភា​ហ្នឹង ដើម្បី​ពន្យល់​នូវ​ការ​ស្នើ​ហ្នឹង​ដែរ»

សេចក្ដី​ថ្លែងការណ៍​របស់​សហជីព គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មការ​ចំពោះ​កិច្ច​បញ្ចប់​ការ​ពិនិត្យ ពិភាក្សា​លើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី​១៩ មករា។ ភ្លាមៗ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ចំពោះ​កិច្ច មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា គណៈកម្មការ​ចំពោះ​កិច្ច បាន​ពិភាក្សា​ដោះស្រាយ​រាល់​កង្វល់​របស់​សហជីព​ហើយ។

លោក សុខ ឥសាន៖ «អ៊ីចឹង​ថ្ងៃ​នេះ យើង​សម្រេច​បាន ១២​មាត្រា លើ​ចំណុច​សំណើ​របស់​សហជីព ៨​ចំណុច។ អ៊ីចឹង​បាន​សេចក្ដី​ថា ចប់​រាល់​សំណើ​របស់​សហជីព គឺ​យើង​បាន​សម្រេច​ហើយ ក៏​ប៉ុន្តែ​យើង​មិន​មាន​សិទ្ធិ​អី​ដើម្បី​នឹង​គូសវាស​ថា ជា​អត្តនោម័តិ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ទេ។ បញ្ហា​មួយ​ចំនួន គឺ​យើង​ស្នើសុំ​ការ​បំភ្លឺ​ពី​ក្រសួង ដែល​ជា​តំណាង​រាជរដ្ឋាភិបាល​ឱ្យ​បំភ្លឺ​ឱ្យ​ច្បាស់​ថែម​ទៀត ដើម្បី​ឱ្យ​ច្បាប់​ហ្នឹង​ធានា​បាន​នូវ​សុក្រឹតភាព នៃ​ការ​ធានា​ផល​ប្រយោជន៍​កម្មករ​និយោជិក ហើយ​និង​និយោជក​ផង»

ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​បន្ថែម​ថា មន្ត្រី​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ នឹង​ធ្វើ​របាយការណ៍​រួម​មួយ​ដាក់​ជូន​គណៈកម្មការ​ជំនាញ និង​គណៈកម្មការ​នីតិកម្ម ដើម្បី​ពិនិត្យ​បន្ត​ទៀត។

ទោះ​ជា​មិន​ទាន់​មាន​របាយការណ៍​រួម​ក្ដី ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ ៣​លើក មាន​ភាព​វិជ្ជមាន​ខ្លះ៖ «គឺ​យើង​យល់​ឃើញ​ថា អ្វី​ដែល​គណបក្ស​ទាំង​ពីរ​បាន​ប្រជុំ​គ្នា​ធ្វើ​ការ​វិភាគ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​វា​ជា​រឿង​ល្អ​ដែល​ពី​មុន​យើង​មិន​សូវ​បាន​ជួប​ប្រទះ គ្រាន់​តែ​ជា​លទ្ធផល​មិន​បាន។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​ដឹង​ថា គណបក្ស​ទាំង​ពីរ​បាន​ពិនិត្យ​មើល​អត្ថន័យ​មួយ​ចំនួន​ដែល​មិន​ច្បាស់​លាស់​ពី​មុន និង​យល់​ដឹង​អំពី​សុខទុក្ខ​របស់​សហជីព​ច្រើន​ដែរ»

លោក​ឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​គ្នា​នឹង​ការ​រង់ចាំ​លទ្ធផល​បូក​សរុប​លទ្ធផល​ពី​កិច្ច​ប្រជុំ​ពិភាក្សា ៣​លើក​នោះ ហើយ​នឹង​សិក្ខាសាលា​ស្ដាប់​មតិ​យោបល់​បន្ថែម​នៅ​ពេល​ខាង​មុខ ខាង​ក្រុម​សហជីព នៅ​សប្ដាហ៍​ក្រោយ​នេះ នឹង​ដាក់​លិខិត​សុំ​ជួប​មន្ត្រី​ថ្នាក់​ដឹកនាំ​ស្ថាប័ន ៣ គឺ​ក្រសួង​ការងារ រដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល ដើម្បី​បង្ហាញ​ពី​មតិ​យោបល់​របស់​ខ្លួន​បន្ថែម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។