ប៉ូលិសចរាចរណ៍ជើងគោកបានកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកូនស្រីរបស់មន្ត្រីសុខាភិបាលម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី២ ខែមីនា។
នាយរងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ប៉ែន ឃុន មានប្រសាសន៍ថា យុវតីដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ឈ្មោះ គាមពិសិដ្ឋ ណារីតា អាយុ ២៣ឆ្នាំ កំពុងស្ថិតនៅក្នុងការឃាត់ខ្លួននៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។ ករណីនេះ លោកបានបញ្ជូនសំណុំរឿងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរហើយ។
កាលពីល្ងាចថ្ងៃទី១ ខែមីនា យុវតីដែលជាអ្នកបើកបរ ឈ្មោះ គាមពិសិដ្ឋ ណារីតា អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាល បើករថយន្តពណ៌ស្ករ ម៉ាក Camry ឬស្គាល់ជាទូទៅថា បាឡែន ស្លាកលេខ ២R៥០០៨ បុករះលើអ្នកជិតម៉ូតូ និងកង់ជាច្រើនគ្រឿងនៅលើវិថីព្រះនរោត្តម ចាប់តាំងរថយន្តនេះបានចេញពីខាងមុខសកលវិទ្យាល័យបញ្ញាសាស្ត្រ ជិតវិមានឯករាជ្យបន្តរហូតដល់បុកជាប់របងខាងមុខក្រសួងមហាផ្ទៃ។
ក្នុងហេតុការណ៍នោះ ធ្វើឲ្យកុមារី ២នាក់បងប្អូនស្លាប់ និងកុមារម្នាក់ទៀតស្លាប់ភ្លាមៗ ក្រៅពីនោះមានមនុស្សចាស់ ៦នាក់របួសធ្ងន់ និង ២នាក់ទៀតរបួសស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក គាម ពិសិដ្ឋ ជាឪពុករបស់យុវតី គាមពិសិដ្ឋ ណារីតា បង្កគ្រោះថ្នាក់ចរាចរណ៍បានថ្លែងថា លោកចូលរួមសោកស្ដាយជាពន់ពេក និងសូមអភ័យទោសដល់ជនរងគ្រោះទាំងអស់ ចំពោះគ្រោះថ្នាក់ដែលបានបង្កឡើងដោយកូនស្រីរបស់លោក ហើយលោកនឹងដោះស្រាយបញ្ហានេះទៅតាមនីតិវិធីច្បាប់ទាំងអស់។
លោក គាម ពិសិដ្ឋ៖ «ស្លុតដោយសារពីរឆ្នាំមុនឃើញវាអ៊ីចឹងម្ដង ខ្ញុំយកទៅថតស្កេននៅប្រទេសថៃ បាតាយ៉ា មានឃើញដុំមួយតូចនៅលើខួរក្បាលវា។ ខ្ញុំសួរទៅគេថា អត់ត្រូវវះកាត់ទេ គេឲ្យញុំាំថ្នាំរយៈពេលតាំងពីឆ្នាំ២០១០មក វាធូរទៅ វាត្រូវតាមដានជាប្រចាំអ៊ីចឹងទៅណា។ ពេលអ៊ីចឹងទៅក៏វាធូរទៅហើយ។ ក្នុងអំឡុងពេលនេះវាចាប់ផ្ដើមប្រឡងនៅក្នុងខែកុម្ភៈហ្នឹង វាអត់ងងុយអ៊ីចឹងវាមានបញ្ហាទៅលើជំងឺហ្នឹង វាធ្វើឲ្យខួរក្បាលវាធ្វើឲ្យវាស្លុត។ ខ្ញុំព្យាយាមដោះស្រាយតាមច្បាប់ និងសុំខមាលាទោសហើយចូលរួមនឹងសពបីនាក់ហ្នឹង»។
អ្នកគ្រប់គ្រងកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការជនពិការអន្តរជាតិប៊ែលហ្សិក លោក អៀ ចរិយា បានថ្លែងថា ករណីជនបង្កហេតុដែលបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍មួយករណី ហើយបើករត់គេចនោះ យោងទៅតាមច្បាប់ជននោះនឹងត្រូវទទួលទោសអតិបរមា៖ «អ្នកបើកបរគ្រប់រូប គឺទី១ គឺគាត់ត្រូវមានសីលធម៌ចេះគោរពអ្នកដទៃនៅពេលបើកបរ។ គាត់ត្រូវគោរពច្បាប់ក្នុងករណីមានការកើតហេតុ គាត់ត្រូវចូលរួមដោះស្រាយមិនត្រូវគេចវេះទេ។ យើងឃើញថា ការបះពារគ្នាហើយកាត់គេចវេះហ្នឹង មានកើតច្រើនករណីណាស់ក្នុងប្រទេសកម្ពុជាយើង ដែលវាជាទម្លាប់អាក្រក់មួយដល់អ្នកដទៃទៀតដែរ»។
មកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវឲ្យក្រុមគ្រួសារជនរងគ្រោះមកដាក់ពាក្យបណ្ដឹងពីករណីបង្កគ្រោះថ្នាក់នេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឲ្យពលរដ្ឋខ្មែរមានការតក់ស្លុតជាខ្លាំង និងបានរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាបន្តបន្ទាប់ ពីទង្វើរបស់យុវតីដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ហើយបានសម្ដែងក្ដីអាណិតអាសូរចំពោះក្រុមគ្រួសារ និងជនរងគ្រោះដែលជាកុមារាកុមារី ដែលបានស្លាប់ពេលពួកគេធ្វើដំណើរចេញពីសាលារៀនត្រឡប់មកផ្ទះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
