ចំនួនអ្នកធ្វើដំណើរកើនឡើងយ៉ាងគំហ៊ុកដូច្នេះ រឹតតែជាក្ដីបារម្ភដែលទាមទារឲ្យអ្នកបើកបរយានយន្តមានការប្រុងប្រយ័ត្ននៅពេលបើកបរ ហើយចាំបាច់ត្រូវយល់ដឹងពីច្បាប់ និងគោរពច្បាប់ចរាចរណ៍។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នានៅខាងមុខរមណីយដ្ឋានវត្តភ្នំ ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ពីច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលកំពុងខិតជិតចូលមកដល់។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ូ សំណាង បានថ្លែងនៅថ្ងៃទី៩ មេសា ថា ពិធីនេះមានគោលបំណងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ លោកថា កម្មវិធីនេះនឹងប្រារព្ធឡើងចំនួន ៤ថ្ងៃ នៅរមណីយដ្ឋានវត្តភ្នំ ដោយប្រើប្រាស់ក្រុមសិល្បៈទាក់ទាញចំណាប់អារម្មណ៍ផ្ដល់សារអប់រំ សម្ដែងរឿងខ្លី ចែកខិត្តប័ណ្ណ និងសៀវភៅជំនួយស្មារតីដល់អ្នកបើកបរយានយន្ត និងទោចក្រយាន។
លោក ប៉ូ សំណាង៖ «ស៊ីក្លូ ម៉ូតូឌុប ច្រើនជាងគេ គាត់ចង់ចេះចង់យល់ចង់ដឹងណាស់ ក៏ប៉ុន្តែ អភព្វដោយសារជីវភាពខ្វះខាត ហើយនិងសេវាសាធារណៈ គាត់ទទួលបានតិចជាទីបំផុតក្នុង ១០០នាក់ ជិះកាត់វត្តភ្នំ សួរគាត់ដែលបានឃើញសៀវភៅហ្នឹងគេ គាត់អត់ដែលបានឃើញទេ។ តើកំហុសហ្នឹងជារបស់អ្នកណា សេវាសាធារណៈយើងគ្មាន សង្ឃឹមលើរដ្ឋាភិបាល មេត្តាបញ្ជូនកម្លាំងទាំងអស់ឲ្យមកផ្លូវថ្នល់»។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់រមណីយដ្ឋានវត្តភ្នំ បានគាំទ្រយុទ្ធនាការអប់រំច្បាប់ចរាចរណ៍នៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរ៖ «យើងនាំគ្នាគោរពទៅ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ ការងារនេះល្អ ប្រជាពលរដ្ឋយើងបានយល់ដឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ យើងធ្វើដំណើរទៅ បងប្អូនទៅស្រុកទេសអី ដើម្បីសុវត្ថិភាព យើងត្រូវយល់យោគគ្នាក្នុងការធ្វើដំណើរ»។
មិនខុសគ្នានោះទេ បុរសវ័យចំណាស់ដែលមានមុខរបរជាអ្នកធាក់ស៊ីក្លូម្នាក់ ក្នុងរាជធានីភ្នំពេញ លោក ហាស់ យឿន បានអះអាងថា គាត់ប្រកបរបរនេះតាំងពីឆ្នាំ១៩៧៩ មក។ គាត់រីករាយដែលបានទទួលលិខិតអប់រំច្បាប់ចរាចរណ៍នេះ៖ «មានប្រយោជន៍ និយាយរួមឲ្យខ្លី គឺទូទៅតែម្ដង សម្រាប់អ្នកធាក់ស៊ីក្លូ ក៏មានប្រយោជន៍ សម្រាប់សង្គមជាតិក៏មានប្រយោជន៍»។
ពាក់ព័ន្ធនឹងយុទ្ធនាការនេះដែរ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ លោក ចែវ ហាក់ មានប្រសាសន៍ថា អង្គភាពជំនាញ និងអធិការនគរបាលខណ្ឌទាំង៩ នៅក្នុងរាជធានីភ្នំពេញ មានផែនការរៀបចំការងារការពារសន្តិសុខ និងសុវត្ថិភាពនៅលើដងផ្លូវ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះរួចជាស្រេចហើយ៖ «គឺមិនមែនឈប់រយៈពេល៣-៤ថ្ងៃក្នុងឱកាសបុណ្យនេះទេ គឺយើងអាចបែងចែកគ្នា វេនគ្នាទៅវត្ត ឬគាត់ជូនដំណើរឪពុកម្ដាយទៅវត្តទៅវាជាដើម។ ជាក់ស្ដែង តែអង្គភាពជំនាញ ព្រោះស្នងការដ្ឋានហ្មង ខ្ញុំអត់បានទទួលចំនួនប៉ុន្មានទេ ប៉ុន្តែអង្គភាពជំនាញយើងខ្ញុំនេះ បានត្រៀមលក្ខណៈជាង ២០០នាក់ ដើម្បីត្រៀមច្រកចេញចូលក្នុងរាជធានីភ្នំពេញ មិនឲ្យមានការកកស្ទះទេ»។
របាយការណ៍ប៉ូលិសនាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បានបង្ហាញថា ៣ខែដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានកើតមានជាង ១ពាន់លើក ស្លាប់មនុស្សចំនួន ៥៤០នាក់ និងរបួសជាង ២ពាន់នាក់។ អត្រាគ្រោះថ្នាក់នេះថយចុះ បើប្រៀបធៀបឆ្នាំ២០១២ ក៏ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនឡើង។
គ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីអ្នកបើកបរមានល្បឿនលឿន បើកប្រជែង និងស្រវឹងជាដើម។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចាំបាច់ត្រូវគោរពច្បាប់ និងមានសុជីវធម៌ក្នុងការបើកបរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
