រយៈពេលពីរថ្ងៃនៃយុទ្ធនាការចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅដើមឆ្នាំ២០១៦ របស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង បានឃាត់ឡាន និងម៉ូតូជិត ២០០គ្រឿង (១៥២គ្រឿង) ព្រមទាំងបានអប់រំច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវជាង ១ពាន់នាក់ (១.២២៤នាក់)។ ទន្ទឹមនឹងប្រជាពលរដ្ឋភាគច្រើនគាំទ្រលើការអនុវត្ដច្បាប់នេះ ក៏នៅមានប្រជាពលរដ្ឋខ្លះមិនពេញចិត្ដដែរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដាក់កម្លាំងតាមដងផ្លូវនានានៅទូទាំងខេត្តរយៈពេលពីរថ្ងៃកន្លះជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ នៅក្នុងសកម្មភាពនេះ សមត្ថកិច្ចតាមគោលដៅនីមួយៗ បានព្យាយាមពន្យល់ពលរដ្ឋពីការបើកបរខុសច្បាប់ ជាជាងដេញចាប់ផាកពិន័យដែលនាំឲ្យមានគ្រោះថ្នាក់។
ទាំងនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឈឹម សារុន និងនាយរងការិយាល័យ លោក ក្រឹង សំណាង បដិសេធមិនឲ្យថតសំឡេងរាល់ការអត្ថាធិប្បាយរបស់លោកក្នុងការចុះអនុវត្ដច្បាប់នេះទេ ប៉ុន្តែលោកបានផ្ដល់តួលេខ និងបង្ហើបថា ការអនុវត្តការងារ គឺមានបញ្ជាពីថ្នាក់លើ ហើយជំរុញឲ្យវិទ្យុអាស៊ីសេរី ទៅសួរអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តវិញ។
ចំណែកអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក លី វីរៈ ថាលោកមិនច្បាស់លើការងារចរាចរណ៍នេះទេ ប៉ុន្តែមានស្នងការរងម្នាក់ទៀតយល់ស៊ីជម្រៅ និងជាអ្នកទទួលបន្ទុករឿងនេះ។ វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងស្នងការរងទទួលបន្ទុកការងារចរាចរណ៍នេះបានទេ នៅថ្ងៃទី៣ ខែមករា។
ទន្ទឹមនឹងនេះ វិទ្យុអាស៊ីសេរី បានទទួលការត្អូញត្អែរទាំងតាមទូរស័ព្ទ និងផ្ទាល់មាត់ពីប្រជាពលរដ្ឋមួយចំនួនដែរ ទាក់ទងនឹងការឃាត់ម៉ូតូគ្មានស្លាកលេខ និងគ្មានពន្ធនាំចូលរក្សាទុករង់ចាំការដោះស្រាយ។ ពលរដ្ឋខ្លះថា ម៉ូតូអត់ពន្ធដែលគាត់ទិញមកជិះតម្លៃ ៥០០ដុល្លារ ប៉ុន្តែដល់សមត្ថកិច្ចចាប់បាន ហើយត្រូវរត់ការឯកសារផ្សេងៗពីមន្ត្រីគយដើម្បីយកម៉ូតូនោះមកវិញ ពួកគាត់ត្រូវចំណាយលុយ ៣៨០ដុល្លារទើបបាន។
ប្រជាពលរដ្ឋមួយរូបឈ្មោះ សយ ថា កំពុងឈរមើលម៉ូតូម៉ាកហុងដាឌ្រីម (Honda Dream) សេរី២០១៥ អត់ស្លាកលេខរបស់ខ្លួននៅក្នុងបរិវេណការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលសមត្ថកិច្ចទើបចាប់មករក្សាទុក។ លោកមានប្រសាសន៍ថា ម៉ូតូរបស់លោកមានពន្ធនាំចូល និងលិខិតទិញលក់ត្រឹមត្រូវ ប៉ុន្តែមិនទាន់បានធ្វើស្លាកលេខ។ លោកព្រមទទួលខុស និងធ្វើស្លាកលេខតាមការកំណត់របស់សមត្ថកិច្ច ប៉ុន្តែចង់សុំដកម៉ូតូទៅប្រើប្រាស់បណ្ដោះអាសន្ន ដោយរក្សាទុកនូវក្រដាសពន្ធ និងអត្តសញ្ញាណប័ណ្ណនៅនឹងសមត្ថកិច្ចសិន ដើម្បីទុកឱកាសឲ្យលោករត់ការងារផ្ទាល់ខ្លួនផង និងធ្វើស្លាកលេខផង៖ «ខ្ញុំចង់ថាអ៊ីចេះ ឧទាហរណ៍ថាឥឡូវពន្ធអីហ្នឹង បើសិនជាគាត់អាចធ្វើម៉េចបានអ៊ីចឹងទៅណា! យើងចង់យកតែយកម៉ូតូជិះសិន ចំណែកពន្ធទុកនេះ ស្អែកមកធ្វើស្លាកលេខ ឬខានស្អែកក៏មកធ្វើបានអត់មានបញ្ហា»។
មាត្រា៨២ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចែងថា ជនណាប្រើប្រាស់យានយន្តគ្មានប័ណ្ណសម្គាល់ ឬគ្មានស្លាកលេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ចំនួន ១សែនរៀលទៅ ៨សែនរៀល។
ព្រះរាជក្រមបានប្រកាសឲ្យប្រើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ នាសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី៦ នីតិកាលទី៣។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មាន ១២ជំពូក និង ៩២មាត្រា ហើយមានការកែប្រែលើខ្លឹមសារ និងការផាកពិន័យមួយចំនួន គឺខុសពីច្បាប់ចរាចរណ៍ផ្លូវគោកចាស់ឆ្នាំ២០០៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
