កម្មករ​២​នាក់​ក្នុង​ចំណោម​២៣​នាក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ជន​ជាប់​ចោទ ២​នាក់​ក្នុង​ចំណោម ២៣​នាក់ ដែល​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រពាំងផ្លុង ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ជន​ជាប់​ចោទ​ដែល​ត្រូវ​ដោះ​លែង​ទាំង​ពីរ​នាក់ សប្បាយ​ចិត្ត​ដោយ​បាន​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ បើ​ទោះ​បី​ជា​មិន​មែន​ជា​ការ​ដោះ​លែង​ទាំង​ស្រុង​ក៏ដោយ។

0:00 / 0:00

ដោយ​ឡែក ជន​ជាប់​ចោទ ២១​នាក់​ផ្សេង​ទៀត ពួក​គាត់​គ្រោង​ថា​នឹង​ធ្វើ​ការ​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ ចាប់​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ដើម្បី​ទាមទារ​អោយ​ដោះ​លែង​ពួក​គាត់។

ក្រុម​គ្រួសារ មេធាវី និង​តំណាង​អង្គការ​សិទ្ធិ​មនុស្ស បាន​ទៅ​ទទួល​ជន​ជាប់​ចោទ ២​នាក់ ក្នុង​ចំណោម ២៣​នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ និង​នាំ​ត្រឡប់​មក​ភ្នំពេញ​វិញ។

ការ​ដោះ​លែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បើក​សវនាការ​របស់​ចៅក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ ចំពោះ​ការ​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​ពី​សំណាក់​ក្រុម​គ្រួសារ និង​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​នោះ។ ជន​ជាប់​ចោទ ២​នាក់​នោះ រួម​មាន លោក ប៊ូ សារិទ្ធិ ជា​កម្មករ​នៅ​រោងចក្រ យ៉ាក ជីង និង​ម្នាក់​ទៀត​ឈ្មោះ យន សុខជា ដែល​ជា​អនីតិជន​ធ្វើ​ការ​នៅ​រោងចក្រ​ម្តុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។

លោក ប៊ូ សារិទ្ធិ ដែល​ជាប់​ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រពាំងផ្លុង បាន​សម្ដែង​អារម្មណ៍​រីក​រាយ​នៅ​ពេល​ដែល​ខ្លួន​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ ហើយ​លោក​អាច​មាន​ឱកាស​វិល​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ខ្លួន​វិញ បើ​ទោះ​បី​ជា​ការ​ដោះ​លែង​នេះ​នៅ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ក៏ដោយ។ លោក​បញ្ជាក់​ថា វា​ជា​រឿង​អយុត្តិធម៌​ក្នុង​ការ​ដែល​ឃុំ​ខ្លួន​លោក​នា​ពេល​កន្លង​ទៅ ពីព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ៖ «ខ្ញុំ​ថា​ការ​ចាប់​ខ្លួន​ខ្ញុំ​នេះ​វា​អយុត្តិធម៌​ណាស់ ពីព្រោះ​ខ្ញុំ​មិន​មាន​កំហុស​អី​ទេ​បង។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​មិន​មែន​ជា​អ្នក​ទោស​ទេ​បង។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ហើយ​ខ្ញុំ​ធ្វើ​ការ​រក​ស៊ី​សុចរិត​ទៀង​ត្រង់ មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ឡើយ ហេតុ​អ្វី​ក៏​ចាប់​ខ្ញុំ​ទៅ​ដាក់​គុក​ដូច្នេះ»

លោក​បន្ថែម​ទៀត​ថា អាការៈ​របស់​លោក​នៅ​ពេល​នេះ មិន​ទាន់​ជា​សះ​ស្បើយ​នោះ​ទេ ព្រោះ​លោក​ត្រូវ​ទាហាន​វាយ​ដំ​ច្រំ​ធាក់​មក​លើ​ក្បាល​របស់​លោក​យ៉ាង​ធ្ងន់ធ្ងរ។

ចំណែក​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង គឺ​លោក យន សុខជា មាន​អាយុ ១៧​ឆ្នាំ បាន​ថ្លែង​ថា ក្នុង​ពេល​លោក​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រពាំងផ្លុង ហើយ​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​មក​ពន្ធនាគារ​មាត់ឃ្មង់ ជិត​ទី​រួម​ខេត្ត​កំពង់ចាម នោះ លោក​តែង​តែ​យំ​រាល់​ថ្ងៃ ព្រោះ​នឹក​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ ហើយ​ម្យ៉ាង​នឹក​ដល់​ភាព​លំបាក​ក្នុង​គ្រួសារ​ដែល​ធ្លាប់​តែ​ខ្វះ​មុខ​ខ្វះ​ក្រោយ​នោះ។

លោក យន សុខជា៖ «បាទ! ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ហើយ​មាន​អារម្មណ៍​ដូច​បាន​កើត​សាថ្មី​អ៊ីចឹង​បង ព្រោះ​អី​ខ្ញុំ​បាន​ជួប​ម៉ែ​ឪ​បង​ប្អូន​ខ្ញុំ​វិញ ខ្ញុំ​អរ​ណាស់ ព្រោះ​អី​ខ្ញុំ​នៅ​ឯណោះ​យំ​រាល់​ថ្ងៃ នឹក​ផ្ទះ នឹក​បង​ប្អូន នឹក​យាយ​គាត់​នៅ​ឯ​ស្រុក ព្រោះ​ខ្ញុំ​មិន​ដែល​ជាប់​ឃុំឃាំង​ដូច​អ៊ីចឹង​ទេ។ ខ្ញុំ​ធ្លាប់​តែ​ទៅ​លេង​បង​ប្អូន​រស់​នៅ​ជាមួយ​បង​ប្អូន ដល់​រស់​នៅ​អ៊ីចឹង ខ្ញុំ​ពិបាក​ក្នុង​ខ្លួន​ណាស់​បង»

លោក​បន្ត​ថា ដៃ​ឆ្វេង​របស់​លោក​ដែល​សមត្ថកិច្ច​ជាន់​បាក់​នោះ ប្រហែល​ជា​ត្រូវ​ពិការ​ផង​ក៏​មិន​ដឹង ពីព្រោះ​មក​ដល់​ពេល​នេះ លោក​មិន​អាច​កម្រើក​ម្រាម​ដៃ​ឆ្វេង​ទាំង​នោះ​បាន​ឡើយ។ ដោយសារ​ការ​ដោះ​លែង​នេះ​មិន​មែន​ជា​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ពេញ​លេញ ទើប​ធ្វើ​ឲ្យ​ជន​ជាប់​ចោទ​ទាំង​ពីរ​នៅ​តែ​ធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ពួក​គាត់​ទាំង ២៣​នាក់ ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ។

បញ្ហា​នេះ មន្ត្រី​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​នោះ ដោយសារ​ចៅក្រម​ពិនិត្យ​ទៅ​លើ​ហេតុផល​ច្បាស់​លាស់​នៃ​ការ​ស្នើសុំ​របស់​មេធាវី​ជន​ជាប់​ចោទ និង​មាន​ការ​ធានា​ពី​ក្រុម​គ្រួសារ​ផង៖ «ឱ្យ​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដោយ​យោង​ទៅ​លើ​ទី​១ ស្ថានភាព​របស់​ពួក​គាត់​ក្រីក្រ ត្រូវ​ការ​ពួក​គាត់​ដើម្បី​ទ្រទ្រង់​ជីវភាព។ ទី​២ គាត់​មាន​មុខ​របរ និង​ទី​លំនៅ​ច្បាស់​លាស់ ហើយ​ទី​៣ ធានា​ថា​នឹង​ចូល​មក​បង្ហាញ​ខ្លួន ឬ​ក៏​គោរព​ទៅ​តាម​នីតិវិធី​របស់​តុលាការ បើ​តុលាការ​ត្រូវ​ការ​គាត់​ពេល​ណា គាត់​នឹង​ចូល​ហ្នឹង»

នៅ​ថ្ងៃ​ដោះ​លែង​ជន​ជាប់​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ដែរ សាច់ញាតិ​ជន​ជាប់​ចោទ​ផ្សេង​ទៀត​ដែល​បាន​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំងផ្លុង នោះ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​៩ កុម្ភៈ នេះ​ត​ទៅ ជន​ជាប់​ចោទ​ទាំង ២១​នាក់​ដែល​កំពុង​ជាប់​ឃុំ​នោះ នឹង​ធ្វើ​ការ​តវ៉ា​ដោយ​បង្អត់​អាហារ​ខ្លួន​ឯង រហូត​ដល់​រដ្ឋាភិបាល​ព្រម​ដោះ​លែង​ពួក​គាត់​ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្វែង​រក​យុត្តិធម៌​ចំពោះ​ការ​វាយ​ដំ​ពួក​គាត់​នា​ពេល​កន្លង​មក។

ប្រពន្ធ​របស់ លោក យ៉ុង សំអន ដែល​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ត្រពាំងផ្លុង គឺ​អ្នកស្រី អ៊ឹម ស៊ាវលាង បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​អ្នកស្រី​ចូល​សាកសួរ​សុខ​ទុក្ខ​ប្ដី​នោះ ស្រាប់​តែ​ប្តី​ប្រាប់​ថា ចាប់​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ទៅ ពួក​គាត់​ទាំង ២១​នាក់ នឹង​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ដោយ​អត់​អាហារ រហូត​ដល់​មាន​ដំណោះស្រាយ។ អ្នកស្រី​បន្ត​ថា សាច់ញាតិ​ជន​ជាប់​ចោទ​ផ្សេង​ទៀត ក៏​បាន​និយាយ​ដូចៗ​គ្នា​នេះ​ដែរ៖ «ជ្រុល​ថា​ងាប់​ក៏​ងាប់​ទៅ​ចុះ ពីព្រោះ​រស់​នៅ​ប្រទេស​ខ្មែរ​គ្មាន​យុត្តិធម៌​ដដែល ឱ្យ​ងាប់​ទៅ​ចុះ​គាត់​និយាយ​អ៊ីចឹង។ គាត់​បង្អត់​អាហារ​ហ្នឹង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យ​ពួក​គាត់​ផង ពួក​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។ អ្នក​ខ្លះ​បាន​ទៅ​ធ្វើ​បាតុកម្ម​ទាមទារ​ដីធ្លី ទៅ​អ្នក​ខ្លះ​គាត់​អត់​ដឹង​អី​ចេញ​មក​គេ​វ៉ៃ គេ​ចាប់​យក​មក​ហ្មង​អ៊ីចឹង​លោក​ពូ!»

អ្នកស្រី​មាន​ការ​បារម្ភ​ចំពោះ​ប្ដី​អ្នកស្រី និង​អ្នក​ឯ​ទៀត​ជា​ខ្លាំង បន្ទាប់​ពី​ឮ​ដំណឹង​បែប​នេះ ពីព្រោះ​សុខភាព​អ្នក​ទាំង ២១​នាក់​នោះ​មិន​សូវ​ល្អ ហើយ​បរិយាកាស​នៅ​ទីនោះ​អ្នកស្រី​យល់​មិន​សូវ​ល្អ​ដែរ ហើយ​ប្រសិន​បើ​ពួក​គាត់​នាំ​គ្នា​អត់​អាហារ នឹង​អាច​ធ្វើ​ឱ្យ​ស្លាប់​មិន​ខាន។ ចំណែក​អ្នកស្រី​ជំពាក់​បំណុល​គេ ម្យ៉ាង​កូន​រៀន​ផង ហើយ​ទៅ​ថ្ងៃ​មុខ ក្រុមហ៊ុន​នឹង​បញ្ឈប់​ពី​ការងារ​ទៀត។ ដូច​នេះ មិន​មាន​លុយ​កាក់​គ្រប់គ្រាន់​សម្រាប់​មក​ជួប​ប្ដី​ឱ្យ​បាន​ញឹកញាប់​នោះ​ទេ។ តើ​នឹង​អាច​មាន​អ្វី​កើត​ឡើង​ចំពោះ​ប្ដី​អ្នកស្រី និង​អ្នក ២០​នាក់​ផ្សេង​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​ការ​ដោះ​លែង​ពួក​គាត់​នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។