រដ្ឋសភាសម្រេចយកការលើកឡើងរបស់អ្នកពាក់ព័ន្ធដែលជជែកលើសេចក្តីព្រាងច្បាប់សហជីពទៅប្រជុំបន្តរវាងគណៈកម្មការជំនាញនៃរដ្ឋសភា និងរដ្ឋាភិបាល មុននឹងបញ្ជូនទៅគណៈអចិន្ត្រៃយ៍ ដើម្បីកោះប្រជុំក្នុងអង្គប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី១០ ខែមីនា បន្ទាប់ពីធ្វើសិក្ខាសាលាថ្នាក់ជាតិមួយនៅថ្ងៃទី៩ មីនា។ ទោះបីជាមិនទាន់បង្ហាញលទ្ធផល ប៉ុន្តែភាគីយល់ថា ការបើកឱកាសឲ្យមានការជជែក សួរសំណួរ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ជាសញ្ញាល្អ។
ក្រុមសហជីព និងអ្នកពាក់ព័ន្ធនៅតែបង្ហាញការយល់ឃើញផ្សេងគ្នាលើសេចក្តីព្រាងច្បាប់ស្ដីពីសហជីពនេះ។ អ្នកខ្លះមិនទាន់ចង់ឲ្យអនុម័តសេចក្តីព្រាងច្បាប់នេះនៅឡើយទេ ចំណែកមតិខ្លះទៀត ចង់ឃើញរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យបានឆាប់។
សេចក្តីព្រាងច្បាប់ស្ដីពីសហជីពដែលមាន ១៧ជំពូក និង ១០០មាត្រា ត្រូវបានរដ្ឋសភា ផ្តល់ឲ្យអ្នកពាក់ព័ន្ធផ្តល់គំនិតកែលំអបន្ថែមតាមការយល់ឃើញរៀងៗខ្លួន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយនៅមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមីនា។
សិក្ខាសាលានេះមានអ្នកចូលរួមជាង ៣០០នាក់ ដែលមានប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ទទួលបន្ទុកផ្នែកច្បាប់ គឺលោក ប៉ែន បញ្ញា ជាប្រធាននៃកិច្ចពិភាក្សា លោក សុន ឆ័យ ភាគីតំណាងគណបក្សសង្គ្រោះជាតិ និងតំណាងមន្ត្រីរដ្ឋាភិបាល។ ប៉ុន្តែការពិភាក្សានេះ មិនបានលើកយកសេចក្តីព្រាងច្បាប់ដែលគណៈកម្មការចំពោះកិច្ច បានផ្តល់យោបល់មកជជែកទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា សិក្ខាសាលានេះ គឺលើកខ្លឹមសារទាំងស្រុងមកជជែក ដើម្បីទទួលមតិយោបល់អ្នកពាក់ព័ន្ធទៅពិភាក្សាជាមួយតំណាងរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច លោក សុន ឆ័យ ថាការបើកឲ្យមានការជជែកគ្នានៅពេលនេះ ជាសញ្ញាល្អនៃការកែប្រែសេចក្តីព្រាងច្បាប់សហជីព ប៉ុន្តែលោកស្នើគណៈកម្មការជំនាញ យករាល់សំណើរបស់សហជីព និងអ្នកពាក់ព័ន្ធ ទៅជជែកជាមួយក្រសួងការងារ មិនមែនទទួលឯកសារយកទៅទុកចោលទេ៖ «ច្បាប់សហជីពនេះមានសារសំខាន់ណាស់ ជាគោលការណ៍យើងដឹងថា មានពាក់ព័ន្ធអនុសញ្ញាអន្តរជាតិ និងការអនុគ្រោះពន្ធ។ យើងចង់ឲ្យច្បាប់នេះអាចទទួលបានទាំងអស់គ្នា»។
ក្រោយពីស្តាប់អ្នកចូលរួមបញ្ចេញមតិ និងសំណើជាង ២០រូប ដែលមានរយៈពេលជាងមួយម៉ោង មន្ត្រីរដ្ឋាភិបាលមកពីក្រសួងការងារ និងក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺចំណុចមួយចំនួនដែលអ្នកចូលរួមងឿងឆ្ងល់។
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ដែលចូលរួមក្នុងសិក្ខាសាលានេះ ទាមទារឲ្យបញ្ចូលចំណុចមួយចំនួនទៅក្នុងសេចក្តីព្រាងច្បាប់នេះ ដូចជាតម្រូវឲ្យថៅកែរោងចក្រ និយោជក ត្រូវមានប្រាក់តម្កល់ និងបង្ហាញលេខគណនេយ្យនៅធនាគារផ្លូវការទៅក្រសួងការងារ និងបញ្ញត្តិហាមឃាត់មិនឲ្យមេដឹកនាំ ឬមន្ត្រីសហជីព មានតួនាទីនៅក្នុងរដ្ឋាភិបាល ឬជាមន្ត្រីប៉ូលិសទាហាន ជាដើម៖ «រោងចក្រមួយចំនួន និងថៅកែមួយចំនួន ត្រូវបានរត់ចោលកម្មករ ព្រោះគ្មានប្រាក់តម្កល់នៅធនាគារជាតិ ឬរតនាគារ អ៊ីចឹងក្នុងនាមខ្ញុំជាសហជីព ខ្ញុំស្នើឲ្យបញ្ចូលការអនុវត្តច្បាស់លាស់ ថៅកែ និយោជក ព្រោះពេលរោងចក្របិទ កម្មករមួយចំនួនមិនទទួលបានអត្ថប្រយោជន៍របស់ខ្លួនទេ»។
លោក សុន ឆ័យ តំណាងមកពីគណបក្សសង្គ្រោះជាតិ ឯកភាពការលើកឡើងបែបនេះរបស់សហជីព។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនទាន់មានជំហរច្បាស់លាស់របស់ខ្លួនទេ ដោយលោកថ្លែងថា អ្វីដែលសំខាន់ គឺការបំពេញការងាររបស់សហជីព និងការគោរពច្បាប់ជាធរមានឯណោះទេ។
ខណៈសេចក្តីព្រាងច្បាប់ស្ដីពីសហជីពនេះ ផ្តល់សិទ្ធិឲ្យតុលាការការងារដោះស្រាយវិវាទការងារនៅក្នុងវិស័យកាត់ដេរ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ អះអាងនៅពេលនោះថា តុលាការការងារ និងតុលាការពាណិជ្ជកម្ម ត្រូវបានបង្កើតតាំងពីឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ដំណើរការ។
ដោយឡែករដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថ្លែងថា ក្រសួងនៅរក្សាទុកចំនួនសហជីព ៥០%+១ ដែលជាលក្ខខណ្ឌសម្រាប់ធ្វើកូដកម្ម ប៉ុន្តែលោកថា រាល់សំណើនានា ក្រសួងនឹងយកទៅជជែកជាមួយគណៈកម្មការជំនាញរបស់សភា៖ «នៅក្នុង ច្បាប់ការងារគេចែងចេះ កាលណាបងប្អូនធ្វើកូដកម្មដើម្បីទាមទារផលប្រយោជន៍អ្វីមួយ ហើយដែលគិតថា អាចនឹងមានផលកម្រៃ ឬមួយអាចមានផលប្រយោជន៍ដែលកំពុងមាន អ៊ីចឹងថ្ងៃដែលធ្វើកូដកម្ម កម្មករមិនបានទទួលប្រាក់ឈ្នួលទេ អ៊ីចឹងទេគឺប៉ះពាល់ដល់ផលប្រយោជន៍កម្មករដែលជាអ្នកធ្វើផ្ទាល់ អ៊ីចឹងហើយបានជានៅក្នុងច្បាប់នេះចែងថា ឲ្យកម្មករនិយោជិកសម្រេចថា ធ្វើ ឬមិនធ្វើ (កូដកម្ម ឬបាតុកម្ម)»។
មុននឹងមានសិក្ខាសាលាថ្នាក់ជាតិនេះ គណៈកម្មការចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបប្រជុំគ្នា និងផ្តល់យោបល់ទៅលើមាត្រាចំនួន១៧ និង ១១ជំពូក។
សេចក្តីព្រាងច្បាប់ចុងក្រោយដែលវិទ្យុអាស៊ីសេរី ទទួលបាន ក្រុមការងារទាំងពីរព្រមព្រៀងកែប្រែបាន ៦មាត្រា មិនកែប្រែ ៦មាត្រា។ ចំណែកមាត្រាផ្សេងទៀត ក្រុមការងារនៃគណបក្សទាំងពីរ មានគំនិតផ្សេងគ្នា និងស្នើឲ្យបញ្ជាក់លម្អិតពីក្រសួងពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
