ក្រុមសហជីពកម្មករជាង ២០ស្ថាប័ន កាលពីថ្ងៃទី២២ ខែមីនា បានដាក់លិខិតស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំពេលវេលាពិភាក្សាលើសេចក្ដីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា សេចក្ដីព្រាងច្បាប់នេះ មិនទាន់មានការពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយនៃមាត្រាមួយចំនួនដែលជាកង្វល់របស់ក្រុមសហជីពនោះទេ។
លិខិតរបស់ក្រុមសហជីពកម្មករដែលតស៊ូមតិលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នៅតែទទូចសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទៅរដ្ឋសភាពន្យារការអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ថ្វីបើគណៈកម្មការចំពោះកិច្ចបានបញ្ចប់ការពិនិត្យពិភាក្សាលើខ្លឹមសារនៃច្បាប់នេះក្ដី។
តំណាងសហជីពដែលចូលរួមដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា នៅមានមាត្រាចំនួន៦ ដែលសហជីពមានក្ដីបារម្ភនៅក្នុងច្បាប់នេះ ដោយក្នុងមានមាត្រា ១៣ មាត្រា ១៤ មាត្រា ១៩ មាត្រា ២៤ មាត្រា ១៧ និងមាត្រា ៦៥។
លោកបញ្ជាក់ថា មាត្រាទាំងនេះនៅតែមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ព្រោះបានរឹតត្បិតដល់សិទ្ធិចងក្រងសហជីព នឹងប៉ះពាល់ដល់សិទ្ធិរបស់កម្មករនិយោជិត សេរីភាពខាងការបង្កើតសមាគម ការចរចាជាសមូហភាព ការប្រមូលផ្ដុំ និងការបញ្ចេញមតិដែលផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ៖ «ច្បាប់នេះ វាដែលយើងបារម្ភខ្លាំងមាន ៦មាត្រា ដែលគេតម្រូវឲ្យយើងត្រូវរៀបចំបែបលក្ខណៈវិធីការរៀបចំឯកសារពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ឯកសារកុងធនាគារ ឯកសារស្ដីពីប្រភពចំណូលសិទ្ធិក្នុងការធ្វើកូដកម្មជាដើម ហើយបើយើងមិនធ្វើតាមគេយើងមិនអាចរក្សាបញ្ជីការបានទេ»។
តំណាងសហជីពកម្មករលោក អាត់ ធន់ បញ្ជាក់ទៀតថា សហជីពស្ទើរទាំងអស់ចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យក្រុមសហជីពអាចចូលជួបពិភាក្សាអំពីក្ដីកង្វល់របស់សហជីពពីសេចក្ដីព្រាងច្បាប់នេះ។ ខាងភាគីលោកក៏ចង់ឱ្យមានតំណាងចូលរួមផ្ដល់យោបល់នៅរាល់កិច្ចប្រជុំទាក់ទងនឹងច្បាប់ស្ដីពីសហជីពដែរ ដើម្បីឱ្យច្បាប់នេះកាន់តែប្រសើរឡើងមុននឹងសភាសម្រេចអនុម័តច្បាប់នេះ នៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ។
ការដាក់លិខិតរបស់ក្រុមសហជីពជូនលោកនាយករដ្ឋមន្ត្រី នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែមីនា មិនមានការរារាំងពីសមត្ថកិច្ចឡើយ។ ជាងនេះទៀត លិខិតរបស់ក្រុមសហជីពត្រូវបានទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី លោក សេង សាវន់ បានចេញមកទទួលលិខិតរបស់ក្រុមសហជីព ហើយសន្យាយកលិខិតនេះដាក់ជូនប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ៖ «រាល់លិខិតនេះ ខ្ញុំយកដាក់ជូនប្រមុខរដ្ឋាភិបាល ហើយកុំឲ្យក្រុមសហជីពបារម្ភថា លិខិតនេះមិនដល់ដៃប្រមុខរដ្ឋាភិបាលនាយករដ្ឋមន្ត្រី»។
ក្នុងចំណោមមាត្រាចំនួន៦ ដែលសហជីពព្រួយបារម្ភខ្លាំងក្នុងមាត្រា ១៧ និងមាត្រា ៦៥ សហជីពអះអាងថា មាត្រាទាំងនេះប៉ះពាល់ដល់ការបង្កើតសហជីព ការចុះបញ្ជិកាសហជីព ការផ្ដល់អំណាចជ្រុលហួសហេតុដល់អធិការការងារក្នុងការព្យួរ និងមានសិទ្ធិសម្រេចថា កូដកម្មស្របច្បាប់ ឬមិនស្របច្បាប់ និងការពិន័យថ្នាក់ដឹកនាំសហជីព ព្រមទាំងការរាយការណ៍ពីសកម្មភាពចំណូលចំណាយរបស់សហជីពជាដើម។
សហជីពកម្មករដែលតស៊ូមតិលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព រំពឹងថា ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអន្តរាគមន៍ឲ្យមានការកែ ឬលុបចោលទាំងស្រុងនៅមាត្រាដែលមិនប្រក្រតីដែលមានក្នុងសេចក្ដីព្រាងច្បាប់សហជីព ដែលបានរងការរិះគន់ថា មានលក្ខណៈគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់កម្មករ និងសហជីពនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
