សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព នឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី៤ ខែមេសា ក្នុងកិច្ចប្រជុំវិសាមញ្ញខាងមុខ បន្ទាប់ពីគណៈកម្មការអចិន្ត្រៃយ៍ប្រជុំសម្រេច។ ប៉ុន្តែសហជីព និងគណបក្សប្រឆាំងយល់ថា រដ្ឋសភាត្រូវចំណាយពេលច្រើនជាងនេះ ដើម្បីសិក្សាបន្ថែម មុននឹងលើកយកទៅអនុម័តក្នុងកិច្ចប្រជុំសភាពេញអង្គ។
ប្រធានគណៈកម្មការទី៦ ទទួលបន្ទុកផ្នែកច្បាប់នៃរដ្ឋសភា លោក ប៉ែន បញ្ញា មិនធ្វើអត្ថាធិប្បាយច្រើនពីលទ្ធផលនៃកិច្ចប្រជុំទេ ដោយលោកបញ្ជាក់ថា កិច្ចប្រជុំពេលនេះ និងកិច្ចប្រជុំកន្លងមក កែប្រែបាន ២១មាត្រា ប៉ុន្តែលោកនៅតែមិនបញ្ជាក់ពីចំណុចទាំងនោះឡើយ។
កិច្ចប្រជុំនៃគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមីនា ដែលមានទាំងប្រធានគណៈកម្មការ មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ ប៉ុន្តែអវត្តមានប្រធានគណៈកម្មការមួយចំនួនដែលមកពីគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងក្រោយកិច្ចប្រជុំថា គណៈកម្មការអចិន្ត្រៃយ៍ មិនបានជជែកកែលម្អបន្ថែមលើសេចក្ដីព្រាងច្បាប់សហជីពទៀត គឺគ្រាន់តែសម្រេចទទួលយកសេចក្ដីព្រាងច្បាប់នេះ ដាក់ទៅសភាអនុម័ត។
លោក ឈាង វុន ថា លោកមិនពេញចិត្តច្បាប់នេះ ១០០% ទេ ប៉ុន្តែប្រទេសកម្ពុជា នៅពេលនេះ ត្រូវការច្បាប់ស្តីពីសហជីព៖ «បើកាលណាយើងកែប្រែតាមសហជីព ដែលគាត់ទាមទារខ្លាំង គឺអាចប៉ះពាល់នាយទុន គេអាចរត់ចេញពីស្រុកយើង អ៊ីចឹងផលប្រយោជន៍ត្រូវគិតឲ្យដល់គ្រប់ភាគី»។
មុននឹងដល់រដ្ឋសភា ប្រជុំគណៈកម្មការអចិន្ត្រៃយ៍ មានកិច្ចប្រជុំមួយចំនួនបានធ្វើដូចជា ក្រុមការងារចំពោះកិច្ចនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបប្រជុំកែប្រែបានមាត្រាមួយចំនួន និងសម្រួលពាក្យពេចន៍បានខ្លះ។ សិក្ខាសាលាថ្នាក់ជាតិ ដើម្បីជជែក និងទទួលយោបល់កែលម្អពីតំណាងថៅកែរោងចក្រ និងសហជីព បន្ទាប់មកទៀត គឺមានការជួបគ្នារវាងក្រសួងការងារ និងគណៈកម្មការជំនាញរបស់រដ្ឋសភា។
ប្រធានគណៈកម្មការទី៨ ទទួលបន្ទុកការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ថា អ្នកស្រីសោកស្ដាយ។ លោកស្រីឡើងថា ការស្នើសុំរបស់សហជីព ចំនួន ២១ចំណុច ប៉ុន្តែទើបកែប្រែបាន ៦ចំណុច។ អ្នកស្រីបន្តទៀតថា ក្នុងសំណើរបស់សហជីព កាលពីធ្វើសិក្ខាសាលា រដ្ឋមន្ត្រីក្រសួងការងារ មិនបានលើកយកប្រែប្រែបន្ថែម៖ «យើងសោកស្ដាយដោយសារច្បាប់ហ្នឹងនៅចំណុចអវិជ្ជមានតិចតួចទៀតទេ ប៉ុន្តែសភាមិនបានធ្វើចប់មុននឹងអនុម័ត»។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ត្រូវបានក្រុមសហជីព ធ្វើការទាមទារជាញឹកញាប់ឲ្យកែប្រែ ប៉ុន្តែគណៈកម្មការជំនាញរដ្ឋសភា និងរដ្ឋាភិបាលមិនទាន់បានឆ្លើយតបឲ្យបានពេញលេញនៅឡើយទេ។
ប្រធានសហភាពការងារលោក អាត់ ធន់ បង្ហាញការព្រួយបារម្ភ ខណៈសភាបញ្ជាក់ពីពេលវេលាដែលអនុម័តសេចក្ដីព្រាងច្បាប់នេះ។ លោកថា សហជីពនឹងជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែមីនា ដើម្បីសម្រេចថា នឹងធ្វើអ្វីផ្សេងទៀត ដើម្បីឲ្យសេចក្ដីព្រាងនេះមានការផ្លាស់ប្ដូរ។ លោកនិយាយថា ប្រសិនរដ្ឋសភា និងរដ្ឋសភា មិនបានយកចំណុចលើកឡើងរបស់សហជីពសិក្ខាសាលានោះគ្មានន័យអ្វីឡើយ៖ «គិតថា បើសិនពេលនេះ គណៈកម្មការជំនាញមិនមែនជែកក៏ដោយ ប៉ុន្តែគួរថតចម្លងចែកទៅសមាជិកសភា និងរដ្ឋាភិបាលឲ្យបានឃើញពីសំណើរបស់សហជីព»។
តាមបញ្ជាក់ពីលោក ឈាង វុន សេចក្ដីព្រាងច្បាប់នេះ រដ្ឋសភាមិនបញ្ជូនទៅរដ្ឋាភិបាលវិញទេ។ រដ្ឋមន្ត្រីក្រសួងការងារ និងប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ដែលទទួលបន្ទុកធ្វើសេចក្ដីព្រាងច្បាប់នេះ តែងតែអះអាងបានកែប្រែច្រើនតាមសំណើរបស់សហជីព ឬអ្នកពាក់ព័ន្ធ ប៉ុន្តែស្ថាប័នទាំងនេះ មិនបានបង្ហាញឲ្យសាធារណជនបានដឹងពីលទ្ធផលនេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
