ក្រុមសហជីពចំនួន២ ដែលមាននិន្នាការខុសគ្នា គឺសហជីពដែលគាំទ្ររដ្ឋាភិបាល និងក្រុមសហជីពមួយផ្សេងទៀត ដែលតែងតវ៉ារកអត្ថប្រយោជន៍ឲ្យកម្មករ បានជួបពិភាក្សានៅវិមានរដ្ឋសភា និងពិគ្រោះលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។ លោក អាត់ ធន់ រិះគន់ថា ច្បាប់ស្ដីពីសហជីពនេះ គឺមានមាត្រាមួយចំនួននៅតែមិនទាន់កែប្រែ ពោលគឺបានហ៊ុមព័ទ្ធសិទ្ធិសេរីភាពរបស់សហជីព ជាពិសេសមានចរិតរឹតត្បិត។
ក្រុមសហជីពដែលតែងទាមទារអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត កំពុងពិភាក្សាលើក្ដីកង្វល់របស់ខ្លួនជាមួយតំណាងរាស្ត្រសំឡេងភាគច្រើន ដើម្បីស្នើឲ្យមានការដាក់បញ្ចូលការប្រឈមនានា ទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ដែលកំពុងស្ថិតនៅក្នុងដៃនៃរដ្ឋសភានៅពេលនេះ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភា ឲ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ថា ក្រុមសហជីពកំពុងពិភាក្សាពីកង្វល់របស់ខ្លួនជាមួយតំណាងរដ្ឋាភិបាល។ លោកបន្ថែមថា ជំនួបនៅពេលនេះ នៅពុំទាន់សម្រេចជាផ្លូវការនៅឡើយទេ ពោលគឺត្រូវឆ្លងយោបល់ និងពិភាក្សាបន្តទៀតជាមួយគណៈកម្មការចំពោះកិច្ចជាមុនសិន ដែលមានតំណាងពីខាងគណបក្សនយោបាយទាំងពីរ៖ «មិនទាន់កំណត់បានទេ ពីព្រោះគណៈកម្មការចំពោះកិច្ចគឺពេលដែលជួបហើយ គណៈកម្មការចំពោះកិច្ចនៅជជែកគ្នារវាងគណៈកម្មការចំពោះកិច្ចជាមួយគណបក្សដៃគូ»។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ត្រូវបានរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០០៨ ដែលមាន ១៧ជំពូក និង ១០០មាត្រា មានវិសាលភាពគ្របដណ្ដប់លើសហគ្រាសគ្រឹះស្ថានទាំងឡាយណា ដែលស្ថិតនៅក្នុងសហគ្រាស ឬគ្រឹះស្ថានក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។
បើទោះជាបែបណា សេចក្ដីព្រាងច្បាប់នេះ រងការរិះគន់ពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ថាមានលក្ខណៈគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់កម្មករ និងសហជីព។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ ឲ្យដឹងក្រោយពីកិច្ចប្រជុំបិទទ្វារនៅវិមានរដ្ឋសភាថា ថ្វីបើសហជីពដែលមកពីនិន្នាការខុសគ្នា បានន័យថា មានទាំងក្រុមសហជីពដែលគាំទ្ររដ្ឋាភិបាលផង ប៉ុន្តែពួកលោកហាក់មានទិសដៅតែមួយ គឺតស៊ូមតិប្រឆាំងច្បាប់ស្ដីពីសហជីពនេះប្រហាក់ប្រហែលគ្នា។ លោកបន្ថែមថា ច្បាប់នេះពិតជាមានមាត្រាដ៏លើសលប់ មានការរឹតត្បិត រួមទាំងមានលក្ខណៈជ្រៀតជ្រែកផ្នែកហិរញ្ញវត្ថុរបស់សហជីពថែមទៀតផង៖ «មានបីចំណុចដែលសំខាន់ជាងគេគឺនិយាយអំពីការលុបចោទ ឬក៏បិទចោលដោយងាយៗពេក។ មួយទៀត គឺការជ្រៀតជ្រែកផ្នែកហិរញ្ញវត្ថុរបស់សហជីព និងការជ្រៀតជ្រែកការតាក់តែងលក្ខន្តិកៈរបស់សហជីព»។
ជុំវិញកិច្ចពិគ្រោះយោបល់ដែលធ្វើឡើងនៅពេលនេះ ពុំមានវត្តមានពីខាងគណបក្សជំទាស់ទេ។
លោក សុខ ឥសាន និយាយថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ មិនមែនបម្រើឲ្យសេចក្ដីត្រូវការចំពោះតែក្រុមសហជីពឡើយ ពោលគឺច្បាប់នេះ ក៏បម្រើការចាំបាច់ដែរដល់និយោជក និងភាគីពាក់ព័ន្ធដទៃទៀតលើវិស័យវាយនភណ្ឌនេះ។
បច្ចុប្បន្ន កម្ពុជា មានកម្មករបម្រើក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ និងស្បែកជើងប្រមាណ ៧សែននាក់ មានសហជីពមូលដ្ឋានចំនួន៣.២១៤ សហព័ន្ធសហជីពចំនួន៨៤ សហភាពសហព័ន្ធសហជីពចំនួន១៣ និងសមាគមនិយោជកចំនួន៥។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលនៃដំណើរការពិគ្រោះយោបល់ និងជជែកដេញដោលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
