មេធាវី​សកម្មជន​បក្ស​ប្រឆាំង​គ្រោង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ពាក់ព័ន្ធ​សំណុំ​រឿង​​នៅ​​ស្ពាន​នាគ

ដោយ ម៉ម មុនីរតន៍
2016-08-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមត្ថកិច្ច​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ មក​ចូល​រួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
សមត្ថកិច្ច​នាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ មក​ចូល​រួម​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
Photo provided

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ បាន​សម្រេច​ញែក​សំណុំរឿង​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ជា ២​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​​ពី​ឆ្នាំ​២០១៤។ បើ​ទោះ​ជា​បែប​ណា ក្រុម​មេធាវី​ដែល​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង គ្រោង​នឹង​ប្ដឹង​ជំទាស់​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដោយ​យល់​ឃើញ​ថា សាលដីកា​ដែល​បែង​ចែក​សំណុំ​រឿង​នេះ​គឺ​មិន​ត្រឹមត្រូវ។

បណ្ដឹង​សាទុក្ខ​ដែល​ក្រុម​មេធាវី​គណបក្ស​ប្រឆាំង​ថា នឹង​រៀបចំ​ដាក់​ចូល​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​នេះ នឹង​ដំណើរការ​ក្រោយ​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​សម្រេច ដែល​បាន​ញែក​សំណុំរឿង​ក្រោម​បទ​ចោទ​កុប្បកម្ម និង​ដឹកនាំ​បាតុកម្ម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ទៅ​ជា ២​ករណី​ផ្សេង​គ្នា។

លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ជា​ច្រើន​រូប​ផ្សេង​ទៀត ដែល​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ក្នុង​នាម​ជា​មេធាវី​ទាំង​អស់​បាន​មូលមាត់​គ្នា​រួច​ហើយ​គឺ​ត្រូវ​តែ​ប្ដឹង​ទាស់​ទៅ​តុលាការ​ជាន់​ខ្ពស់​ទៀត ដើម្បី​ស្នើ​ឲ្យ​តុលាការ​កំពូល​ពិនិត្យ​លើ​បណ្ដឹង​មោឃភាព​នីតិវិធី​របស់​សកម្មជន​ទាំង ១១​នាក់។ លោក​បន្ត​ថា បណ្ដឹង​សាទុក្ខ​នេះ នឹង​ដាក់​ទៅ​តុលាការ​កំពូល​ភ្លាម ពេល​ណា​សាលាឧទ្ធរណ៍​ចេញ​សាលដីកា​រឿង​មោឃភាព​នីតិវិធី និង​សំណុំរឿង​លើ​អង្គ​សេចក្ដី​រួច៖ «នីតិវិធី​កាល​ណា​បើ​មោឃភាព នៅ​ក្នុង​សាលក្រម​តែ​មួយ បើ​មោឃភាព​គឺ​ត្រូវ​តែ​មោឃភាព​ទាំង​អស់​ហើយ។ ប៉ុន្តែ​សាលាឧទ្ធរណ៍​ទទួល​ស្គាល់​ថា ៥​នាក់ ដែល​មិន​បាន​ប្ដឹង​ធ្វើ​មោឃភាព​ហ្នឹង អ៊ីចឹង​គេ​ទទួល​ស្គាល់​តែ ៦​នាក់​ទេ»

ជុំវិញ​ភាព​ចម្រូងចម្រាស​នេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បាន​សម្រេច​ចេញ​សេចក្ដី​សម្រេច​ដោយ​ញែក​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ទៅ​ជា ២​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​ទី​១ ជា​បណ្ដឹង​មោឃភាព​នីតិវិធី និង​សំណុំរឿង​មួយ​ទៀត គឺ​ជា​សំណុំរឿង​លើ​អង្គ​សេចក្ដី។

យ៉ាង​ណា ក្រុម​មេធាវី​ចាត់​ទុក​ថា នេះ​ជា​មន្ទិល​សង្ស័យ​ដែល​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​សភា​ស៊ើបសួរ​លើក​យក​បណ្ដឹង​មោឃភាព​នីតិវិធី​តែ​សកម្មជន ៦​រូប​មក​ជំនុំជម្រះ ហើយ​ដាក់​ក្នុង​មោឃភាព​នីតិវិធី។ ដោយ​ឡែក ក្រៅ​ពី​នេះ នៅ​មាន​សកម្មជន​គណបក្ស ៥​រូប​ផ្សេង​ទៀត បែរ​ជា​ទុក​ចោល​ទៅ​វិញ។ សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ពុំ​មាន​ឈ្មោះ​នៅ​ក្នុង​មោឃភាព​នីតិវិធី រួម​មាន​លោក មាជ សុវណ្ណរ៉ា និង​លោក អឿ ណារិទ្ធ ជាដើម។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១១​នាក់ ត្រូវ​បាន​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ចាប់​ពី ៧ ទៅ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ចូលរួម​កុប្បកម្ម និង​ដឹកនាំ​បាតុកម្ម ដែល​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​លើ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​សាលក្រម​ដែល​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ គឺ​នៅ​ថ្ងៃ​សវនាការ​ពុំ​មាន​វត្តមាន​មេធាវី​ឡើយ។ ភ្លាមៗ​ក្រោយ​​ពី​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ ក្រុម​មេធាវី​បាន​ដាក់​បណ្ដឹង​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍។

ផ្អែក​នីតិវិធី​ក្នុង​បទល្មើស​ឧក្រិដ្ឋ ជា​ចាំបាច់​ត្រូវ​មាន​វត្តមាន​មេធាវី​នៅ​ចំពោះ​មុខ​ក្នុង​ពេល​សវនាការ។ អាស៊ីសេរី ពុំ​អាច​សុំ​ប្រតិកម្ម​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។

ជុំវិញ​រឿង​នេះ លោក អំ សំអាត ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ភាព​ខ្វះ​ចន្លោះ​នេះ​លោក​មិន​ដឹង​ថា តើ​ជា​កំហុស​ខាង​ណា​ឲ្យ​ប្រាកដ​ឡើយ។ ប៉ុន្តែ​បើ​តាម​លោក​ដឹង​គឺ​ក្រុម​មេធាវី​បក្ស​ប្រឆាំង បាន​ដាក់​បណ្ដឹង​មោឃភាព​នីតិវិធី​នេះ​ទាំង ១១​នាក់​រួច​ហើយ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​លោក​ចៅក្រម ឃើញ​មាន​ឈ្មោះ​តែ ៦​នាក់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ផ្អែក​តាម​នីតិវិធី កាល​បើ​មាន​សំណុំរឿង គឺ​តុលាការ​ត្រូវ​ពិចារណា​ដំណើរការ​ក្ដី និង​មិន​ផ្អឹប​ករណី​ទុក​ដូច្នេះ​ទេ៖ «ខ្ញុំ​មិន​ថា កំហុស​ខាង​ណា​ទេ ប៉ុន្តែ​បើ​មាន​បណ្ដឹង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​អស់ ត្រូវ​តែ​លើក​មក​ឲ្យ​បាន​អស់។ ប៉ុន្តែ​ការ​លើក​ឡើង​ក្នុង​ហ្នឹង​គឺ​យើង​ឥត​បាន​ឃើញ​សាលាឧទ្ធរណ៍​លើក​យក​ បណ្ដឹង​ទាំង ១១​នាក់​ហ្នឹង​មក​និយាយ​ទេ លើក​តែ ៦​នាក់»

ផ្អែក​នីតិវិធី ការ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដែល​មិន​ពេញ​ចិត្ត​ទៅ​លើ​ការ​សម្រេច​ណា​មួយ គឺ​ទុក​ពេល​ឲ្យ ១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ចេញ​សាលដីកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល