សកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ដែលទំនងថា ជាមនុស្សបន្ទាប់ នឹងត្រូវអាជ្ញាធរចាប់ខ្លួនក្នុងសំណុំរឿងអំពើហិង្សាក្បែរស្ពាននាគ អះអាងថា លោកបានទទួលដំណឹងពីការចាប់ខ្លួនដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញដីកាចាប់ខ្លួនពីតុលាការនៅឡើយទេ។
ការអះអាងនេះ គឺនៅពេលដែលកាសែតក្នុងស្រុកបានចុះផ្សាយថា មានសកម្មជនចំនួន ២នាក់បន្ថែមទៀតហើយដែលត្រូវតាមចាប់ខ្លួន។ តួលេខនេះ នឹងធ្វើឲ្យចំនួនអ្នកដែលត្រូវតាមចាប់ខ្លួនអាចមានចំនួន ៤នាក់ទៀត នៅពេលដែលសកម្មជនចំនួន ១៤នាក់ហើយកំពុងឋិតនៅក្នុងឃុំ។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកថា ប្រសិនបើតុលាការក្រុងភ្នំពេញ បន្តចំណាត់ការដូចនេះ បញ្ជាក់ថា នឹងជំរុញឲ្យតុលាការបាត់បង់ជំនឿចិត្តលើនីតិវិធីរបស់ខ្លួនពីសាធារណជនកាន់តែខ្លាំងណាស់ដែរ។
មេធាវីក្ដីឲ្យជនជាប់ចោទបញ្ជាក់ថា ព័ត៌មានជុំវិញនៃការចាប់ខ្លួនពិតប្រាកដរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌ កាលពីខែកក្កដា ឆ្នាំ២០១៤ គិតមកដល់ពេលនេះ នៅពុំទាន់ជាផ្លូវការនៅឡើយទេ ខណៈមន្ត្រីតុលាការក្រុងភ្នំពេញ បដិសេធក្នុងការផ្ដល់ការអត្ថាធិប្បាយលម្អិតអំពីចំណាត់ការរបស់ខ្លួននេះ។
មេធាវីការពារក្ដីរបស់គណបក្សសង្គ្រោះជាតិ និងជាទីប្រឹក្សារបស់អនុប្រធានគណបក្សសង្គ្រោះជាតិផង គឺអ្នកស្រី ម៉េង សុភារី ឲ្យដឹងថា សំណុំរឿង ៥នាក់ដែលត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាតាមខ្លួនកាលពីថ្ងៃទី៤ កន្លងទៅនេះ គឺជាសំណុំរឿងជាប់ពាក់ព័ន្ធនឹងតំណាងរាស្ត្ររបស់គណបក្សជំទាស់ ៧រូបដែរ។
ជំនួយការរបស់លោក គង់ សុភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង គឺលោក អូន ពៅ ហៅ ករុណា ពៅ ដែលជាយុវជនម្នាក់ក្នុងចំណោមសកម្មជនគណបក្សប្រឆាំង ៥នាក់ ដែលសង្ស័យថា មានក្នុងបញ្ជីឈ្មោះដែលត្រូវចាប់ខ្លួនដែរនោះ ឲ្យដឹងនៅថ្ងៃទី៩ ខែសីហា ថា គិតមកដល់ពេលនេះ លោកនៅពុំទាន់មានដីកាណាមួយត្រូវបានគេបញ្ជូនមក ដូចព័ត៌មានថា នឹងមានការចាប់ខ្លួននៅឡើយទេ។
បើទោះជាបែបណា លោក អូន ពៅ បន្តថា ថ្វីបើពុំមានដីកាដូចព័ត៌មានដែលបានចុះផ្សាយក្ដី ក៏ចៅសង្កាត់បានព្យាយាមប្រមូលប្រវត្តិរូបពីគ្រួសាររបស់លោក ដំណាលគ្នានឹងការចាប់ខ្លួនសកម្មជន ៣នាក់មុននេះដែរ។ លោកបន្ថែមថា ប្រសិនបើមានការចាប់ខ្លួនមែន នឹងមិនខ្លាច ឬតក់ស្លុតណាមួយឡើយ៖ «គោលជំហររបស់ខ្ញុំគឺឥតភ័យខ្លាច ការគំរាមកំហែងរបស់លោក ហ៊ុន សែន ទេ។ ប្រាប់ឲ្យច្បាស់បញ្ហាអស់ទាំងហ្នឹង។ ខ្ញុំចាត់ទុកថា រឿងនេះគឺជារឿងដដែលទេ»។
ក្នុងចំណោមយុវជន ៥នាក់ បន្ថែមនោះមាន ៣នាក់ហើយ ត្រូវបានចៅក្រមចេញដីកាឃុំខ្លួននៅពន្ធនាគារបណ្ដោះអាសន្ន និង ២នាក់ទៀត សមត្ថកិច្ចកំពុងស្វែងចាប់ខ្លួន។
ជុំវិញរឿងនេះ មន្ត្រីនាំពាក្យរបស់តុលាការក្រុងភ្នំពេញ លោក លី សុផាន់ណា បានបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិត ជុំវិញការអនុវត្តច្បាប់របស់តុលាការនេះ ដោយបង្វែរសំណុំរឿងឲ្យទៅសួរលោក កែវ មុនី ចៅក្រមស៊ើបសួរក្រុងភ្នំពេញ ដែលទទួលបន្ទុកក្នុងសំណុំរឿងនេះវិញ។
កាសែតក្នុងស្រុកបានចុះផ្សាយថា មានយុវជនគណបក្សសង្គ្រោះជាតិ ២នាក់បន្ថែមទៀត ត្រូវបានតុលាការចេញដីកាចាប់ខ្លួន។ ចំនួននេះ នឹងធ្វើឲ្យអ្នកដែលត្រូវចាប់ខ្លួនមានចំនួន៤នាក់។ បើទោះជាបែបណា មេធាវីការពារក្ដីឲ្យជនជាប់ចោទបានអះអាងថា អាចនឹងមានមនុស្សច្រើនជាងនេះបន្ថែមទៀត ដែលនឹងត្រូវចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿងចូលរួមអំពើកុប្បកម្ម កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ ក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ។
មេធាវីការពារក្ដីឲ្យជនជាប់ចោទគឺអ្នកស្រី ម៉េង សុភារី ថ្លែងថា សំណុំរឿងសកម្មជនដែលត្រូវតុលាការចេញដីកាតាមចាប់ខ្លួនក្រោយនេះទៀត គឺជាសំណុំរឿងចាស់តែមួយជាមួយនឹងសំណុំរឿងរបស់អ្នកតំណាងរាស្ត្រទាំង ៧នាក់មុន ដែលតុលាការមិនទាន់បានបិទបញ្ចប់ ហើយបន្តស៊ើបអង្កេតនៅឡើយ៖ «អ្នកក្រោយដែលគេចាប់ក្រោយនេះ គឺស្ថិតក្នុងសំណុំរឿងចាស សំណុំរឿងដើម ហើយមិនដឹងថា តុលាការត្រូវបំបែកចេញពីហ្នឹងទៀត ឬអត់ទេ? ប៉ុន្តែបច្ចុប្បន្នគឺស៊ើបក្នុងសំណុំរឿងដើមហ្នឹង»។
លោក អំ សំអាត មន្ត្រីអង្គការលីកាដូ កត់សំគាល់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ធ្វើឡើងហាក់ពិបាកជឿទុកចិត្តណាស់ ដោយសារតែចំណាត់ការរបស់តុលាការនេះ គឺពុំបានបើកការស៊ើបអង្កេតឲ្យបានល្អិតល្អន់ ក្រៅពីផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច៖ «ទាក់ទង នឹង២នាក់ក្រោយដែលមានទៅសួរនាំរឿងសាវតារនេះ យើងគិតថា អាចសួរនាំ ហើយចេញដីកាចាប់ខ្លួន តាមសាវតារជាតិហ្នឹង ដែលសមត្ថកិច្ចកសាងសាវតារជាតិហ្នឹង ហើយបញ្ជូនទៅតុលាការ ដើម្បីចេញដីកាចាប់ខ្លួន។ ទាំងនេះយើងដែលឃើញកន្លងមកអ៊ីចឹង បានយើងគិតថា បើទិដ្ឋភាពបែបនេះមែន តើគួរឲ្យយើងជឿជាក់ប៉ុណ្ណា»។
សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១១នាក់ហើយ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លឹម មករន្ទ ផ្ដន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី ៧ ទៅ ២០ឆ្នាំ ក្រោមបទចោទដឹកនាំ និងចូលរួមក្នុងអំពើកុប្បកម្ម ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
